តំណាងអចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចាកចេញដោយរលូនពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ខណៈពេលដែលលោកក៏បានសង្កត់ធ្ងន់លើភាពមិនច្បាស់លាស់ និងអំពាវនាវឱ្យមានការគាំទ្រផងដែរ។
លោកឯកអគ្គរាជទូត កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងព្រឹត្តិការណ៍ ECOSOC នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែមិថុនា ដោយលោកបានលើកឡើងថា ប្រទេសអភិវឌ្ឍន៍តិចតួចជាច្រើន រួមទាំងកម្ពុជាផងដែរ បានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា នៅតែបន្តប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងវិបត្តិខាងក្រៅផ្សេងៗទៀត។
លោក កែវ ឈា បានថ្លែងថា៖ «កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការអនុវត្តកម្មវិធីសកម្មភាពទីក្រុងដូហា (DPA) និងសម្រេចឱ្យបាននូវការចាកចេញដោយរលូន និងប្រកបដោយចីរភាពពីស្ថានភាពអភិវឌ្ឍន៍តិចតួច (LDC) នៅក្នុងខែធ្នូ ឆ្នាំ២០២៩។ វឌ្ឍនភាពជាលំដាប់ត្រូវបានសម្រេចឡើងក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច សមាហរណកម្មពាណិជ្ជកម្ម និងការផ្លាស់ប្តូរឌីជីថល»។
លោកបានបន្តថា ដើម្បីគាំទ្រដល់ការអន្តរកាលដែលមិនអាចត្រឡប់ថយក្រោយបាន និងប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិសម្រាប់ការចាកចេញពីស្ថានភាព LDC របស់កម្ពុជា ដើម្បីត្រួតពិនិត្យការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រអន្តរកាលដោយរលូន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានដឹកនាំដោយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជាក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិជារួមរបស់កម្ពុជា។
លោកបានបញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់ជាសកលដែលកំពុងបន្តកើតមាន បានបង្ហាញឱ្យឃើញពីភាពងាយរងគ្រោះបន្តបន្ទាប់របស់បណ្តាប្រទេស LDC និងតម្រូវការសម្រាប់ការគាំទ្រអន្តរជាតិប្រកបដោយចីរភាព។ ការចាកចេញពីស្ថានភាព LDC របស់កម្ពុជា គួរតែជាសញ្ញាសម្គាល់នៃវឌ្ឍនភាពយូរអង្វែង មិនមែនជាការបង្កើតនូវបញ្ហាប្រឈមថ្មីៗនោះទេ»។
លោកបានបន្ថែមថា៖ «ហេតុដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យមានសាមគ្គីភាពជាសកលជាថ្មី និងភាពជាដៃគូឱ្យកាន់តែរឹងមាំ ជាពិសេសលើការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការគាំទ្រការអន្តរកាលដោយរលូន»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វាជារឿងដែលគួរឲ្យអបអរសាទរ ប្រសិនបើកម្ពុជាអាចចាកចេញពីស្ថានភាព LDC ដោយជោគជ័យ។ ប៉ុន្តែអ្វីដែលនៅតែជាសំណួរ និងជាក្តីបារម្ភ គឺជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋទូទៅបន្ទាប់ពីការចាកចេញនោះ។
លោកថ្លែងថា៖ «បច្ចុប្បន្ន យើងកំពុងប្រឈមមុខនឹងសម្ពាធខាងក្រៅពីវិបត្តិថាមពល ដែលជះឥទ្ធិពលផ្ទាល់ដល់ប្រជាជនរបស់យើង។ លើសពីនេះ បំណុលកម្រិតគ្រួសារនៅតែមានកម្រិតខ្ពស់ ដែលប៉ះពាល់ដល់ដំណើរការនៃការចាកចេញរបស់កម្ពុជា។ ភាពមិនច្បាស់លាស់ជាសកល ក៏បានជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាផងដែរ»។
លោកបានបន្ថែមថា ឧបសគ្គបន្ថែមរាំងស្ទះផ្ទាល់សម្រាប់ការចាកចេញនេះ គឺការឈ្លានពានដែលបង្កឡើងដោយភាគីថៃមកលើកម្ពុជា ដែលបណ្តាលឱ្យគ្រួសារជាច្រើនបាត់បង់ប្រភពចំណូល ផ្ទះសម្បែង ស្រែចម្ការ និងការអត់ការងារធ្វើក្នុងចំណោមយុវជនមួយចំនួន។
លោកបានបន្តថា៖ «ទាំងអស់នេះគឺជាបញ្ហាប្រឈមដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនកម្ពុជា ដែលធ្វើឱ្យការចាកចេញពីស្ថានភាព LDC របស់កម្ពុជាពិបាកនឹងក្លាយជាការពិត។ ម្យ៉ាងវិញទៀត យើងមិនដឹងថា តើការឈ្លានពានរបស់យោធាថៃនឹងបញ្ចប់នៅពេលណា ហើយយើងក៏មិនដឹងថា ការងារខណ្ឌសីមាព្រំដែនគោកនឹងចាប់ផ្តើមឡើងវិញនៅពេលណាដែរ កុំថាឡើយគិតដល់រឿងសន្តិភាពតាមបណ្តោយព្រំដែននោះ»។
លោកបណ្ឌិត គិន ភា បានលើកឡើងថា ប្រសិនបើការឈ្លានពាន និងការកាន់កាប់របស់ថៃនៅតែបន្ត នោះធនធានដ៏ច្រើននឹងត្រូវបែងចែកសម្រាប់ប្រជាជនភៀសសឹក និងកងកម្លាំងប្រដាប់អាវុធ ដែលវានឹងធ្វើឱ្យបាត់បង់ធនធានសម្រាប់ប្រើប្រាស់ក្នុងដំណើរការជំរុញការចាកចេញពីស្ថានភាព LDC។
លោកក៏បានចង្អុលបង្ហាញផងដែរអំពីបញ្ហាអភិបាលកិច្ចក្នុងស្រុក ថាតើស្ថានភាពបច្ចុប្បន្ន កម្ពុជាមានការត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់ការចាកចេញឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ដោយសារការចាកចេញ នេះនឹងធ្វើឲ្យកម្ពុជាត្រូវបាត់បង់ការទទួលបាននូវការអនុគ្រោះជាច្រើន ដូចជាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម។ លោកថា ស្ថានភាពអភិបាលកិច្ចបច្ចុប្បន្ននៅតែមានភាពយឺតយ៉ាវបែបការិយាធិបតេយ្យ បូករួមទាំងអំពើពុករលួយ បក្ខពួកនិយម និងការរំលោភអំណាច។
លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើយើងមិនអាចដោះស្រាយបញ្ហាទាំងអស់នេះឱ្យបានជោគជ័យទេ វានឹងជះឥទ្ធិពលអវិជ្ជមានដល់យើងបន្ទាប់ពីការចាកចេញ។ វាហាក់បីដូចជាការចាកចេញតែក្នុងរូបភាព ប៉ុន្តែខ្លឹមសារពិតប្រាកដនៅតែជាបញ្ហាដែល»៕

