លួចអាគុយនិងដែកបង្កាន់ដៃផ្លូវល្បឿនលឿនសូម្បីឧបករណ៍ការពារលើផ្លូវក៏ចោរហារយមិនប្រណីដែរ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លួចអាគុយនិងដែកបង្កាន់ដៃផ្លូវល្បឿនលឿនសូម្បីឧបករណ៍ការពារលើផ្លូវក៏ចោរហារយមិនប្រណីដែរ

 ខេត្តកំពង់ស្ពឺ ៖ ករណីចោរហារយបានកើតឡើងនៅលើផ្លូវល្បឿនលឿន ដោយមានក្រុមចោរបានធ្វើសកម្មភាពលួចអាគុយកាមេរ៉ាសុវត្ថិភាព និងលួចដែកបង្កាន់ដៃផ្លូវល្បឿនលឿន យកទៅលក់បន្តនៅកន្លែងទិញអេតចាយមួយក្នុងស្រុកភ្នំស្រួច ។ ករណីនេះត្រូវបានបកស្បែក ដោយកម្លាំងនគរបាលប៉ុស្តិ៍ឃុំយាយម៉ៅពេជ្រនិល និងនគរបាលស្រុកភ្នំស្រួចព្រមទាំងកំពុងស្រាវជ្រាវរកអ្នកទទួលទិញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាយម៉ៅពេជ្រនិល បានធ្វើការល្បាតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៦-១០៧ ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានប្រទះឃើញជនសង្ស័យ១នាក់ភេទប្រុស ជិះម៉ូតូ១គ្រឿង (ម៉ូតូស៊េរីចាស់) ពាក់ផ្លាកលេខ សៀមរាប 1A-9933 ដឹកអាគុយ២០០អំពែ ជិះចូលផ្ទះទិញ-លក់អេតចាយ និងទទួលបញ្ចាំម៉ូតូមួយកន្លែង ដែលស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ។

ក្រោយមានការសង្ស័យ កម្លាំងនគរបាលបានជិះតាមនិងចូលសួរនាំជនសង្ស័យខាងលើ និងចូលសួរម្ចាស់ផ្ទះ ក៏បានឃើញមានដែកបង្កាន់ដៃផ្លូវល្បឿនលឿន និងបង្គោលរបងថ្ម ចំនួន៦ដើម ទើបកម្លាំងនគរបាលបានទូរស័ព្ទប្រាប់រដ្ឋបាលផ្លូវល្បឿនលឿនឲ្យមកមើលអាគុយ និងដែកទាំងអស់នោះ ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបន្តឱ្យដឹងថា ពេលរដ្ឋបាលផ្លូវល្បឿនលឿនមកដល់បានបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ រដ្ឋបាលបានជិះរថយន្តល្បាតលើផ្លូវល្បឿនលឿនចន្លោះបង្គោលគីឡូម៉ែត្រលេខK90 ទៅលេខK95 ឃើញបាត់ដែកបង្កាន់ដៃផ្លូវ និងអាគុយកាមេរ៉ាសុវត្ថិភាព ហើយបានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាយម៉ៅពេជ្រនិល តែមិនបានដាក់ពាក្យ បណ្ដឹងជាលាយល័ក្ខណ៍អក្សរនៅឡើយទេ ។ រដ្ឋបាលរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនទើបដាក់ពាក្យ បណ្ដឹងស្ដីពីការបាត់សម្ភារៈ នៅថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៥ ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបន្តឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងរួចមក កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនគរបាលស្រុកភ្នំស្រួច និងកម្លាំងនគរបាលប៉ុស្តិ៍ បានហៅជនសង្ស័យឈ្មោះ ហម ហឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល (មិនទាន់បង្ហាញរូបទេ) យកមកសាកសួរនៅប៉ុស្តិ៍នគរបាលឃុំយាយម៉ៅពេជ្រនិល ។

ជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួនបានទិញអាគុយខាងលើពីឈ្មោះ រ័ត្ន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ក្នុងតម្លៃ៩០០០០រៀល ហើយក៏បានយកអាគុយនោះទៅលក់នៅផ្ទះរបស់ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៧៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ដែលទទួលបញ្ចាំនិងទិញអេតចាយ ពិតប្រាកដមែន (នគរបាលមិនទាន់បង្ហាញរូបថតជនសង្ស័យទេ) ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ករណីខាងលើនេះកំពុងតែធ្វើការស្រាវជ្រាវចាប់ចោរបន្តទៀតនិងចាំក្រសោបអ្នកទទួលទិញ ។ សម្ភារៈដែលបានឃើញជាក់ស្តែងនិងយកទៅរក្សាទុករួមមានម៉ូតូចំនួន៦គ្រឿង និងដែកចម្រឹងបង្អួចចំនួន១៣គ្រោង យករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាយម៉ៅពេជ្រនិល ។ ចំណែកវត្ថុតាងរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿននគរបាលបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមហ៊ុនវិញហើយ ។

ករណីខាងលើនេះ កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ។

ឱ ! ចោរហារយអើយ…ពិតជាលួចគ្មានប្រណីមែន សូម្បីឧបករណ៍ការពារផ្លូវល្បឿនលឿនក៏លួចគ្មានប្រណីដែរ…ហេ ! ហេ !៕






Post a Comment (0)
Previous Post Next Post