កំពង់ធំៈ កម្លាំងយោធានៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំបានស្ទាក់ចាប់គោយន្តដឹកឈើខុសច្បាប់ចំនួន ២គ្រឿង ផ្ទុកឈើជាង ៤ម៉ែត្រគុប នៅក្នុងឃុំមានរិទ្ធិ ស្រុកសណ្តាន់ កាលពីទៀបភ្លឺព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភានេះ។
លោកអនុសេនីយ៍ទោ ឃាន តុងហ៊ាន់ នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការនៅតំបន់ព្រៃសហគមន៍អូរក្រញូង ឃុំមានរិទ្ធិ ស្រុកសណ្តាន់បានឱ្យដឹងថា ដោយទទួលបានពត៌មានពីបណ្ដាញសម្ងាត់នៅវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី២១ ខែឧសភាបានរាយការណ៍ពីគោយន្ដកន្ត្រៃចំនួនពីរគ្រឿងកំពុងដឹកជញ្ជូនឈើអារជ្រៀកពេញគោយន្ត។ គោយន្តទាំងនេះបានចេញដំណើរពីតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ដោយបានដោយ«ឆ្លងកាត់តំបន់ព្រះអាទិត្យ ស្នាក់ការបរិស្ថានខេត្តកំពង់ធំ» ចូលដល់ទឹកដីខេត្តកំពង់ធំនៅវេលារំលងអាធ្រាត្រ។
ដោយទទួលបានពត៌មាននេះ លោកអនុសេនីយ៍ទោ ឃាន តុងហ៊ាន់ បានរាយការណ៍ និងសុំបញ្ជាពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដើម្បីចល័តកម្លាំងចេញត្រៀមស្ទាក់ចាប់ការដឹកជញ្ជូនឈើខុសច្បាប់នេះ ។ នៅវេលាម៉ោង ៤ និង ១៥នាទីទៀបភ្លឺ ថ្ងៃទី ២២ ខែឧសភា កងកម្លំាងបានស្ទាក់ចាប់បាននៅតំបន់ព្រៃសហគមន៍អូរដាស់ស្គរ ប៉ុន្តែម្ចាស់គោយន្ដបានដោះខ្សែពាន និងយកម៉ារវេន សម្រាប់បញ្ឆេះម៉ាស៊ីនគោយន្ដរត់គេចខ្លួនបាត់។

ឧត្ដមសេនីយ៍ទោ សោម ស៊ុនបានចុះទៅពិនិត្យឈើទាំងនោះ ហើយបានប្រគល់ទៅសង្កាត់រដ្ឋបាលព្រៃឈើ ទំរីង ស្រុកសណ្តាន់ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវ មុខសញ្ញាជនប្រព្រឹត្តបទល្មើស ដើម្បីបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ។
លោកសោម ស៊ុនបានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះលោក អនុសេនីយ៍ទោ ឃាន តុងហ៊ាន់ ដែលបានដឹកនាំសកម្មភាពបង្ក្រាបបទល្មើស ការដឹកជញ្ជូនឈើខុសច្បាប់បានយ៉ាងលំបាកនៅពេលនេះ ខណៈដែលជនល្មើសបានប្រើប្រាស់គ្រប់រូបភាព និងបណ្ដាញយ៉ាងប្រទាក់ក្រឡា ដើម្បីប្រព្រឹត្តិបទល្មើសក្នុងការដឹកជញ្ជូនឈើខុសច្បាប់នៅពេលនេះ ប៉ុន្តែនៅតែមិនអាចគេចផុតពីកងកម្លាំង ដែលខិតខំព្យាយាមទប់ស្កាត់នោះទេ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានប្រគល់ប្រេងឥន្ធនៈមួយចំនួន ជូន
ដល់លោកអនុសេនីយ៍ទោ ឃាន តុងហ៊ាន់ ដើម្បីបន្តសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើ ឲ្យទទួលបានជោគជ័យបន្ថែមទៀត៕


