ភ្នំពេញ៖ បន្ទាប់ពីរងការវាយប្រហារឈ្លានពានអំឡុងខែធ្នូកន្លងទៅ ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់គ្រួសារ នៅតែបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងព្រះវិហារ ខណៈភាពមិនប្រាកដប្រជា បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។
ក្នុងចំណោមនោះ ស្ត្រីមានផ្ទៃពោះ ម្តាយទើបសម្រាលកូន និងកុមារតូចៗ ជាក្រុមដែលប្រឈមមុខនឹងហានិភ័យខ្ពស់ ខណៈការភៀសសឹកអូសបន្លាយ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់នេះ ស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំទីក្រុងភ្នំពេញ បានសហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា ផ្តល់ការគាំទ្រផ្នែកអាហារូបត្ថម្ភសំខាន់ៗ និងការថែទាំទារកទើបនឹងកើត ដល់គ្រួសារដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ។
យោងតាមអង្គការទស្សនៈពិភពលោកកម្ពុជា បានឱ្យដឹងថា៖ «គម្រោងដែលមានទឹកប្រាក់ចំនួន ១១១,១១១.១១ អឺរ៉ូ (ប្រមាណ ១២៩,២៥៤ ដុល្លារអាមេរិក) នេះ គាំទ្រដល់កុមារអាយុក្រោម ៥ ឆ្នាំ ចំនួន ២,៥០០ នាក់ និងស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនចំនួន ១,០០០ នាក់»។
គម្រោងនេះ ក៏រួមបញ្ចូលការចែកចាយកញ្ចប់សម្ភារៈថែទាំទារកទើបនឹងកើតចំនួន ២០០ កញ្ចប់ នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តទាំងបួន។
ជំនួយនេះ បន្តពីការគាំទ្រកាលពីខែកញ្ញា ឆ្នាំ២០២៥ ដែលអាល្លឺម៉ង់បានផ្តល់មូលនិធិអនុញ្ញាតឱ្យអង្គការទស្សនៈពិភពលោក ផ្តល់សេវាអាហារូបត្ថម្ភបន្ទាន់ បន្ទាប់ពីមានការកើនឡើងនៃអំពើហិង្សា បណ្តាលឱ្យគ្រួសារជាច្រើនភៀសចាកចេញពីលំនៅឋាន។
ទោះបីមានការស្តារឡើងវិញខ្លះក៏ដោយ គ្រួសារមួយចំនួនធំនៅតែបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព និងប្រឈមមុខនឹងការខ្វះខាតអាហារ សេវាសុខភាព និងសម្ភារៈចាំបាច់ផ្សេងៗ។
ក្នុងពេលចុះចែកកញ្ចប់អាហារូបត្ថម្ភថ្មីៗនេះ នៅខេត្តឧត្តរមានជ័យ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ បានឃើញដោយផ្ទាល់ពីស្ថានភាពលំបាកដែលគ្រួសារភៀសសឹកកំពុងជួបប្រទះ។
លោកបានជួបគ្រួសារមួយដែលមានបីជំនាន់រស់នៅជាមួយគ្នា ដែលផ្ទះសម្បែងរបស់ពួកគេ ស្ថិតនៅចម្ងាយត្រឹមតែ ៣ គីឡូម៉ែត្រពីព្រំដែន ត្រូវបានបំផ្លាញអំឡុងពេលអំពើហិង្សាកើនឡើង បាត់បង់ទ្រព្យសម្បត្តិស្ទើរទាំងស្រុង ពួកគេកំពុងព្យាយាមចាប់ផ្តើមជីវិតឡើងវិញពីសូន្យ។
លោក ជេនេស បានថ្លែងថា៖ «ថ្ងៃនេះ យើងសង្ឃឹមថា ការគាំទ្រនេះនឹងជួយឱ្យម្តាយស្រីណុច និងម្តាយផ្សេងទៀត បន្តបំបៅដោះកូន ខណៈទទួលបានអាហារបំប៉នសំខាន់ៗដែលពួកគេត្រូវការ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងដៃគូទាំងអស់ ដែលបានឈរជាមួយគ្រួសារនៅក្នុងអំឡុងពេលដ៏លំបាកនេះ»។
