ភ្នំពេញ៖ ឪពុកចុងម្នាក់បានធ្វើសកម្មភាពចាប់រំលោភកូនស្រីប្តីដេីមអាយុ១២ឆ្នាំ រហូតបានសម្រេច ២ដង រួចហើយគំរាមនាងមិនឲ្យនិយាយប្រាប់ម្ដាយឡើយ។ ប៉ុន្តែក្រោយមក ដោយមិនអាចទ្រាំបាននិងភ័យខ្លាចឪពុកចុងចាប់រំលោភជាបន្តបន្ទាប់ទៀត ទើបក្មេងស្រីរងគ្រោះយករឿងនោះទៅប្រាប់ឲ្យម្ដាយមីងបង្កើតបានដឹង ហើយម្ដាយមីងក៏នាំនាងទៅដាក់ពាក្យបណ្ដឹងឲ្យ សមត្ថកិច្ចឃាត់ខ្លួនឪពុកចុងនោះ ចាត់ការតាមច្បាប់ ។
ហេតុការណ៍នេះបានបែកធ្លាយកាលពី ថ្ងៃទី០៣ និង ទី០៧ មេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចបន្ទប់ជួលលេខ១ នៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលជាឪពុកចុងបានចាប់រំលោភកូនស្រីប្តីដេីមនោះ មានឈ្មោះ សោម វិសាល អាយុ៤១ឆ្នាំ មុខរបរ (អ្នកដឹកជញ្ជូន) ស្នាក់នៅបន្ទប់ជួលលេខ១ ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកក្មេងស្រីរងគ្រោះដែលជាកូនចុង មានអាយុ ១២ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុនោះជាមួយគ្នា និងមានម្ដាយជាកកម្មការិនីរោងចក្រកាត់ដេរ ។
ក្មេងស្រីរងគ្រោះរូបនោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នាងពិតជាត្រូវបានឪពុកចុងចាប់រំលោភជាបន្តបន្ទាប់ចំនួន០២លើកពិតមែន ក្នុងពេលដែលម្ដាយរបស់នាងមិននៅផ្ទះ ទៅធ្វើការរោងចក្របាត់ ហើយនាងនៅក្នុងបន្ទប់ជួលម្នាក់ឯង ។ ដោយក្នុងនោះ លើកទី១គឺនៅក្នុងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ឪពុកចុងបានចាប់រំលោភនាងបានសម្រេចចំនួន០១ដង រួចគំរាមមិនឲ្យនាងយករឿងនោះទៅប្រាប់ម្ដាយឡើយ។ ពេលនោះ ដោយខ្លាចឪពុកចុងសម្លាប់ចោល ទើបនាងមិនហ៊ានប្រាប់ម្ដាយឲ្យដឹង។
ក្មេងស្រីរងគ្រោះបាននិយាយបន្តទៀតថា លុះរំលងបានរយៈពេល០៤ថ្ងៃក្រោយមក គឺនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២៦នេះ ស្រាប់តែឪពុកចុងរូបនោះ បានចាប់នាងរំលោភរហូតបានសម្រេចជាលើកទី២ទៀត ដែលពេលនោះក៏ម្ដាយនាងទៅធ្វើការបាត់ដែរ ។
ដោយសារតែទទួលរងនូវការរំលោភបំពានពីសំណាក់ឪពុកចុងជាបន្តបន្ទាប់បែបនេះ ហើយដោយមានការភ័យខ្លាចឪពុកចុងចាប់រំលោភជាបន្តបន្ទាប់ទៀតផងនោះទើបនាងទ្រាំលាក់រឿងលែងបានក៏សម្រេចចិត្តយករឿងនេះទៅរៀបរាប់ប្រាប់ឱ្យម្ដាយមីងរបស់នាងបានដឹង ទើបបែកការណ៍ ហើយម្ដាយមីងក៏បាននាំនាងទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍កាកាបទី១ ឃាត់ខ្លួនឪពុកចុងនោះចាត់ការតាមច្បាប់តែម្តង ។
សមត្ថកិច្ចបានប្រាប់ថា ក្រោយពេលក្មួយស្រីប្រាប់ឲ្យដឹង ទើបនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ស្ត្រីជាម្ដាយមីងបានជូនក្មួយស្រីទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១។ បន្ទាប់មក នគរបាលប៉ុស្តិ៍ខាងលើក៏បានធ្វើការឃាត់ខ្លួនបុរសជាឪពុកចុងរូបនោះ នាំយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕


