ភ្នំពេញ: កម្ពុជា និងឥណ្ឌាបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន តាមរយៈការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស ខណៈរាជធានីភ្នំពេញកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅខែកញ្ញាខាងមុខ។
ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ជាមួយលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែកក្កដា។
ជំនួបនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងក្លាយជាបញ្ហាឆ្លងដែន និងទាមទារឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេស។
យោងតាមលេខាធិការដ្ឋាន គ.ប.ឆ.ប. លោក ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌា ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន ក៏ដូចជាការបណ្តុះបណ្តាលមន្ត្រីជំនាញរវាងមជ្ឈមណ្ឌលសម្របសម្រួលបទល្មើសបច្ចេកវិទ្យារបស់ឥណ្ឌា (Indian Cyber Crime Coordination Centre – I4C) និង គ.ប.ឆ.ប.។
លោកបានលើកឡើងថា: “ការចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា និងការពង្រឹងសមត្ថភាពមន្ត្រីជំនាញ គឺជាកត្តាសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការបង្ការ បង្ក្រាប និងប្រយុទ្ធប្រឆាំងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”។
ក្នុងជំនួបដដែល លោកសន្តិបណ្ឌិតក៏បានជម្រាបជូនភាគីឥណ្ឌាអំពីការត្រៀមរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៣ និងទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សន្និសីទនេះ ត្រូវបានរំពឹងថានឹងប្រមូលផ្តុំតំណាងរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ អ្នកជំនាញផ្នែកសន្តិសុខឌីជីថល និងដៃគូអន្តរជាតិ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមថ្មីៗ បទពិសោធន៍ និងយន្តការសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកបានស្នើភាគីឥណ្ឌាឱ្យគាំទ្រ និងចូលរួមចែករំលែកបទពិសោធន៍ក្នុងសន្និសីទនេះ ដោយសារឥណ្ឌាត្រូវបានចាត់ទុកថា ជាប្រទេសមួយដែលមានបទពិសោធន៍ និងប្រព័ន្ធសម្របសម្រួលប្រឆាំងបទល្មើសបច្ចេកវិទ្យារឹងមាំ តាមរយៈមជ្ឈមណ្ឌល I4C។
ជាការឆ្លើយតប លោក Vanlalvawna Bawitlung បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ និងបានបញ្ជាក់ពីការគាំទ្ររបស់ឥណ្ឌាចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងកោតសរសើរចំពោះការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ជនរងគ្រោះពីអំពើឆបោកទាំងនេះ។
លោកក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំសន្និសីទអន្តរជាតិដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែកញ្ញាខាងមុខ ដោយចាត់ទុកថា ជាវេទិកាសំខាន់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
មុនបញ្ចប់ជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា ការសម្របសម្រួលប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីជំនាញ ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជំនួបនេះធ្វើឡើង ខណៈកម្ពុជាកំពុងបន្តពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្វែងរកកិច្ចសហប្រតិបត្តិការពីដៃគូអន្តរជាតិ ដើម្បីទប់ស្កាត់ និងរុះរើបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែស្មុគស្មាញ។
តាមរយៈការរៀបចំសន្និសីទអន្តរជាតិនៅខែកញ្ញាខាងមុខ កម្ពុជាសង្ឃឹមថានឹងជំរុញការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងការកសាងភាពជាដៃគូកាន់តែរឹងមាំរវាងបណ្តាប្រទេស ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងក្លាយជាបញ្ហាប្រឈមរួមរបស់ពិភពលោក។

