នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ថ្លែងថាហ្វីលីពីនបានតាមដានសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ហើយនឹងបន្តដឹកនាំក្រុមអ្នកសង្កេងការណ៍អាស៊ាន (AOT) ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយអព្យាក្រឹត្យ ដើម្បីទទួលបានសន្តិភាព។
លោក Romeo S. Brawner Jr. បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែកុម្ភៈនេះ ដែលក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាជម្លោះកម្ពុជា-ថៃ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនអគ្គមេបញ្ជាការ និងគណៈប្រតិភូហ្វីលីពីន អំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែននៃប្រទេសទាំងពីរ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីស្រង់សម្ដីលោក ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់ថា កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។
បើតាមហ្វេសប៊ុកដដែល លោក Romeo S. Brawner Jr. បានលើកឡើងថា៖ «ហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ»៕

