កម្ចី​មាន​ការ​ធានា​ពី CGCC គិតត្រឹម​ចុង​ឆ្នាំ​២០២៥ មាន​ទឹក​ប្រាក់​ជាង ៥២០ លាន​ដុល្លារ​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ចី​មាន​ការ​ធានា​ពី CGCC គិតត្រឹម​ចុង​ឆ្នាំ​២០២៥ មាន​ទឹក​ប្រាក់​ជាង ៥២០ លាន​ដុល្លារ​



អាជីវករ​លក់​ទំនិញ​នៅ​ផ្សារ​មួយ​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ​។ សហការី​

កម្ចី​ដែល​មាន​ការ​ធានាពីសាជីវកម្មធានាឥណទានកម្ពុជា (​​​CGCC) គិតត្រឹមដំណាច់​ខែធ្នូ ឆ្នាំ២០២៥ មាន​ជាង ៩ ពាន់​គណនី(GAC)​ ស្មើ​នឹង​ទឹកប្រាក់កម្ចី(GLN) ប្រមាណ​ ៥២១,២៨ លានដុល្លារអាមេរិក។ កម្ចី​ទាំង​​នេះ​កំពុង​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធានានិរន្តរភាពដំណើរ​ការ​អាជីវកម្ម​របស់​​សហគ្រាសធុន​តូច និងមធ្យម​(SMEs)នៅ​កម្ពុជា។​

រាជរដ្ឋាភិបាលកម្ពុជា​​​ចាត់ទុក​សហគ្រាសធុនតូច និងមធ្យម(SMEs) ថា​កំពុង​ដើរតួនាទីយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច​-សង្គម​កម្ពុជា​​។ ការណ៍នេះ​​ជំរុញ​ឱ្យរាជរដ្ឋាភិបាល​ដាក់ចេញនូវ​គោលនយោបាយជាច្រើន​ដើម្បីគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់ SMEs តាមរយៈ​ធនាគារ​សហគ្រាសធុនតូច និងមធ្យម​(SME Bank) ធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម (ARDB) និង​​សាជីវកម្មធានាឥណទានកម្ពុជា។

ព្រឹត្តិបត្រ​របស់ CGCC ​ឱ្យ​ដឹង​ថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ ​សាជីវកម្មធានាឥណទានកម្ពុជា​បានផ្តល់​ការ​ធា​នា​លើកម្ចី​អាជីវកម្ម​​ដល់សហគ្រាសខ្នាតតូច និង​មធ្យម​(SMEs) ​ចំនួន ​៩ ៥៥៦ ​កម្ចី​ ស្មើនឹងទំហំទឹក​ប្រាក់​ឥណទាន ​៥២១,២៨ ​លានដុល្លារ​។ កម្ចី​នេះ​បាន​​ផ្តល់លទ្ធភាពដល់សហគ្រាស​​ឱ្យ​មានទុន​បន្តនិរន្តរភាព ​និងពង្រីកអាជីវកម្ម​របស់​ខ្លួន​ឡើង​វិញ ​បន្ទាប់ទទួលរងផល​ប៉ះពាល់​​ដោយសារ​ការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ចសកល​។​

សាជីវកម្មធានាឥណទានកម្ពុជា មាន​តួនាទីសំដៅលើយន្តការធានាឥណទាន និងការចែករំលែកហានិភ័យជាមួយស្ថាប័នផ្ដល់កម្ចី​ដោយអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម អាចទទួលបានហិរញ្ញប្បទាន​ដើម្បីវិនិយោគ​លើគំនិតផ្តួចផ្តើមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញកាបូន​ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ 

អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ បាន​និយាយ​ថា រដ្ឋាភិបាលបាន​ចាត់ទុក​ SME គឺ​ជា​​សសរស្តម្ភ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកថ្លែង​ថា៖​«​​សហគ្រាសធុន​តូច និងមធ្យម បានចូលរួម​ចំណែកក្នុងការអភិវឌ្ឍ​ និងធានាភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា​​យ៉ាងច្រើន​។ បើយើងមិនមានការជំរុញការផលិត​របស់សហគ្រាសធុនតូច និងមធ្យម គឺ​យើងនឹងមាន​កង្វះខាត​ផលិត​ផល​ប្រើប្រាស់ក្នុង​ស្រុកជាច្រើន​។ ដូច្នេះ​យើងត្រូវការបញ្ជាទិញទំនិញ​​ពី​បរទេស​ ដែលនេះ​មានន័យថា​យើងនាំ​រូបិយប័ណ្ណបរទេស​ចេញ​ អ៊ីចឹង​យើង​នឹង​លេចជ្រៀបសេដ្ឋកិច្ចខ្លាំងណាស់»​។

