ប្រធានក្រុមហ៊ុន Daejoo KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ លោក Park Joo Bong បានអះអាងថា ក្រុមរបស់ខ្លួនកំពុងស្វែងរកឱកាសបន្ថែមទៀតដើម្បីវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ជាពិសេសផលិតកម្មស្វាយចន្ទី។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក Park Joo Bong បាននិយាយថា កម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាពល្អប្រសើរ និងកំពុងទទួលបាននូវការចាប់អារម្មណ៍ច្រើនពីសំណាក់វិនិយោគិនកូរ៉េ រួមទាំងវិនិយោគិនបរទេសផ្សេងៗទៀត។ នៅពេលនេះក្រុមរបស់លោកកំពុងស្វែងរកឱកាសបន្ថែមទៀតដើម្បីវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ជាពិសេសអ្វីដែលជាការកត់សម្គាល់សំខាន់នោះ គឺទៅលើដំណាំស្វាយចន្ទី។
ជាការឆ្លើយតប លោក ហ៊ុន សែន បានសម្ដែងការអរគុណចំពោះចំណាប់អារម្មណ៍របស់អ្នកវិនិយោគសាធារណរដ្ឋកូរ៉េមកកាន់ប្រទេសកម្ពុជា និងបានចាប់អារម្មណ៍ទៅលើការវិនិយោគផ្នែកកសិកម្ម ជាពិសេសដំណាំស្វាយចន្ទី។ ប្រទេសកម្ពុជាមាននូវផលិតផលជាច្រើនសម្រាប់ធ្វើការវិនិយោគ ជាពិសេសគឺផលិតផលកសិកម្មដែលជាវត្ថុធាតុដើម។ លោកបានបន្ថែមថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ គឺពាណិជ្ជកម្ម និងការវិនិយោគ ដូច្នេះតាមរយៈក្រុមអ្នកវិនិយោគរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជានៅពេលនេះនឹងជាឱកាសបន្ថែមទៀតដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានថ្លែងថា៖«អ្វីដែលកម្ពុជាត្រូវការបន្ថែមនោះ គឺអ្នកវិនិយោគដែលអាចកែច្នៃនូវកសិផលរបស់កម្ពុជាដើម្បីយកទៅលក់នៅទីផ្សារកូរ៉េផង និងនៅលើទីផ្សារពិភពលោកផង»។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលពេលនេះជាដៃគូយុទ្ធសាស្ត្រជាមួយគ្នាហើយសង្ឃឹមថា ទៅថ្ងៃខាងមុខ ជាពិសេសនៅក្នុងឱកាសខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឡើងវិញនោះ គឺប្រទេសទាំងពីរនឹងអាចដើរដល់ជំហានមួយទៀត គឺការបង្កើតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា។
បញ្ហាកង្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់ថែរក្សាគ្រាប់ស្វាយចន្ទី(ឃ្លាំងស្តុក និងទុនបង្វិល) គឺជាមូលហេតុចម្បងដែលជំរុញឱ្យមានលំហូរគ្រាប់ស្វាយចន្ទីឆៅជាច្រើន(ប្រហែល ៩០%) ទៅទីផ្សារក្រៅប្រទេសផងដែរ។ ភាគច្រើននៃគ្រាប់ស្វាយចន្ទីឆៅកម្ពុជា ត្រូវបាននាំទៅប្រទេសវៀតណាម ដែលនៅទីនោះមានរោងចក្រ/សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីឆៅជាច្រើន។
យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា(សសក) កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបចំនួន ៨៣១ ១៧៩ តោន ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ដោយបង្កើតចំណូលបានប្រមាណ ១,៤៤ ពាន់លានដុល្លារ ដែលកើនឡើង ២៤.១៧% ធៀបនឹងឆ្នាំមុន។
កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ១ ០០០ ៧៥៧ តោន កើនឡើង ២៧% បើធៀបនឹងឆ្នាំ២០២៤ ចំណែកប្រាក់ដែលប្រមូលបានគឺប្រហែល ១,៥ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យ សសក៕

