រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងគាំទ្រដល់សភាអឺរ៉ុប ដែលទើបបានអនុម័តនូវអនុសាសន៍លេខ P10_TA(2026)0182 ដោយបានបង្ហាញពីជំហរគាំទ្រ និងលើកទឹកចិត្តយ៉ាងរឹងមាំឱ្យកម្ពុជា និងថៃ ដោះស្រាយរាល់ជម្លោះទាំងឡាយដោយសន្តិវិធី និងតាមរយៈការសន្ទនាការទូត។
សភាអឺរ៉ុប បានអនុម័តនូវអនុសាសន៍លេខ P10_TA(2026)0182 កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ ផ្តល់ជូនដល់ក្រុមប្រឹក្សាអឺរ៉ុប គណៈកម្មការអឺរ៉ុប និងអនុប្រធានគណៈកម្មការ/តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខសហភាពអឺរ៉ុប ដើម្បីលើកនៅក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
អនុសាសន៍សភាអឺរ៉ុបនេះ បានលើកឡើងពីជំហររបស់សហភាពអឺរ៉ុបអំពីជម្លោះកម្ពុជា-ថៃ ដោយបានបញ្ជាក់ថា៖ «សូមលើកទឹកចិត្តព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ដោះស្រាយជម្លោះដោយសន្តិវិធី និងតាមរយៈការសន្ទនាការទូត ដោយប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលបានបង្កើតឡើង ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងពាក់ព័ន្ធ»។
ចំពោះការអនុម័តនូវអនុសាសន៍លេខ P10_TA(2026)0182 របស់សភាអឺរ៉ុបនេះ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានសម្តែងការស្វាគមន៍ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប និងរដ្ឋសមាជិកទាំងអស់ ដែលបានបន្តឃ្លាំមើល និងយកចិត្តទុកដាក់លើផលប៉ះពាល់នានា (នៃជម្លោះកម្ពុជា-ថៃ) ហើយតែងតែផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជានាពេលកន្លងមក។
ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា បានបញ្ជាក់សារជាថ្មី «នូវជំហរដាច់ខាតក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងគោលការណ៍សហគមន៍អាស៊ាន» ហើយរដ្ឋសភាសង្ឃឹមយ៉ាងមុតមាំថា យន្តការទ្វេភាគី ដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) នឹងបន្តដំណើរការឡើងវិញដោយសុឆន្ទៈពិតប្រាកដ៕

