សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាធ្វើ​យុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាធ្វើ​យុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក

 សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជានឹងរៀបចំ «យុទ្ធនាការ​លើកទី៣ ដើម្បីគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក ដែលរង​គ្រោះដោយសារការឈ្លានពានពីយោធាថៃ» នៅតាមបណ្ដាខេត្តជាប់​ព្រំដែន។



សមាគមននឹងបង្វែរទិសដៅ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជាខេត្តជាប់ព្រំដែនប្រទេសថៃដែលមានចំនួនជន​ភៀស​សឹកច្រើនជាងគេបង្អស់ គឺជាង៥ម៉ឺនគ្រួសារ ស្មើនឹងជាង​១៧ម៉ឺននាក់។ ​យុទ្ធនាការ​លើកទី១ និង​ទី២ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ព្រះវិហារ។

លោកស្រី អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានគូសបញ្ជាក់ថា ការឈ្លានពានដោយកម្រោលនិងឥតរើសមុខពីសំណាក់យោធាថៃ នៅតាមខេត្តជាប់បណ្ដោយព្រំដែនកម្ពុជា-ថៃ បានបង្ខំឲ្យ​ប្រជាជន​ច្រើនជាងកន្លះលាននាក់ ចាកចេញពីលំនៅស្ថានរបស់ខ្លួនមករស់​នៅ​ទីតាំងមានសុវត្ថិភាព ក្រោមជំនួយរបស់អាជ្ញាធរ​មាន​សមត្ថ​កិច្ច។

ក្រៅពីតម្រូវការជំនួយជាស្បៀង និងសម្ភារៈបរិក្ខា បម្រើដល់​ការ​រស់នៅប្រចាំថ្ងៃ បងប្អូនជនភៀសសឹកទាំងអស់ ជាពិសេសស្ដ្រី និងកុមារ ទទួលរងនូវការប៉ះពាល់ផ្លូវចិត្ត បន្ទាប់ពីត្រូវជម្លៀសចេញ​ពីផ្ទះ​សម្បែង និងមួយចំនួនត្រូវព្រាត់ប្រាស ឬបាត់បង់គ្រួសារ​ជាដើម។លោកស្រី​ថា​ តាមរយៈយុទ្ធនាការនេះ សមាគមនឹងចុះជួយភៀសសឹក ដោយ​រៀប​ចំសកម្មភាពមួយចំនួនដូចជា ផ្តល់វិធីសាស្ត្រអប់រំផ្លូវចិត្ត លើក​កម្ពស់សុខភាពផ្លូវចិត្តក្នុងព្រឹត្តិការណ៍សង្រ្គាម ផ្តល់ការ​ឧបត្ថម្ភសម្ភារៈផ្សេងៗ និង​ រៀបចំកម្មវិធីលេងកម្សាន្តដល់កុមារ​មក​ពីតំបន់រងគ្រោះ។

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា អំពាវនាវដល់អតីត​ប្រតិភូគ្រប់ជំនាន់ និងសាធារណជនទូទៅ សូមចូលរួមយុទ្ធនាការ​គាំពារសុខភាពផ្លូវចិត្តជនភៀសសឹក តាមរយៈការបរិច្ចាគថវិកា ឬសម្ភារៈ និងចូលរួមដោយផ្ទាល់ ដើម្បីផ្តល់ការគាំទ្រ ផ្ដល់កម្លាំងចិត្ត និងសេចក្ដីស្រឡាញ់ ដល់​បងប្អូន​ជន​ភៀសសឹក ដែលកំពុងទទួលរងផលប៉ះពាល់សុខភាពផ្លូវចិត្ត។

អ្នក​មានចិត្ត​បរិច្ចាគ​​អាចទាក់ទង​តាមរយៈលេខទូរសព្ទ 093 719 013៕

Post a Comment (0)
Previous Post Next Post