ខេត្តឧត្តរមានជ័យ: អាជ្ញាធរកម្ពុជានៅថ្ងៃទី១៥ ខែឧសភានេះ បានប្រគល់ជនជាតិថៃម្នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ ទៅឱ្យភាគីថៃវិញ ក្រោមយន្តការសម្របសម្រួលរវាងគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា: “ជនជាតិថៃរូបនោះត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង ១០:៥៩នាទី ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ”។
សេចក្តីប្រកាសបានបញ្ជាក់ថា បុរសជនជាតិថៃអាយុ ៥៨ឆ្នាំរូបនេះបានលួចឆ្លងដែនចូលទឹកដីកម្ពុជាដោយខុសច្បាប់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនស្របតាមផ្លូវច្បាប់។
ការប្រគល់ខ្លួននេះធ្វើឡើងតាមរយៈយន្តការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បន្ទាប់ពីភាគីថៃបានស្នើសុំកិច្ចសហការតាមរយៈយន្តការក្រុមការងារទំនាក់ទំនងព្រំដែន កាលពីថ្ងៃទី១៣ ខែឧសភា។
លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងថា: “បន្ទាប់ពីការពិនិត្យ និងវាយតម្លៃស្របតាមវិធានការច្បាប់ លោកឧត្តមសេនីត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា ត្រូវបានចាត់តាំងឱ្យនាំខ្លួនបុរសជនជាតិថៃរូបនោះទៅប្រគល់ជូន ឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិភាគទី២ថៃ ដែលបានមកទទួលដោយផ្ទាល់នៅភាគីថៃ”។

ក្រសួងការពារជាតិបានបញ្ជាក់ថា ការប្រគល់ខ្លួននេះត្រូវបានអនុវត្តស្របតាមគោលការណ៍មនុស្សធម៌។
លោកស្រីបានបន្តថា ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានសំណេះសំណាលក្នុងគោលបំណងបង្កើនការជឿទុកចិត្តគ្នា និងជំរុញកិច្ចសហការក្នុងការទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមានចរិតញុះញង់ ដែលអាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងស្ថិរភាពតាមបណ្តោយព្រំដែន។
យោងតាមសេចក្តីប្រកាសដដែល ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តគោរព និងអនុវត្តឱ្យបានពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងនានា ដែលបានឯកភាពគ្នាកន្លងមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងទៀតថា ភាគីថៃបានថ្លែងអំណរគុណចំពោះអាជ្ញាធរកម្ពុជា ដែលបានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាប្រឈមនានាតាមព្រំដែន ជាពិសេសការខិតខំសម្របសម្រួលឱ្យជនជាតិថៃ ដែលបានលួចចូលទឹកដីកម្ពុជាដោយខុសច្បាប់ អាចវិលត្រឡប់ទៅជួបជុំគ្រួសាររបស់ខ្លួនវិញដោយសុវត្ថិភាព។


