រឿងព្រំដែន អាល្លឺម៉ង់ចង់​ចូល​ខ្លួន​មក​ធ្វើ​ជា​អ្នក​សម្របសម្រួល​ដោយ​ស្មោះត្រង់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រឿងព្រំដែន អាល្លឺម៉ង់ចង់​ចូល​ខ្លួន​មក​ធ្វើ​ជា​អ្នក​សម្របសម្រួល​ដោយ​ស្មោះត្រង់

 អាល្លឺម៉ង់​ចង់​ចូល​ខ្លួន​មក​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​«ដោយ​ស្មោះត្រង់» លើ​ជម្លោះ​ព្រំដែន កម្ពុជា​-ថៃ ខណៈដែល​អ្នក​វិភាគ​មើល​ឃើញ​តួនាទី​របស់​សហរដ្ឋ​អាមេរិក​មិនសូវ​សកម្ម​ ហើយ​ចង់​ឲ្យ​ចិន​ដើរតួនាទី​កាន់តែ​សំខាន់​ឲ្យ​លើស​ពី​ការងារ​បែបប្រពៃណី។

នៅ​ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​ទៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ចូលរួម​កិច្ច​​ប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ជួប​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​បរទេស​ជា​ច្រើន ដែល​ក្នុង​នោះ​បញ្ហា​ព្រំដែន កម្ពុជា-ថៃ ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ភាគី​អាល្លឺម៉ង់, សហរដ្ឋ​អាមេរិក, និង​ ចិន។

នៅ​ក្នុង​ជំ​នួប​ជាមួយ​អាល្លឺម៉ង់ លោក បា្រក់ សុខុន បាន​ជជែក​អំពី​បញ្ហា​ព្រំដែន​ជាមួយ​លោក Gunther Krichbaum រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់។

ក្រសួងការបរទេស​បាន​ថ្លែង​ថា៖ «នៅក្នុងជំនួបក្រៅផ្លូវការប្រកបដោយអត្ថន័យជាមួយ ឯកឧត្តម Gunther Krichbaum រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់ [លោក Krichbaum] បានទទួលស្គាល់ពី​សភាពធ្ងន់ធ្ងរនៃស្ថានភាពព្រំដែនកម្ពុជា និងប្រជាជនភៀសសឹក។ ភាគីអាល្លឺម៉ង់បានលើកឡើងពី បំណងចង់ធ្វើជា អ្នកសម្របសម្រួលដោយស្មោះត្រង់ ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ»។

ក្នុង​ជំនួប​ជាមួយភាគី​អាមេរិក លោក ប្រាក់ សុខុន បាន​ជួបជាមួយ​លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុក តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ ក្នុង​ជំនួប​នេះ លោករដ្ឋមន្ត្រី​ការបរទេស បានបញ្ជាក់ជាថ្មីថា កម្ពុជាវាយតម្លៃខ្ពស់ ចំពោះតួនាទីការទូតដ៏សកម្មរបស់សហរដ្ឋ​អាមេរិក​ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុង ការសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ និងការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួ។

ក្រសួង​ការបរទេស​ថ្លែង​ថា ភាគី​សហរដ្ឋអាមេរិក​បាន​លើកទឹកចិត្តឱ្យភាគី កម្ពុជា ថៃ គោរពតាមកិច្ចព្រមព្រៀងនេះឱ្យពេញលេញ ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នា។

ក្រសួង​បន្ត​ថា សហរដ្ឋ​អាមេរិក​ក៏​​«បានកោតសរសើរកម្ពុជាយ៉ាងខ្លាំងចំពោះការបង្ក្រាបបទល្មើស​តាមប្រព័ន្ធអ៊ីនធឺណិត និងការអនុម័តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

ចំណែក​ក្នុង​ជំនួប​ជាមួយ​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន​វិញ លោក ប្រាក់ សុខុន បាន​ថ្លែងអំណរគុណចិន​ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុង​ការសម្រុះសម្រួល និងសម្របសម្រួលឱ្យមានការឈប់បាញ់ និងដំណោះស្រាយប្រកបដោយ សន្តិភាពចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានថ្លែង​ថា ស​ម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​ស្រឡាញ់​សន្តិភាព យន្តការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី នឹង​ស្វាគមន៍​ភាគី​ទីបី មិនថា​ជា​ប្រទេស ឬ​ជា​អង្គការ​អន្តរជាតិ​ណា​ទេ ដែល​មាន​បំណង​ដោយ​ស្មោះ​ត្រង់​ចូលរួម​ដោះស្រាយ​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។​

លោក គិន ភា៖ «បើយើង​ពិនិត្យ​មើ​លទៅ អាល្លឺម៉ង់​ក៏​ជាប្រទេស​ដែល​តែង​តែ​គោរព និង​តម្កល់​សណ្ដាប់​ធ្នាប់​ពិភព​លោក​ផ្អែក​លើ​ច្បាប់ គោរព​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ហើយ​ក៏​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ អាល្លឺម៉ង់​អាច​មានឥទ្ធិពលខាងផ្នែកការទូត ខាង​ផ្នែក​សេដ្ឋកិច្ច និង​ក្នុង​ឋានៈជា​ប្រទេស​អំណាច​កណ្ដាល ដែល​មាន​សេដ្ឋកិច្ច​ធំ​នៅ​អឺរ៉ុប ជា​ឆ្អឹង​ខ្នង​នៃ​សហភាព​អឺរ៉ុប»។

