ភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធត់ និងគួរឱ្យសោកសង្រេងមួយ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នករស់នៅក្បែរមាត់ទន្លេ បន្ទាប់ពីបុរសម្នាក់ដែលបានបាត់ ខ្លួនពីផ្ទះអស់រយៈពេល៣ថ្ងៃ ត្រូវបានប្រពន្ធប្រទះឃើញសពក្នុងសភាពហើមស្អុយ នៅក្រោមផែដែលជាកន្លែងស្នាក់នៅជាប្រចាំ លើផ្ទៃទឹកទន្លេ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
តាមព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា សពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារ ជាពិសេសប្រពន្ធ តាមស្វែងរកអស់ជាច្រើនថ្ងៃ បន្ទាប់ពីបាត់ដំណឹងដោយមិនដឹងមូលហេតុ។ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញសពអណ្ដែតនៅក្រោមផែ ក្នុងសភាពហើមស្អុយយ៉ាងខ្លាំង បង្កឱ្យមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងក្រៃលែង។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងភ្លាមៗ និងសហការជាមួយកម្លាំងនគរបាលជំនាញពាក់ព័ន្ធ ព្រមទាំងមន្ត្រីបច្ចេកទេសកោសល្យវិច្ច័យ និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសពយ៉ាងយកចិត្តទុកដាក់។
បន្ទាប់ពីការពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី ខណៈមូលហេតុនៃការស្លាប់ កំពុងស្ថិតក្រោមការស្រាវជ្រាវបន្តរបស់សមត្ថកិច្ច៕





