អាជ្ញាធរមីន និងមន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា ចុះផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងប្រាប់ទៅជនភៀសសឹកថា កម្ពុជាមិនចង់មានសង្គ្រាមដែលបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សឡើយ។
ការចុះអប់រំនេះធ្វើឡើងនៅថ្ងៃទី៥ ខែមករានេះ នៅវត្តសិលាចារ្យបន្ទាយស្រី ស្ថិតនៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដោយមានវត្តមានលោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងលោក Fan Manjiang ភារធារីនៃស្ថានទូតចិនប្រចាំកម្ពុជា។
យោងតាមអាជ្ញាធរមីន លោក Fan Manjiang បញ្ជាក់ពីការបន្តគាំទ្រសកម្មភាពមីនមនុស្សធម៌សម្រាប់កម្ពុជា ហើយចិននឹងបន្តសកម្មភាពនេះ ដោយចង់ឃើញប្រជាជនកម្ពុជាទទួលបានសុខសុវត្ថិភាព និងរួចចាកផុតពីការគំរាមកំហែងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ទាំងនោះក្រោយសង្រ្គាមបានបញ្ចប់។
លោក លី ធុជ ថ្លែងថា ប្រទេសចិនបានសម្របសម្រួលឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ តាមរយៈសេចក្តីថ្លែងការណ៍ហ្វ៊ូសៀនដែលនឹងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាព ព្រមទាំងបានផ្តល់ជំនួយមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹក ទៀតផង។
លោកបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងរិះរកមធ្យោបាយគ្រប់បែបយ៉ាងទាំងការងារនយោបាយ និងការទូត ដើម្បីជំរុញឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ និងបញ្ចប់នូវសោកនាដកម្មពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។
លោកថ្លែងថា៖ «គោលដៅរបស់សម្តេចធិបតី គឺមិនចង់ឲ្យមានសង្រ្គាម និងមិនចង់ឲ្យប្រជាជនកម្ពុជាស្លាប់និងរបួសទេ ពោលគឺចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងចង់ឱ្យប្រជាជនកម្ពុជារស់នៅក្រោមសន្តិភាព និងទទួលបានការអភិវឌ្ឍគ្រប់គ្នាៗ»។
នៅពេលដែលសង្គ្រាមបានស្ងប់ស្ងាត់ សំណល់គ្រាប់មិនទាន់ផ្ទុះបាញ់ដោយយោធាថៃ នៅរាយប៉ាយនៅតាមទីតាំងស៊ីវិលជាច្រើន ដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលដែលនឹងត្រឡប់ទៅគេហដ្ឋានវិញ។ អាជ្ញាធរមីន បានចេញសេចក្តីណែនាំទៅគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់ ជំរុញចាត់វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាជនភៀសសឹក។នេះបើតាមអាជ្ញាធរមីន៕

