ជនភៀសសឹក​នៅ​តំបន់​ថ្មដា ទន្ទឹង​រង់ចាំ​ត្រឡប់​ទៅផ្ទះ​វិញ និង​​​នៅតែ​​មិន​ទុក​ចិត្ត​ថៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ជនភៀសសឹក​នៅ​តំបន់​ថ្មដា ទន្ទឹង​រង់ចាំ​ត្រឡប់​ទៅផ្ទះ​វិញ និង​​​នៅតែ​​មិន​ទុក​ចិត្ត​ថៃ

 ពលរដ្ឋ​មក​ពី​ភូម​អូរសួស្ដីនិង​ភូមិ​សង្គម​ថ្មី​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ​ខេត្ត​ពោធិ៍សាត់ បន្ត​រស់​នៅ​ដោយ​ភាព​មិន​ច្បាស់​លាស់ អស់​សង្ឃឹម និង​ភ័យ​ខ្លាច​មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​ដែល​នៅ​ជិត​ទូរកុងតឺន័រ និងលួស​បន្លា​របស់​ថៃ។


លោក អោក ម៉ឺន អាយុ៧៤ឆ្នាំ នៅ​​ភូមិអូរសួស្ដី មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​លោក​វិញ​បាន​ទេ ដោយ​សារ​ផ្ទះ​លោក​​ស្ថិត​នៅ​ប្រមាណ ៣០០ម៉ែត្រ​ក្បែរ​ព្រំដែន ហើយ​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​តំបន់​ក្រហម។ លោក​មិន​ហ៊ាន​ត្រឡប់​ទៅវិញ​ព្រោះ​ថា ទាហានថៃ​បាន​ចូលកាន់កាប់ ឈូសឆាយដី ផ្ទះ របស់ប្រជាជនខ្មែរ​នៅ​តំបន់​នោះ ហើយ​លោក​ផ្ទាល់​ខ្លាចទាហានថៃបាញ់។


លោក​និយា​ថា៖ «ទាហានថៃបានឈូសផ្ទះប្រជាជន ដាក់បង្គាលភ្លើងពេញ ដាក់កុងតឺទ័រ ខ្ញុំមិនហ៊ានទៅទេ ខ្ញុំខ្លាចទាហានថៃ។ បើកាលមុនអត់ទាន់មានជម្លោះ ខ្ញុំ​ទៅដាក់មងរកត្រីដេកនៅកន្លែងថៃនិងអត់អីទេ»។

លោក​បាន​រត់​ចេញ​ពី​ផុ្ទះ​នៅ​ក្នុង​ការ​ផ្ទុះ​អាវុធ​ទាំងពីរ​លើក​នៅឆ្នាំ​២០២៥។ នៅខែកក្កដា លោក​រត់គេច​អស់​រយៈ​ពេលមួយ​អាទិត្យ ហើយ​លើក​ទីពី​រ លោករត់គេច​តាំង​ពី​ថ្ងៃទី៨ ខែធ្នូ រហូត​ដល់​ពេល​បច្ចុប្បន្ន។ លោក​ថា អ្នក​ដែល​រស់​នៅ​ឆ្ងាយ​ពី​តំបន់​ក្រហម​ បាន​វិល​ត្រឡប់​ទៅវិញ​អស់​ហើយ។ លោក​​ព្យាយាម​ត្រឡប់​ទៅ​មើល​ផ្ទះ​ ប៉ុន្តែ​បាន​ឃើញ​ថៃ​ឈូស​ឆាយ​ធ្វើ​ផ្លូវ ហើយ​លោក​មានការភ័យ​ខ្លាច​ក៏​ត្រឡប់​មកវិញ។

លោក​និយាយ​ថា៖ «ខ្ញុំមិនហ៊ានត្រឡប់ទៅនៅវិញទេ អត់ទុកចិត្តទាហានថៃ។ អ្នកដែលមានផ្ទះឆ្ងាយពីព្រំដែនថៃបួន​ដប់គីឡូ ហ៊ានមកនៅ។ តែខ្ញុំនៅជាប់គ្នាបែបនេះ​ ចេញចូលខ្ញុំមិនហ៊ានទៅទេ។ ទាល់តែមានការរៀបចំផ្លូវស្អាតដូចមុន​បានខ្ញុំហ៊ាននៅ បើនៅដូចសព្វថ្ងៃនិងខ្ញុំមិនទាន់ហ៊ានទៅនៅទេ»។