លោក​បន្ត​ថា៖ «ប្រសិន​បើ​អាល្លឺម៉ង់​មាន​បំណង​ចូលរួម​ធ្វើ​ជា​អ្នកសម្រប​សម្រួល​ដោយ​ស្មោះត្រង់ ខ្ញុំ​គិត​ថា វាជា​បច្ច័យ​វិជ្ជមាន ហើយ​ក៏ជា​សម្ពាធ​ការទូត​មួយដែរ​ដើម្បី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​រក​តុ​ចរចា ដោយ​ផ្អែកលើ​លិខិតុបករណ៍​អន្តរជាតិដែលភាគី​ទាំងពីរ​ជា​ហត្ថលេខី និង​លិខិតតូបករណ៍​និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ដែល​មូលដ្ឋានគ្រឹះ​សម្រាប់​ដោះស្រាយ​វិវាទ​អន្តរជាតិ​ដោយ​សន្តិវិធី ផ្អែក​លើ​ការ​ទូត​ និង​ការ​ចរចា​ដោយ​សន្តិវិធី»។

សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​បញ្ឈប់​ការ​ប្រយុទ្ធគ្នា​រវាង​ប្រទេស​ទាំងពីរ តួយ៉ាង​បទឈប់បាញ់​ថ្ងៃទី២៨ ខែកក្កដា អាច​សម្រេចបានដោយសារ​តែ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ទូរស័ព្ទទៅមេដឹកនាំ​កម្ពុជា និង ថៃ និង​ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ប្រធាន​អាស៊ាន។ លោក ត្រាំ ថែមទាំង​បាន​ធ្វើ​ជា​សាក្សី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​គួឡាឡាំពួ ថ្ងៃទី២៦ តុលា ទៀតផង។ ប៉ុន្តែ ភាពសកម្ម​របស់​សហរដ្ឋ​អាមេរិក​ហាក់​ថមថយ​នៅពេល​ខ្លួនកំពុង​ជាប់​ដៃ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់។ នេះបើ​តាម​អ្នក​វិភាគ។​

លោក គិន ភា ថ្លែង​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​តួនាទីសំខាន់សម្រាប់​ដំណោះស្រាយ​ព្រំដែន កម្ពុជា-ថៃ ប្រសិន​បើ​អាមេរិក​មាន​យន្តការ​តាមដាន​លើ​អ្វី​ដែល​ខ្លួន​បាន​ជួយ​កាលពីមុន។

លោក​ថ្លែង​ដូច្នេះថា៖ «សហរដ្ឋអាមេរិកនៅ​តែមានតួនាទីសំខាន់ ប៉ុន្តែ​យើង​ចង់​ឃើញ​សហរដ្ឋ​អាមេរិក​ដើរតួនាទីសកម្មជាង​នេះ គឺ​លើស​ពី​ការ​ជំរុញ​ឲ្យ​គោរព​បទឈប់បាញ់ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​គូឡាឡាំពួរ​ប៉ុណ្ណោះទេ។ យើងចង់​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​យន្តការ​តាមដាន​ថាតើ​ភាគី​​ណា​អនុវត្ត និង​ភាគី​​ណា​មិន​អនុវត្ត។ ​ក្នុង​នាម​ពលរដ្ឋខ្មែរ យើង​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​ដើរ​តួនាទី​សកម្មជាង​នេះ​ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​ទី១​របស់​ពិភពលោក​ ពិសេស​គឺ​ការ​ជំរុញ​ឲ្យ​បណ្ដា​រដ្ឋ​តូចៗ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយសន្តិវិធី»។

លោក គិន ភា ក៏​មើល​ឃើញ​តួនាទី​សំខាន់​របស់​ចិន ក្នុង​ការ​ដោះស្រាយ​ជម្លោះ​អន្តរជាតិធំៗ ជាពិសេស​បញ្ហា​សង្គ្រាម​នៅ​ក្នុង​តំបន់។ ចិន​គឺជា​មហា​អំណាច​ដែល​ផ្ដោត​លើ​សណ្ដាប់​ធ្នាប់​ពិភពលោក​ដែល​ផ្អែក​លើ​ច្បាប់។ យ៉ាង​ណា​ក៏ដោយ លោក​ចង់​ឃើញ​ចិន​ដើរតួ​ឲ្យ​លើស​ពី​ការងារ​ការទូត​បែប​ប្រពៃណី​ ហើយឈាន​ដល់​កិច្ចការទូត​ដែល​សកម្មជាង​មុន តាមរយៈការ​បង្កើត​យន្តការ​បន្ថែម​ជា​លក្ខណៈ​អន្តររដ្ឋាភិបាល​ និង​ចូលរួម​ជាមួយ​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ានដើម្បី​តាមដាន​ស្ថានការណ៍​ព្រំដែន។

លោកលើកទឹក​ចិត្ត​ឲ្យ​ប្រទេស​ចិន តាមដាន និង ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា និង ថៃ អនុវត្ត​តាម​​ចំណុច​កុងសង់ស៊ីសទាំង​ ​៥ ចំណុច ដែល​កម្ពុជា​និងថៃ​បាន​សម្រេច​នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រីភាគី ហ្វូស៊ាន (Fuxian Consensus) កាលពី​ថ្ងៃទី២៩ ខែធ្នូ ២០២៥។ លោក​ថា ការ​អនុវត្ត​កុងសង់ស៊ីសនេះ​នឹង​ធានាបាន​នូវ​ប្រក្រតីភាព និង​ស្ថិរភាពនៃ​បន្ទាត់​ព្រំដែន និង​ទំនាក់​ទំនងការទូត​រវាងកម្ពុជា និងថៃ៕


Post a Comment (0)
Previous Post Next Post