ភ្នំពេញៈ ចំនួនពលរដ្ឋស្លាប់ដោយសារសង្រ្គាមឈ្លានពានបានកើនឡើងដល់ ១៧នាក់ និងរបួសចំនួន៧៧នាក់ គិត ម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយពីមានពលរដ្ឋស្លាប់ចំនួន២នាក់បន្ថែមទៀតនៅខេត្តកោះកុង ក្នុងមណ្ឌលសុវត្ថិភាព និងរបួសចំនួន២នាក់ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។
ក្រសួងមហាផ្ទៃបានឱ្យដឹងថា ចំណែកឯចំនួនជនភៀសសឹក បានកើនឡើងដល់ ១៣១ ៦៧២គ្រួសារ ស្មើនឹង ៤៣៨ ៩៥៣នាក់ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង សៀមរាប និងកំពត។ ក្នុងនោះស្ត្រីមាន ២២៥ ៥៧២នាក់ និងកុមារមាន ១៣៤ ៦០២នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់។
ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលជាច្រើន។ ក្នុងនោះរួមមាន៖ ការខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង បន្ថែមទៀត។ គិតពីថ្ងៃទី៧ ខែធ្នូ រហូតមកដល់ម៉ោង៦ល្ងាចថ្ងៃទី១៦ ធ្នូនេះ ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ៥១ខ្នង សាលារៀន១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ។
ក្រៅពីនេះក៏មាន អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ៣ខ្នង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង១ទីតាំង មធ្យោបាយដឹកជញ្ជូន៥គ្រឿង ឃ្លាំងទិញដំឡូង១ទីតាំង និងស្ពានបុរាណ១កន្លែង។ លើសពីនេះ សេវា ជាមូលដ្ឋាន ដូចជា រដ្ឋបាល សុខាភិបាល និងអប់រំតាមក្រុង ស្រុក ឃុំ-សង្កាត់ ក៏បានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារមកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។
ក្រសួងការពារជាតិបានឱ្យដឹងថា នៅម៉ោង៦ និង២៥នាទីព្រឹកថ្ងៃពុធនេះ យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់៕

