កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់និងបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីហិង្សា, ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ក្រោយពេលជនរងគ្រោះយកទូរស័ព្ទចិនទៅលក់។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ជាម្ចាស់ហាងកាកាសាឡន មានទីតាំងស្ថិតក្នុងបុរីសានកូ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួននេះ ធ្វើឡើងថ្ងៃទី២៨ ខែមិថុនា ក្រោយពេលជនរងគ្រោះឈ្មោះ អ៊ុត ខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងទៅកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ករណីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់។
យោងតាមអាវុធហត្ថ ជនរងគ្រោះ អ៊ុត ខុន បានរៀបរាប់ថា ខ្លួនគឺជាស្ត្រីមេម៉ាយគ្មានកូន គ្មានផ្ទះសម្បែងហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីយកប្រាក់ឈ្នួល។ ក្រោយមកក៏បានសុំជនសង្ស័យខាងលើស្នាក់នៅជាមួយដើម្បីធ្វើជាអ្នកអនាម័យ ហើយស្នាក់នៅហូបចុកជាមួយគ្នារាប់អានគ្នាដូចម្តាយកូនអស់រយៈពេលជាង ៣ឆ្នាំមកហើយ។
ជនរងគ្រោះបន្តថា ថ្ងៃមួយ សង្សាររបស់ជនសង្ស័យដែលជាជនជាតិចិន បានយកកុំព្យូទ័រ និង ទូរស័ព្ទជាច្រើនគ្រឿងមកទុកនៅផ្ទះរបស់ជនសង្ស័យ គុំ លីកា ហើយរូបគាត់ (ជនរងគ្រោះ) បានយកទូរស័ព្ទរបស់ចិនចំនួន ៣គ្រឿងទៅលក់ បានប្រាក់ ២០ម៉ឺនរៀល។
ដោយខឹងនឹងការយកទូរស័ព្ទទៅលក់នេះ នៅចន្លោះពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ជនរងគ្រោះត្រូវបានឈ្មោះ គុំ លីកា ហៅក្រៅ កាកា វាយធ្វើបាបដោយកំណាត់ឈើ បង្កមានឲ្យឈានច្រើនកន្លែង និងគំរាមកាត់ម្រាមដៃនិងជើងរបស់គាត់ និងគំរាមឃុំទុកក្នុងផ្ទះ។
ជនរងគ្រោះ អ៊ុត ខុន បានរៀបរាប់ថា នៅថ្ងៃទី១៤ ខែមិថុនា ខ្លួនមានឱកាសឡើងលើដំបូលផ្ទះពីខាងក្រោយ រួចដើរមកខាងមុខហាង ហើយក៏សម្រូតខ្លួនចុះតាមចម្រឹងដែក។ ពេលចុះមកដល់ក្រោមក៏បានជិះម៉ូតូឌុបទៅផ្ទះប្អូនស្រីដើម្បីព្យាបាលរបួស ហើយបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។
កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពេលចុះដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវ អាវុធហត្ថក្រុងបានឃាត់ខ្លួនជនសង្ស័យ គុំ លីកា ហៅក្រៅ កាកា រួមទាំងដកហូតវត្ថុតាង កាំបិតប៉័ងតោដងឈើប្រវែង ៣០សង់ទីម៉ែត្រ ចំនួន១ នៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត។
យោងតាមលោក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យ គុំ លីកា បានឆ្លើយសារភាពថា គេពិតជាបានសកម្មភាពប្រើអំពើហិង្សាដូចការប្តឹងចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះយកទូរសព្ទដែលជនជាតិចិន ជាសង្សារបស់ខ្លួនយកទៅលក់យកលុយ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សូមបញ្ជាក់ថា បុរីសានកូ ធ្លាប់ត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីពេលថ្មីៗនេះ ករណីក្រុមជនបរទេសដែលភាគច្រើនជាជនជាតិចិន បានយកទីតាំងរបស់ពួកគេប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)៕

