វិស័យ​អាកាសចរណ៍​កម្ពុជាហាក់​​នៅ​ទ្រឹង​នា​​រយៈ​ពេល ៤ខែដើម​ឆ្នាំ​២០២៦
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

វិស័យ​អាកាសចរណ៍​កម្ពុជាហាក់​​នៅ​ទ្រឹង​នា​​រយៈ​ពេល ៤ខែដើម​ឆ្នាំ​២០២៦

 ជើង​ហោះហើរ​ជាតិ​ និង​អន្តរជាតិ​សរុប​ជាង ២៣ ពាន់ជើង​បាន​ធ្វើ​ដំណើរ​ចេញ-ចូល តាម​រយៈ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ទាំង ៣ នៅ​​កម្ពុជានា​រយៈ​ពេល ៤ខែ​ដើម​ឆ្នាំ​២០២៦ ដោយ​កើន​ឡើង​តិច​តួច​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ខណៈ​ចំនួន​អ្នក​ដំណើរ​មាន​ជាង ២ លាននាក់។

ទិន្នន័យ​របស់​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល បាន​បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា-មេសា ឆ្នាំ​២០២៦ មាន​ជើង​ហោះហើរចេញ-ចូល(ទ្វេទិស)ចំនួន ២៣ ២០៤ ជើងបាន​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា(អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ សៀមរាបអង្គរ និង​ខេត្ត​ព្រះសីហនុ) ដែល​ចំនួន​នេះគឺ​កើន​ឡើង​ប្រមាណ​ ២% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នាកាល​ពី​ឆ្នាំ​២០២៥។​ ចំណែក​អ្នកដំណើរចេញ-ចូល(ទ្វេទិស)​មានចំនួន ២ ៤២៨ ០០៩ នាក់ ថយចុះប្រមាណ ៤%។ ដោយឡែកទំនិញតាមផ្លូវអាកាសចេញ-ចូល​(ទ្វេទិស) មានចំនួន ៣០ ៤៤៨ តោន កើនឡើង ៣៦%។

អ្នក​នាំពាក្យ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក ស៊ឺន ចាន់សិរីវុត្ថា បាន​និយាយ​ថា សកម្ម​ភាព​​ជើងហោះហើរ​នៅ​កម្ពុជា​ នា​​រយៈ​ពេល ៤ ​ខែ​ដើម​ឆ្នាំ​២០២៦ ​គឺ​​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​២០២៥ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​ឧសភា​នេះ គឺ​មាន​ក្រុមហ៊ុន​អាកាសជាតិ និង​អន្តរជាតិ​ចំនួន ៣៣ កំពុង​មាន​ប្រតិបត្តិការនៅ​កម្ពុជា ក្នុង​នោះ ៤ ជាក្រុមហ៊ុន​ក្នុង​ស្រុក និង ២៩ ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​អន្តរជាតិ។​

បើ​តាម​លោក ចាន់​សិរីវុត្ថា ក្នុង​ ១​សប្តាហ៍​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ មាន​ជើង​ហោះហើរជាមធ្យម​ ៧០៨ ជើង/សប្តាហ៍, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរចំនួន ២២៤ ជើង/សប្តាហ៍, និង​អាកាសយានដ្ឋានអន្តរជាតិខេត្ត​ព្រះសីហនុ មានចំនួន ៥០ជើង/សប្តាហ៍។ ជា​មួយ​គ្នា​នេះ​អាកាសយានដ្ឋានតារាសាគរ គឺមាន​ជើងហោះហើរចំនួន ៤ ជើង/សប្តាហ៍​(ទ្វេទិស) ជាជើងហោះហើរក្នុងស្រុករវាងអាកាសយានដ្ឋាន​អន្តរជាតិតេជោ និងអាកាសយានដ្ឋាន​តារាសាគរ។

ទាក់​ទង​នឹង​សកម្ម​ភាព​ហោះហើរ លោក សិរីវុត្ថា ​អះអាង​ថា ដោយ​សារ​សេដ្ឋកិច្ច​ពិភពលោក​មាន​បញ្ហា​មួយ​ចំនួន មាន​ធ្វើ​ឱ្យ​​ជើងហោះហើរចេញ-ចូល របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ(Lao Airlines) មក​កាន់​​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈ​ជើងហោះហើរចេញ-ចូលរវាងទីក្រុង​បាងកក-ភ្នំពេញ-បាងកក ត្រូវ​បាន​កាត់​បន្ថយ​ខ្លះ។

ក្នុងឆ្នាំ២០២៥ ​ភ្ញៀវ​ធ្វើ​ដំណើរ​តាមផ្លូវអាកាសមានចំនួន ៦,៩៩ លាន​នាក់​ កើនឡើង ១២% និង​ទំនិញ​ដឹកជញ្ជូនតាមផ្លូវអាកាស ៩៣ ៨៨៩តោន ​កើន ២១%។ នេះ​បើ​យោងតាមទិន្នន័យ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល៕ ភ្នំពេញ​ប៉ុស្តិ៍​


Post a Comment (0)
Previous Post Next Post