សត្វទន្សោង​ចំនួន ៩ ក្បាល ត្រូវបានព្រលែង​នៅជម្រកសត្វព្រៃសៀមប៉ាង ខេត្ត​ស្ទឹង​ត្រែង ដោយសុវត្ថិភាព
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សត្វទន្សោង​ចំនួន ៩ ក្បាល ត្រូវបានព្រលែង​នៅជម្រកសត្វព្រៃសៀមប៉ាង ខេត្ត​ស្ទឹង​ត្រែង ដោយសុវត្ថិភាព

 ក្រុម​ការងារ​ចម្រុះ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​ខេត្ត​ស្ទឹងត្រែង រួមទាំង​មន្ទីរ​បរិស្ថាន​ខេត្ត កង​រាជ​អាវុធ​ហត្ថ និង​រដ្ឋ​បាលខេត្ត-ស្រុក បាន​ធ្វើ​ប្រតិបត្តិការ​កៀង​ចាប់​សត្វ​ទន្សោងចំនួន ៩ ក្បាល​ចេញ​ពី​តំបន់​ហានិភ័យ​ខ្ពស់ ហើយ​យក​ទៅ​ព្រលែង នៅ​ដែន​ជម្រក​សត្វ​ព្រៃ​សៀមប៉ាង ដោយ​សុវត្ថិភាព។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី ៥ ​ខែកុម្ភៈ​នេះ បាន​ឱ្យ​ដឹង​​ថា ​ប្រតិបត្តិការ​កៀង និង​ព្រលែង​សត្វ​ទន្សោង​ចំនួន ៩ក្បាល​នេះ ត្រូវ​បាន​ឡើងកាលពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី៤ ខែកុម្ភៈ ដោយ​​មាន​កិច្ច​សហការ​ពី​អង្គការ​អភិរក្ស​សៀមប៉ាង និងក្រុម​ហ៊ុន​រ៉ាយ​ហ្សីងហ្វូនិក។

សេចក្តី​ប្រកាស​ដដែល​នេះ បាន​​បញ្ជាក់​ថា៖ «សត្វ​ទន្សោង​ គឺ​ជា​ពូជ​គោព្រៃ​ដ៏ស្រស់​ស្អាតមួយ ហើយ​ត្រូវបាន​គេ​ចាត់​ទុក ជា​បុព្វបុរស​របស់​ពូជ​គោ​ស្រុក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ដោយ​មើល​ឃើញ​ការ​គំរាម​កំហែង​ពី​ការ​ប្រមាញ់​ដោយ​ជន​ខិល​ខូច ក្រុម​ការងារ​នេះ ត្រូវ​បានបង្កើត​ឡើង ដើម្បី​ល្បាត​ការពារ និង​រៀបចំ​ប្រតិបត្តិការ​ជម្លៀស​ចេញ​ពី​តំបន់​ហានិភ័យ​ទៅ​ជម្រកសត្វព្រៃវិញ»។

តាម​រយៈ​វីដេអូ​​ខ្លី នៃការ​​​កៀង​ចាប់​សត្វ​ទន្សោង​ចំនួន ៩ ក្បាល ចេញពី​តំបន់​ហានិភ័យ​ខ្ពស់នេះ គឺ​ក្រុម​ការងារ​ចម្រុះ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ស្ទឹង​ត្រែង រួមទាំង​​ភាគី​ពាក់ព័ន្ធ បាន​​ប្រើ​តង់ហ៊ុមព័ន្ធ​កន្លែង​រស់​នៅ​របស់​សត្វ​ទន្សោង ហើយ​យក​ឡាន​បើក​ដេញ​បំបោល​សត្វទន្សោង ចេញពី​ទីតាំង​មួយ ទៅ​កាន់​ទីតាំង​មួយ​ទៀតទៅតាម​ការ​រៀបចំ រហូតចាប់​បាន​ពួកវា ដាក់​ក្នុង​ឡាន ដើម្បី​ដឹក​​ទៅព្រលែង ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​សៀមប៉ាង ដោយ​សុវត្ថិភាព។

ក្រសួង​កសិកម្ម បាន​បញ្ជាក់​ថា នៅឆ្នាំ ២០២៥ កន្លងមក​នេះ ក្រុម​ការងារ​​បាន​​អនុ​វត្តប្រតិបត្តិ​ការ​កៀង​ចាប់ និង​ព្រលែង​សត្វ​ទន្សោង​ចំនួន ១៦ ក្បាល ដោយ​ជោគជ័យ ហើយ​ប្រតិបត្តិការ​ឆ្នាំ​២០២៦នេះ នឹង​បន្ត​ដល់​ថ្ងៃទី​៧ ខែកុម្ភៈ ដើម្បី​កៀង​ចាប់​សត្វ​ទន្សោង នៅ​សេសសល់។

ក្រសួង​បន្ត​ថា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និង​នេសាទ ព្រម​ទាំង​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ បាន​ប្តេជ្ញា​ចិត្ត​ បន្ត​ការការ​ពារធនធាន​សត្វ​ព្រៃ នៅកម្ពុជា ដូច​ជា​សត្វ​ទន្សោង ឱ្យ​មាន​និរន្តរភាព​សម្រាប់​អ្នក​ជំនាន់​ក្រោយ៕


Post a Comment (0)
Previous Post Next Post