ជនភៀសសឹក​ម្នាក់​ទៀត គឺ​អ្នកស្រី យស ផល្លី អាយុ៦៥ឆ្នាំ រស់​នៅ​ភូមិសង្គមថ្មី ឃុំថ្មដា មាន​កូន​ស្រី​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ពេល​រត់​ភៀស​សឹក ក្រោយ​ពេល​ទើប​សម្រាល​កូន​រួច គឺ​នៅពេល​ដែល​ទាហាន​ថៃ​បាញ់​សម្រុក​ រួម​ទាំង​បាន​សម្លាប់​ទាហាន​កម្ពុជា​ម្នាក់​ផងដែរ។

អ្នកស្រី​បាន​រត់​ភៀស​សឹក​តាំង​ពី​ថ្ងៃទី៨ ខែធ្នូ ដែល​មក​ទល់​ពេល​នេះ​មានរយៈ​ពេល​ជាង២ខែហើយ។ ផ្ទះ​អ្នកស្រី​ស្ថិត​នៅក្បែរ​បន្លាលួស​ថៃ​ប្រមាណ ៣០០​ម៉ែត្រ ប៉ុន្តែ មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ សូម្បី​ទាហាន​ខ្មែរ ក៏​ថៃ​មិនឲ្យ​ទៅក្បែរ​តំបន់​នោះដែរ។

ផ្ទះរបស់ខ្ញុំនៅមិនឆ្ងាយពីទាហានថៃឈរជើង ព័ទ្ធបន្លាលួសប៉ុន្មានទេ គឺប្រហែលជា៣០០ម៉ែត្រពីគ្នាប៉ុណ្ណោះ ហើយថៃមិនអនុញ្ញាតឲ្យកងទ័ពខ្មែរយើងទៅក្បែរវានោះទេ។

អ្នកស្រីនិយាយ​ថា៖ «ខ្ញុំធ្លាប់បានទៅមើលផ្ទះ និងសម្រាកមួយយប់ឬពីរយប់ ប៉ុន្តែខណៈពេលនោះខ្ញុំនៅតែមានភាពភ័យខ្លាចនៅមិនស្ងប់នោះទេ។ ដោយសារ​តែជីវភាព ខ្ញុំធ្លាប់បានចូលព្រៃនៅក្បែរភូមិ ហើយ​ខ្ញុំក៏បានឃើញទាហានថៃ និងទាហានថៃខ្មែរសុរិន្ទ ដោយ​ពួក​គេ​បាននិយាយមកកាន់ខ្ញុំថា បានទៅហើយ មកធ្វើអីទៀត តិចទៀតវាជិតវ៉ៃថ្មដាទៀតហើយ»។

អ្នកស្រី​បន្ត​ថា៖ «បើនឹកដល់រឿងថៃឈ្លានពានកម្ពុជានេះ ខ្ញុំពិតជាឈឺចាប់ណាស់ ព្រោះថៃបានឈ្លានពានយកផ្ទះរបស់ប្រជាពលរដ្ឋស្លូតត្រង់នៅជាប់ព្រំដែន ដោយព័ទ្ធបន្លាលួសយកអស់ប្រហែលជាជាង១០គ្រួសារ នៅក្នុងតំបន់ខ្ញុំរស់នៅ។ ដោយសារផ្ទះខ្ញុំនៅក្នុងតំបន់ក្តៅទើប អាជ្ញាធរមូលដ្ឋានផ្តល់ដំណឹងឲ្យជម្លៀសខ្លួនមកទីកន្លែងមានសុវត្ថិភាព»។

