ក្រចេះ៖ កូនផ្សោតថ្មី១ក្បាលបានកើតក្នុងខេត្តក្រចេះ ដែលជាកំណត់ត្រាដំបូងនៅក្នុងឆ្នាំ២០២៦នេះ ខណៈដែលក្រុមអ្នកអភិរក្សក្រសួងកសិកម្ម និងអាជ្ញាធរមូលដ្ឋានបានសម្រេចបង្កើតបណ្ដាញចម្រុះមួយ ដើម្បីកំណត់អត្តសញ្ញាណអ្នកនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ ក្នុងទិសដៅរក្សាឱ្យបានអត្រាផ្សោតស្លាប់សូន្យក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នានេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសកាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈនេះថា កូនផ្សោតថ្មី១ក្បាលនេះ គឺបានកើតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយត្រូវបានក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ប្រទះឃើញនិងផ្តិតយករូបភាពនៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។
កំណត់ត្រាថ្មីនេះបានធ្វើឱ្យចំនួនផ្សោតទន្លេមេគង្គកម្ពុជាកើនឡើងដល់ចំនួន ១១៣ក្បាលនាពេលបច្ចុប្បន្ននេះ ខណៈដែលអត្រាស្លាប់មិនទាន់មាននៅដើមឆ្នាំ២០២៦នេះ។ កាលពីឆ្នាំ២០២៥កន្លងមក កូនផ្សោតសរុបចំនួន៨ក្បាលបានកើត និងមិនមានករណីផ្សោតស្លាប់ទៅវិញនោះទេ។
កាលពីពេលថ្មីៗនេះ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញាអ៊ឹម រចនា បានដឹកនាំកិច្ចប្រជុំមួយជាមួយនឹងអាជ្ញាធរមូលដ្ឋាន នៅសាលាស្រុកចិត្របុរី និងសាលាស្រុកសំបូរ ក្នុងខេត្តក្រចេះ ដើម្បីបង្កើនកិច្ចសហការក្នុងការគ្រប់គ្រង ការពារ និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ នៅតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ។
ក្រសួងកសិកម្មបានឱ្យដឹងថា នាឱកាសនោះកញ្ញាអនុរដ្ឋលេខាធិការបានលើកឡើងត្រួសៗពីសមិទ្ធផលនៃការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលបានទទួលលទ្ធផលល្អក្នុងឆ្នាំ ២០២៥ កន្លងទៅ។ ក្នុងន័យនេះហើយ ទើបលោកកញ្ញាស្នើសុំការសហការពីអាជ្ញាធរស្រុកទាំង២ គឺស្រុកចិត្របុរី និងស្រុកសំបូរ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្ររួមមួយ ធ្វើយ៉ាងណារក្សាឱ្យបាននូវសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក «ពោលគឺធ្វើយ៉ាងណាកុំឱ្យមានសត្វផ្សោតស្លាប់នៅក្នុងឆ្នាំ ២០២៦នេះ»។
ក្រសួងបានបញ្ជាក់ថា៖«អង្គប្រជុំបានសម្រេចបង្កើតបណ្ដាញចម្រុះ ដើម្បីកំណត់អត្តសញ្ញាណអ្នកនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ឧបករណ៍ឆក់ ជាឧបករណ៍បង្កហានិភ័យខ្ពស់ដល់អាយុជីវិតសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ។ ជាយុទ្ធសាស្ត្រ ចេញពីការកំណត់អត្តសញ្ញាណនេះ មន្ដ្រីជំនាញនិងអាជ្ញាធរស្រុកនឹងអញ្ជើញអ្នកនេសាទទាំងនោះមកពន្យល់ណែនាំ និងឈានទៅស្នើឱ្យបោះបង់ចោលការនេសាទខុសច្បាប់ ជាថ្នូរនឹងការជួយគាំទ្រជីវភាពដោយមុខរបរ ឬជំនាញផ្សេងៗវិញ»។
កញ្ញាអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរថ្នាក់ស្រុកទាំង២ ដែលជាតួអង្គដ៏សំខាន់នៅថ្នាក់មូលដ្ឋាន ក្នុងការពិនិត្យតាមដានអ្នកនេសាទក្នុងភូមិសាស្ត្ររបស់ខ្លួន។ រួមជាមួយការគាំទ្រពីថ្នាក់ជាតិ មន្ដ្រីជំនាញ អង្គការដៃគូ និងឆ្មាំទន្លេល្បាតសត្វផ្សោតផង កញ្ញាបានជឿជាក់ថា កិច្ចសហការនេះនឹងអាចឈានទៅបង្រ្កាបបទល្មើសនេសាទនៅថ្នាក់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដែលនឹងជះផលវិជ្ជមានដល់និរន្ដរភាពធនធានជលផល ព្រមទាំងការងារអភិរក្សសត្វផ្សោត ដែលកញ្ញាបានចាត់ទុកថា ជា «ដង្ហើមនៃទន្លេមេគង្គ»៕



