ភ្នំពេញ: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្កើនការព្រួយបារម្ភ និងការតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់បេតិកភណ្ឌវប្បធម៌ ជាដែនដីកម្ពុជា ដែលថៃកំពុងគ្រប់គ្រងខុសច្បាប់ ដោយព្រមានថា សកម្មភាពទាំងនេះកំពុងបង្កការប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ក្រសួងបានបញ្ជាក់ឡើងវិញថា ការរៀបចំដំណើរទស្សនកិច្ច និងសកម្មភាពសាធារណៈនៅតំបន់ដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការបង្ហាញនូវការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជា។
ក្រសួងបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងថា សកម្មភាពទាំងនេះ មិនត្រឹមតែបង្កើតជាស្ថានភាពជាក់ស្តែងលើដី (faits accomplis) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យមានការយល់ច្រឡំអំពីសិទ្ធិកាន់កាប់ និងអធិបតេយ្យភាពលើតំបន់ទាំងនេះផងដែរ។ ការរៀបចំសកម្មភាពសាធារណៈ និងទស្សនកិច្ចទេសចរណ៍ ត្រូវបានចាត់ទុកថាជាការពង្រីកការគ្រប់គ្រង និងអនុវត្តអំណាចរដ្ឋបាលលើដែនដីដែលមិនមែនជារបស់ខ្លួន។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា: “សកម្មភាពទាំងនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ សន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ និងឯកសារពាក់ព័ន្ធផ្សេងៗ រួមទាំងធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ”។
ក្រសួងបានទាមទារដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវការរៀបចំសកម្មភាពសាធារណៈ និងដំណើរទស្សនកិច្ចនៅតំបន់ទាំងនេះ ព្រមទាំងដកចេញនូវកងកម្លាំង និងបុគ្គលិកពាក់ព័ន្ធទាំងអស់ ហើយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ជាមួយគ្នានេះ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ដោយអំពាវនាវឱ្យប្រទេសថៃចូលរួមយ៉ាងសកម្មតាមយន្តការទ្វេភាគី និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងគណៈកម្មការព្រំដែនរួម (JBC) ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយស្ថិរភាព និងគោរពច្បាប់អន្តរជាតិ។

