ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន នៅថ្ងៃទី១៧ ខែធ្នូ បានរំឭកឡើងវិញនូវជម្លោះជាមួយប្រទេសជិតខាង និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនសតវត្សរ៍មកហើយ និងជំរុញឱ្យមានឯកភាពជាតិ និងជំនឿលើច្បាប់អន្តរជាតិ ខណៈភាពតានតឹងនៅតែបន្តកើតមានតាមបណ្តោយព្រំដែន។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យខេមតិច លោក ណារ៉ុន បានឱ្យដឹងថា ស្ថានភាពព្រំដែនបច្ចុប្បន្នត្រូវតែយល់តាមរយៈប្រវត្តិសាស្ត្រ និងកិច្ចព្រមព្រៀងផ្លូវច្បាប់ ដោយព្រមានថា ការបែកបាក់ក្នុងចំណោមប្រជាជនកម្ពុជានឹងធ្វើឱ្យប្រទេសចុះខ្សោយនៅពេលដ៏សំខាន់មួយ។
លោកបានកំណត់ការអប់រំ និងចំណេះដឹងជាឧបករណ៍រយៈពេលវែងសម្រាប់ការពារអធិបតេយ្យភាព និងរក្សាការអភិវឌ្ឍជាតិ ក្រោមចក្ខុវិស័យរបស់រដ្ឋាភិបាល។
លោកបានប្រាប់និស្សិតបញ្ចប់ការសិក្សាថា៖ «គួរឱ្យសោកស្ដាយ បញ្ហាព្រំដែនបានកើតឡើង។ ប្អូនៗត្រូវគិតថា តើហេតុអ្វីបានជាមានបញ្ហាព្រំដែនកើតឡើង។ យើងដឹងថា កម្ពុជា និងថៃជាប្រទេសជិតខាងគ្នា»។
លោក ណារ៉ុន បានរំឭកថា អរិយធម៌របស់កម្ពុជាមានតាំងពីសតវត្សរ៍ទី១ នៃគ.ស. ហើយបានរីកចម្រើនក្នុងសម័យអង្គរចាប់ពីសតវត្សរ៍ទី៩ ដោយកសាងវប្បធម៌ខ្ពស់ដែលមានឫសគល់នៅក្នុងព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា និងសំស្ក្រឹត។
ផ្ទុយទៅវិញ លោកបាននិយាយថា រដ្ឋសៀមបានលេចចេញនៅពេលក្រោយ បន្ទាប់ពីការធ្វើចំណាកស្រុករបស់ជនជាតិតៃពីភាគខាងត្បូងប្រទេសចិន និងការបង្កើតមជ្ឈមណ្ឌលអំណាចនៅខេត្តឈុនបុរី និងអយុធ្យារវាងសតវត្សទី១៣ និងទី១៥។ប្រទេសសៀមចាប់ផ្ដើមមានទំនាស់ជាមួយអាណាចក្រខ្មែរ ឈានទៅដល់ការធ្វើសង្គ្រាម ហើយជាបន្ដបន្ទាប់ប្រទេសសៀមបានលេបយកទឹកដីមួយចំនួន ជាពិសេសខេត្ដជាង១៥ របស់អាណាចក្រខ្មែរ។
សង្គ្រាមនេះបានបន្ដរហូតដល់សតវត្សរ៍ទី១៩ នៅពេលប្រទេសបារាំងបង្កើតជាអាណាព្យាបាលលើកម្ពុជា ព្រះបាទអង្គឌួង និងព្រះបាទនរោត្ដម បានស្នើសុំបារាំងធ្វើជាអាណាព្យាបាលដើម្បីការពារប្រទេសកម្ពុជា។
លោកបានថ្លែងថា៖ «យើងបានចុះនូវកិច្ចព្រមព្រៀងនៅឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងការរៀបចំជាផែនទីនៅឆ្នាំ១៩០៨ ដើម្បីបង្កើតឱ្យមានព្រំដែនមួយឈរលើមូលដ្ឋាននៃច្បាប់អន្ដរជាតិ»។