លោកលើក​ឡើងទៀត​​ថា គោលនយោបាយជំរុញ​​សហគ្រាសធុនតូច និងមធ្យម គឺពិតជាមានសារសំខាន់ទាំងរដ្ឋ និងផ្នែកឯកជន​ ដោយ​​លោក​យល់ឃើញថា រាជរដ្ឋាភិបាល​​​បានរៀបចំ​គោលនយោបាយជំរុញ​សហគ្រាសធូនតូច និងមធ្យម​ ជា​ច្រើន​រួចរាល់មក​ហើយ​ ហើយ​ព្រមទាំង​​បានទម្លាក់ដើម​ទុនរាប់លាន​ដុល្លារ​​បន្ថែម​ទៀត​តាម​រយៈធនាគារ​សហគ្រាសធុនតូច និងមធ្យម​ រួមទាំង​ធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម​​។

លោកបញ្ជាក់​​ថា៖«​​សាជីវកម្មធានាឥណទានកម្ពុជា គឺជា​​ស្ថាប័នដែល​បាន​រួមចំណែកផ្តល់​កម្ចី​​ប្រមាណ ៥២១ លាន​ដុល្លារ​ដល់សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា​ ដែលកម្ចី​ទាំង​នេះ​កំពុង​ចូលរួម​ចំណែក​ជំរុញ​សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា​​ឱ្យ​មានវឌ្ឍនភាពកាន់​តែ​ប្រសើរ​»។

បើ​តាម​លោក វណ្ណៈ ប្រាក់កម្ចីនេះ​ក៏អាចផ្តល់​កាលានុវត្តភាព​យ៉ាង​ច្រើន​តាម​រយៈ​ការ​កំណើន​ប្រាក់​ចំណូលពី​ផលិតកម្ម​ក្នុង​ស្រុក និង​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​ពី​ក្រៅ​ប្រទេស។ 

លោកបាន​បញ្ជាក់ថា៖«ភាគ​ច្រើន​នៃ​សហគ្រាសធុនតូច និងធម្យមនៅកម្ពុជា​ គឺផលិត​ទំនិញដើម្បី​ជំរុញ​ការនាំចេញ​ ជាពិសេស ​ការកែច្នៃ​ផលិតផលកសិកម្ម។ ទាំង​នេះ គឺជា​ចំណុចរបត់​ដ៏​សំខាន់ក្នុងការកែច្នៃ ដោយ​យើងមិនត្រឹមតែ​លក់ក្នុង​ស្រុកប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើងក៏ជំរុញការលក់​ទៅទីផ្សារ​អន្តរជាតិ​ និង​ភ្ញៀវ​ទេសចរ​បរទេស​ផងដែរ​​។ នេះគឺជាចំណុច​រួមផ្សំ​ជាមួយ​នឹង​ការជំរុញវិស័យ​សហគ្រាសធុនតូច និងមធ្យម​ នៅកម្ពុជា​ឱ្យកាន់តែ​រីកចម្រើន​»។​


របាយការណ៍ប្រចាំ​ឆ្នាំ​២០២៤ របស់ធនាគារ SME Bank បាន​បង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ​​២០២៤ ធនាគារ SME Bank បាន​ផ្តល់កម្ចី​តាមរយៈគម្រោង​ផ្តល់ឥណទាន​ដោយផ្ទាល់​បានចំនួន ៤៥៧ សហគ្រាស​ ស្មើនឹងទឹកប្រាក់សរុប ១២២,៤លាន​ដុល្លារ​ កើនឡើង ៤២% បើធៀបនឹង​ឆ្នាំ​២០២៣​។​ ក្នុងនោះផ្តល់កម្ចី​ដល់វិស័យ​អាទិភាព​ រួមមាន កម្មន្តសាល ការ​​កែច្នៃ និង​កសិ-ឧស្សាហកម្ម​៕​

Post a Comment (0)
Previous Post Next Post