ប្រតិបត្តិការចម្រុះនេះធ្វើឡើងក្រោមការបញ្ជាពីលោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំជាន់ខ្ពស់នគរបាល និងកងរាជអាវុធហត្ថ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នេះបើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លេខាធិការដ្ឋាន បានឱ្យដឹងថា: “ទីតាំងទី១ ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ក្នុងនោះ៣នាក់មិនមានលិខិតឆ្លងដែន។ អាជ្ញាធរបានដកហូតទូរសព្ទដៃ១៩គ្រឿង កុំព្យូទ័រ All In One មួយគ្រឿង និងកុំព្យូទ័រយួរដៃមួយគ្រឿង ដែលត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ”។

ទីតាំងទី២ នៅក្នុងបុរីវ័នត្រូពីកា សង្កាត់ឃ្មួញ ខណ្ឌសែនសុខ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន១០នាក់ ក្នុងនោះមានស្ត្រីម្នាក់។ អាជ្ញាធរបញ្ជាក់ថា ជនជាតិចិន៧នាក់ក្នុងចំណោមនោះ មិនមានលិខិតឆ្លងដែន និងត្រូវបានរកឃើញថាស្នាក់នៅប្រមូលផ្តុំគ្នាដោយខុសច្បាប់។

លេខាធិការដ្ឋាន បានបន្ដថា: “ទីតាំងទី៣ ស្ថិតនៅបុរីប៉េងហួត សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន១២នាក់ ដែលសុទ្ធតែមិនមានលិខិតឆ្លងដែនជាប់ខ្លួន”។

ជនសង្ស័យទាំង២៦នាក់ និងសម្ភារៈដកហូត ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់បន្ត។

ការបង្ក្រាបនេះធ្វើឡើងស្របពេលលោក ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានបន្តដាក់បទបញ្ជាឱ្យអាជ្ញាធរ និងកងកម្លាំងនគរបាលទូទាំងប្រទេស ពង្រឹងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានម៉ឺងម៉ាត់បំផុត។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ គឺមានសារៈសំខាន់សម្រាប់ការពារសន្តិសុខសង្គម ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កម្ពុជាបានបង្កើនប្រតិបត្តិការបង្ក្រាបបណ្តាញឆបោកអនឡាញ ខណៈបញ្ហាឧក្រិដ្ឋកម្មបច្ចេកវិទ្យាកំពុងទទួលការចាប់អារម្មណ៍កាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។

រដ្ឋាភិបាលបានអះអាងថា បណ្តាញឆបោកទាំងនេះកំពុងប៉ះពាល់ដល់ទំនុកចិត្តវិនិយោគ ទេសចរណ៍ និងមុខមាត់របស់ប្រទេស៕