ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅថ្ងៃទី២២ ខែធ្នូ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនេះត្រូវបានកោះប្រជុំបន្ទាប់ពីការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ នៅថ្ងៃទី១១ ខែធ្នូ ខណៈភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្លាយជាក្ដីបារម្ភក្នុងតំបន់។
យោងតាមក្រសួងបានឱ្យដឹងថា៖ «កិច្ចប្រជុំពិសេសនេះនឹងពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ ក្នុងគោលដៅបង្កើនការយោគយល់ ពីគ្នា និងជំនឿទុកចិត្តទៅវិញទៅមក ជំរុញការបន្ថយភាពតានតឹង និងស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ»។
ក្រសួងបានបន្ដថា៖ «កម្ពុជានឹងបញ្ជាក់ជាថ្មីឡើងវិញនូវគោលជំហរយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយទំនាស់និងជម្លោះទាំងឡាយ តាមគ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន»។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា នៅខាងក្រៅកិច្ចប្រជុំ លោក ប្រាក់ សុខុន ក៏ត្រូវបានគេរំពឹងថានឹងធ្វើការពិភាក្សាទ្វេភាគីជាមួយសមភាគីអាស៊ានរបស់លោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញវិធានការកសាងទំនុកចិត្តផងដែរ។
ក្រសួងបានបន្ថែមថា ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំអាស៊ានពិសេសនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសន្តិភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់ មជ្ឈភាព និងឯកភាពអាស៊ាន ដែលនឹងពង្រឹងដល់ការរួមចំណែកដ៏យូរអង្វែងរបស់អាស៊ានចំពោះ សហគមន៍អន្តរជាតិទាំងមូលផងដែរ៕