លោកបន្ថែមថា អង្គការទស្សនៈពិភពលោក បន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុវត្ថិភាព និងអាជ្ញាធររដ្ឋាភិបាល ដើម្បីគាំទ្រគ្រួសារជាផ្នែកមួយនៃកាតព្វកិច្ចមនុស្សធម៌ និងសង្ឃឹមថា ពួកគេនឹងអាចត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព ឬតាំងលំនៅថ្មីក្នុងស្ថានភាពមានស្ថិរភាព។
កញ្ចប់ជំនួយរួមមាន អាហារបំប៉នប្រើប្រាស់ភ្លាម (REMAQ) អាហារព្យាបាលប្រើប្រាស់ភ្លាម (Nutrix) ព្រមទាំងវីតាមីន និងជាតិរ៉ែចម្រុះ សម្រាប់ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន។
កញ្ចប់ថែទាំក្រោយសម្រាល និងទារកទើបនឹងកើត រួមមានក្រណាត់អនាម័យក្រោយសម្រាល ខោទឹកនោម ភួយ និងសម្ភារៈអនាម័យចាំបាច់ ដើម្បីការពារសុខភាពម្តាយ និងទារកក្នុងខែដំបូងបន្ទាប់ពីសម្រាល។
បុគ្គលិកសុខាភិបាលនៅតំបន់នោះ បញ្ជាក់ថា ការបន្តសេវាថែទាំមានសារៈសំខាន់ ដើម្បីបង្ការ ផលប៉ះពាល់រយៈពេលវែងចំពោះម្តាយ និងកុមារ។
អ្នកស្រី ពុំ ធារ៉ា ឆ្មបនៅមណ្ឌលសុខភាពត្បែងមានជ័យ ខេត្តព្រះវិហារ បានឱ្យដឹងថា៖ «ការភៀសសឹកមិនគួររំខានដល់សេវាសុខភាពមាតាសំខាន់ៗទេ។ នៅពេលសហគមន៍ បុគ្គលិកសុខាភិបាល និងដៃគូសហការធ្វើការជាមួយគ្នា យើងអាចធានាបានថា សេវាពិនិត្យថែទាំមុនសម្រាល នឹងទៅដល់ស្ត្រីគ្រប់ទីកន្លែងដែលពួកគេស្នាក់នៅ»។
សម្រាប់គ្រួសារដែលរស់នៅក្នុងមណ្ឌលសុវត្ថិភាព ជំនួយនេះមិនត្រឹមតែជាការគាំទ្រផ្នែកអាហារូបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែជាក្តីសង្ឃឹមក្នុងអំឡុងពេលភាពមិនច្បាស់លាស់អូសបន្លាយ។
ម្តាយរបស់ស្រីណុច ដែលជាម្តាយដំបូង កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពមួយ បាននិយាយថា៖ «យើងចាកចេញពីផ្ទះដោយស្ទើរមិនមានអ្វីជាប់ខ្លួន។ អាហារបំប៉ន និងសម្ភារៈសម្រាប់ទារក ជួយឱ្យយើងថែរក្សាកូន ខណៈកំពុងរង់ចាំឱកាសត្រឡប់ទៅផ្ទះដោយសុវត្ថិភាព»។
គម្រោងនេះ អនុវត្តដោយមានការសម្របសម្រួលជិតស្និទ្ធជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុវត្ថិភាព មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការផ្តល់ជំនួយ។
ការរួមចំណែករបស់អាល្លឺម៉ង់ បង្ហាញពីការបន្តប្តេជ្ញាចិត្តគាំទ្រសហគមន៍ងាយរងគ្រោះនៅតំបន់ព្រំដែនកម្ពុជា ដែលការភៀសសឹកមិនត្រឹមប៉ះពាល់ដល់លំនៅដ្ឋាន និងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការលូតលាស់ និងអភិវឌ្ឍន៍ដំណាក់កាលដំបូងរបស់កុមារ។
ខណៈគ្រួសារជាច្រើននៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ អង្គការមនុស្សធម៌ព្រមានថា ការគាំទ្របន្តមានសារៈសំខាន់ ដើម្បីបង្ការកុំឱ្យការភៀសសឹកបណ្តោះអាសន្ន ក្លា

