ក្រចេះ៖ ក្រុមអភិរក្ស និងអាជ្ញាធរបានជួយសង្រ្គោះសត្វក្តាន់ដែលជាប្រភេទសត្វជិតផុតពូជលើពិភពលោកចំនួន១ក្បាល ក្រោយពេលដែលវារត់ចេញពីព្រៃចូលភូមិអ្នកហើយត្រូវឆ្កែដេញខាំ នៅក្នុងភូមិក្បាលជូ ឃុំសំបុក ស្រុកចិត្របុរី កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភានេះ។
ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃពុធនេះថា សត្វក្តាន់ឈ្មោលមួយក្បាលទម្ងន់ប្រហែល ៤០គីឡូក្រាម បានរត់ចេញពីតំបន់ការពារ ហើយត្រូវបានឆ្កែអ្នកស្រុកដេញខាំ។ វាបានព្យាយាមរត់គេចខ្លួនឡើងលើផ្លូវជាតិ ចូលទៅក្នុងផ្ទះអ្នកភូមិក្បែរនោះ ដែលនៅទីបំផុត សត្វនោះបានរត់ទៅជាប់នៅក្នុងរបងលួសរបស់ផ្ទះអ្នកស្រុក។
អ្នកភូមិបានជូនដំណឹងដល់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF កម្ពុជា ដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការចាប់សត្វក្តាន់ និងនាំយកមកកន្លែងសុវត្ថភាពដើម្បីធ្វើការសង្រ្គោះ។
ក្រុមមន្រ្តីជំនាញ បានពិនិត្យឃើញថា សត្វក្តាន់នោះមានស្នាមរបួសលើខ្លួន ដែលអាចបណ្តាលមកពីការរត់គេចពីការប្រហាររបស់សត្វឆ្កែ។ ក្រុមការងារបានជួយសង្គ្រោះសត្វព្រៃនោះ ហើយបានទាក់ទងក្រុមអង្គការ Cambodia Wildlife Care (CWC) ឱ្យដឹកសត្វក្តាន់ឈ្មោលនោះទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៅរាជធានីភ្នំពេញ ដើម្បីព្យាបាលរបួស និងថែទាំ។ បន្ទាប់ពីជាសះស្បើយ សត្វក្តាន់នោះ នឹងត្រូវដោះលែងត្រឡប់ទៅជម្រកធម្មជាតិរបស់វាវិញ។ក្តាន់ស្ថិតក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិសម្រាប់ការពារធម្មជាតិ (IUCN) ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក។ ការសិក្សានាពេលកន្លងមកបានបង្ហាញថា នៅកម្ពុជាមានវត្តមានប្រមាណជា ១០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ ខេត្តក្រចេះ និងតាមតំបន់ការពារធម្មជាតិមួយចំនួនទៀត នៃភូមិសាស្រ្ត ខេត្តកោះកុង។