បច្ចុប្បន្ន​នេះ អ្នកស្រី​ទទួល​បន្ទុក​មើល​ថែ​ចៅ​ដែល​ម្ដាយ​បាន​ស្លាប់​ចោល​ពេល​រត់​ភៀស​ខ្លួ។ ទោះ​បី​មាន​ការ​ខឹង​សម្បា​នឹង​ទង្វើរបស់​ថៃ អ្នកស្រី​ប្រាថ្នា​ចង់​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព។

ពលរដ្ឋម្នាក់​ទៀត​ឈ្មោះ គិន ធារី អាយុ៧៥ឆ្នាំ មក​ពី​ភូមិសង្គមថ្មី ឃុំថ្មដា។ អ្នកស្រីរៀបរាប់​ថា ទាំង​នៅ​ខែ​កក្កដា និង​នៅ​ខែធ្នូ ទាហានថៃបានចល័តសព្វាវុធធន់ធ្ងន់ និងការដាក់ពង្រាយទាហានមកកាន់ព្រំដែនថ្មដា។ គ្រួសារ​អ្នកស្រី​មិនចង់ជម្លៀសចេញទៅណាទេ ព្រោះតែអាណិតមាន់ទាដែលខំចិញ្ចឹម ប៉ុន្តែត្រូវបានមេភូមិប្រាប់​ឲ្យ​ជម្លៀសចេញជាបន្ទាន់ ព្រោះខ្លាចទាហានថៃផ្លោងគ្រាប់ចូលមកត្រូវ អាចបណ្ដាលឲ្យបាត់បង់អាយុជីវិត។

អ្នកស្រី​បាន​ទៅ​ស្នាក់​នៅ​ជាមួយ​បង​ប្អូន​នៅ​ខេត្ត​កំពង់​ស្ពឺ​អស់​រយៈ​ពេល ២៥​ថ្ងៃ។ ក្រោយ​មក​អ្នកស្រី​ក៏​បាន​ត្រឡប់​មក​ឃុំថ្មដាវិញ ប៉ុន្តែ​មិនហ៊ានចូលទៅរស់នៅក្នុងផ្ទះសម្បែងទេ ដោយសារតែទាហានថៃនៅតែបន្តឈ្លានពានដោយឈូសឆាយធ្វើផ្លូវ រាយលួសបន្លា និងដាក់ទូកុងតឺន័រ។ អ្នកស្រី​ក៏​ត្រូវ​មេភូមិ ឲ្យ​ស្នាក់​នៅ​ជំរំ​ភៀសសឹកបណ្ដោះអាសន្ន។

អ្នកស្រី​និយាយ​ថា៖ «រាល់ថ្ងៃខ្ញុំតែងតែអង្គុយគិតថានិងអាចបានចូលទៅរស់នៅផ្ទះសម្បែងរបស់ខ្ញុំវិញ បានមើលថែដំណាំដែលធ្លាប់បានដាំនិងបានចិញ្ចឹមសត្វមាន់ ទាសារឡើងវិញ»។

បច្ចុប្បន្ន​នេះ ជនភៀស​សឹក​ចំនួន ៦៥គ្រួសារ មកពី​ភូមិ​អូរ​សួស្ដី និង​ភូមិ​សង្គម​ថ្មី កំពុង​បន្តស្នាក់នៅក្នុងមណ្ឌលជនភៀសសឹកក្នុងសាលាវិទ្យាល័យហ៊ុន សែន ប្រម៉ោយ និងវត្តប្រម៉ោយ។ អ្នក​ខ្លះ​មាន​ផ្ទះសម្បែងដែល​ត្រូវបានទាហានថៃដាក់លួសបន្លាហ៊ំព័ទ្ធយក និងមួយចំនួនទៀតមានផ្ទះស្ថិតនៅទល់មុខនឹងទីតាំង​ដែល​ទាហានថៃដាក់លួសបន្លានិង​ទូរ​កុងតឺន័រ ចាប់ពី​ថ្ងៃ​ឈប់​បាញ់​ ២៧ធ្នូ ២០២៥​មក៕

កំណត់​សម្គាល់៖ បទ​សម្ភាស​នេះ​ធ្វើ​ឡើង​ដោយ​ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅ​ថ្ងៃទី១០ កុម្ភៈ។

Post a Comment (0)
Previous Post Next Post