កសិករនៅតាមស្រុកគោលដៅទាំង៧ ក្នុងខេត្តបាត់ដំបងបានចាប់ផ្តើមប្រមូលទិន្នផលពោតក្រហមចូលទីផ្សារ។
តម្លៃពោតក្រហមក្នុងរដូវប្រមូលផល មិនមានតម្លៃខុសគ្នាច្រើនទេតាមស្រុកគោលដៅទាំង ៧ ក្នុងខេត្តបាត់ដំបង។ យ៉ាងណាមិញ បើតាមប្រភពពីកសិករ ការប្រមូលផលមានថយចុះ ក្រោយរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា។អ្នកស្រី សួន សុីថាវ បានដាំដំណាំពោតនៅស្រុកភ្នំព្រឹកប្រមាណ ៣ ហិកតា ប្រមូលផលបានតែជាង ១៧ តោន ដោយខូចខាតខ្លះ ដោយសារតែការភ័យខ្លាចបង្កដោយសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ។
អ្នកស្រីបន្តថា រាល់រដូវកាលអ្នកស្រីប្រមូលផលបានយ៉ាងហោចជាង ៣០ តោន តែរដូវកាលនេះប្រមូលបានត្រឹមជិត ២០ តោនប៉ុណ្ណោះ ដែលធ្វើឲ្យចំណូលធ្លាក់ចុះយ៉ាងខ្លាំង។
ចំណែកអ្នកស្រី ឈន ធត ក៏បានត្អូញត្អែរដែរថា អ្នកស្រីប្រមូលផលពោត គិតជាគ្រាប់បានតែជាង ៩ តោនប៉ុណ្ណោះលើផ្ទៃដី ៣ ហិកតា ខណះឆ្នាំកន្លងទៅអ្នកស្រីប្រមូលផលបានជាង ២០ តោនគ្រាប់។
អ្នកស្រីបន្តថា មានកត្តា ២ ដែលទិន្នផលពោតក្រហមអ្នកស្រីធ្លាក់ចុះ គឺមកពីកត្តាអាកាសធាតុ និងកត្តាអត់មានពេលថែទាំគ្រប់គ្រាន់។
បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង ផលដំណាំពោតក្រហម កសិករក្នុងខេត្តបាត់ដំបង បានធ្វើការដាំដុះលើស្រុកចំនួន ៧ ហើយបើត្រឹមថ្ងៃទី ០១ ខែមករាឆ្នាំ ២០២៦ កសិករបានប្រមូលផលចូលទីផ្សារបញ្ចប់វគ្គទីមួយនិងវគ្គទី២ ខណៈផ្ទៃដីប្រមូលផលវគ្គទីមួយសរុបចំនួន ៧៦ ៥០៤ ហិកតា ក្នុងនោះប្រមូលផលវគ្គទី ២ លើផ្ទៃដី ៦០ ២៨៨ ហិកតា ហើយបើគិតទិន្នផលមធ្យមទទួលបាន ៦ ៥៣១ តោន ក្នុង ១ ហិកតា។
មន្ទីរកសិកម្មខេត្តបានបង្ហាញពីតម្លៃពោតក្រហមតាមបណ្តាស្រុកមានតម្លៃប្រហាក់ប្រហែលគ្នា និងមានការខុសត្រូវគ្នាបន្តិចបន្តួចប៉ុណ្ណោះ អាស្រ័យលើទំហំគ្រាប់ពោតល្អ ឬមិនសូវល្អប៉ុណ្ណោះ។
តម្លៃពោតស្នូលនិងគ្រាប់ពោត នៅតាមស្រុកនិមួយៗមានដូចជា÷
១-ស្រុកសំឡូត ពោតស្នូលតម្លៃ ៤៨០រៀល ក្នុង១គីឡូក្រាម និងពោតគ្រាប់តម្លៃ ៦៣០រៀល ក្នុង១គីឡូក្រាម។
២-ស្រុកគាស់ក្រឡ ពោតស្នូលតម្លៃ ៤៨០រៀល ក្នុង១គីឡូក្រាម និងពោតគ្រាប់តម្លៃ ៥៨០រៀល ក្នុង១គីឡូក្រាម។
៣-ស្រុកសំពៅលូន ពោតស្នូលតម្លៃ ៤៦០រៀល ក្នុង១គីឡូក្រាម និងពោតគ្រាប់តម្លៃ ៦៤០រៀល ក្នុង១គីឡូក្រាម។
៤-ស្រុកកំរៀង ពោតស្នូលតម្លៃ ៤៦០រៀល ក្នុង១គីឡូក្រាម និងពោតគ្រាប់តម្លៃ ៦១០រៀល ក្នុង១គីឡូក្រាម។
៥-ស្រុករតនៈមណ្ឌល ពោតស្នូលតម្លៃ ៥០០រៀល ក្នុង១គីឡូក្រាម និងពោតគ្រាប់តម្លៃ ៦០០រៀល ក្នុង១គីឡូក្រាម។
៦-ស្រុកភ្នំព្រឹក ពោតស្នូលតម្លៃ ៤៥០រៀល ក្នុង១គីឡូក្រាម និងពោតគ្រាប់តម្លៃ ៦៣០រៀល ក្នុង១គីឡូក្រាម។
៧-ស្រុករុក្ខគីរី ពោតស្នូលតម្លៃ ៤៨០រៀល ក្នុង១គីឡូក្រាម និងពោតគ្រាប់តម្លៃ ៦១៥រៀល ក្នុង១គីឡូក្រាម៕
អត្ថបទ÷សៅ សារិទ្ធ