លោក ណារ៉ុន បានបន្ដថា៖ «ប៉ុន្ដែប្រទេសសៀមក្នុងឆ្នាំ១៩៣២ បានធ្វើបដិវត្ដន៍មួយដោយប្ដូរឈ្មោះពីសៀមទៅថៃឡង់ ហើយក្រោយសង្គ្រាមលោកលើកទី២ ជាពិសេស ក្នុងឆ្នាំ១៩៥៩ ក៏មានជម្លោះព្រំដែនកើតឡើងក្នុងតំបន់ប្រាសាទព្រះវិហារ»។
លោកបានរំឭកថា សម្ដេចព្រះនរោត្ដម សីហនុ បានប្ដឹងទៅតុលាការអន្ដរជាតិក្រុងឡាអេ ហើយនៅក្នុងឆ្នាំ១៩៦២ កម្ពុជាក៏ទទួលបានជោគជ័យ ដែលតុលាការអន្ដរជាតិបានប្រកាសថា ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីកម្ពុជា។
នោះជាមូលហេតុដែលភាគីថៃមិនទទួលស្គាល់ព្រំដែន និងបានគូសផែនទីជាឯកតោភាគី ដែលបង្កជាជម្លោះបន្ថែមទៀតរវាងប្រទេសជិតខាងទាំងពីរ។
លោករដ្ឋមន្ដ្រីបានថ្លែងថា៖ «នៅឆ្នាំ២០០០ កម្ពុជា និងថៃធ្វើកិច្ចព្រមព្រៀងនៃការយោគយល់ (MoU) ទទួលសិទ្ធិសញ្ញាព្រំដែនឆ្នាំ១៩០៤ និង១៩០៨ ចំពោះផែនទី ១/២០០,០០០ ដែលបារាំងគូសឱ្យក្នុងឆ្នាំ១៩០៨ ដោយរដ្ឋាភិបាលសៀមជាច្រើនជំនាន់ទទួលស្គាល់»។
លោកបានបន្ថែមថា៖ «ប៉ុន្ដែក្រោយការចាញ់ក្ដីនៅទីក្រុងឡាអេ សៀមគូសឯកតោ ដែលមិនឈរលើគោលការណ៍នៃច្បាប់អន្ដរជាតិនោះទេ»។
លោកក៏បានរៀបរាប់អំពីនីតិវិធីដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី និងបោះបង្គោលព្រំដែនដោយគណកម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរ។
យ៉ាងណាមិញ ប្រទេសថៃមិនជ្រើសរើសប្រើច្បាប់អន្ដរជាតិទេ តែជាកម្លាំងយោធាដោយផ្អែកលើផែនទីឯកតោភាគី។
លោក ណារ៉ុន បានស្នើឱ្យប្រជាជនកម្ពុជាទុកចិត្ដការដោះស្រាយរបស់រាជរដ្ឋាភិបាល ពីព្រោះប្រទេសថៃចង់ឱ្យខ្មែរបែកបាក់ ចង់ឱ្យកម្ពុជាខ្សោយ។
លោកលើកទឹកចិត្ដឱ្យសិស្ស-និស្សិតខិតខំសិក្សារៀនសូត្រ ប្រើប្រាស់ចំណេះដឹងអភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកបានថ្លែងថា៖ «មានតែការប្ដេជ្ញាចិត្ដទាំងអស់នេះ ទើបប្អូនៗអាចប្រែក្លាយពីការឈឺចាប់ ស្ថានភាពវិបត្ដិនេះទៅជាឧត្ដមភាពសម្រាប់កម្ពុជា។ យើងដឹងហើយថា កម្ពុជាឆ្លងកាត់សង្គ្រាមជាច្រើន ដែលប៉ះពាល់ដល់ឱកាសនៃការអភិវឌ្ឍន៍។ យើងជឿជាក់ថា យើងអាចដោះស្រាយជម្លោះព្រំដែននេះ តាមរយៈការរួបរួមគ្នា សាមគ្គីភាព ជាចង្កិះមួយបាច់ បន្ដខិតខំប្រឹងប្រែងពង្រឹងចំណេះដឹង»៕

