ក្រុមហ៊ុន HADID មក​​ពីឌូបៃ បង្ហាញ​បំណង​ចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និង​​ពិចារណាភ្ជាប់ជើងហោះហើរមកកម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រុមហ៊ុន HADID មក​​ពីឌូបៃ បង្ហាញ​បំណង​ចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និង​​ពិចារណាភ្ជាប់ជើងហោះហើរមកកម្ពុជា

 ក្រុមហ៊ុន Hadid International Services (HADID) ដែលឈានមុខផ្នែកសេវាកម្មអាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ​បានបង្ហាញ​គោលបំណង​​ចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ហើយ​​ HADID ដែលមានក្រុមហ៊ុនជាបុត្រសម្ព័នជាច្រើន នៅលើ​ពិភពលោកនោះ ក៏បាន​ពិចារណាភ្ជាប់ជើងហោះហើររបស់ខ្លួនមកប្រទេសកម្ពុជាផងដែរ។


ការ​បង្ហាញ​គោលបំណង​​នេះ ​ធ្វើ​ឡើង​តាម​រយៈ​លោកស្រី Aida Ismail តំណាងក្រុមហ៊ុន និងជានាយិកាប្រចាំតំបន់​របស់ HADID នៅពេល​លោកស្រី​បានដឹកនាំ​ប្រតិភូ និង​សហការីជាន់ខ្ពស់ មក​ចូល​​ជួប​ពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ជាមួយ​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នៅទីស្នាក់ការ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី ២៩ ខែមិថុនា។


នៅក្នុងជំនួបនេះ លោកស្រី Aida Ismail បានធ្វើបទ​បង្ហាញពី​ប្រវត្តិ និង​សកម្មភាព​របស់​ក្រុមហ៊ុន Hadid Aviation ដែល​ជាក្រុមហ៊ុន​ឈានមុខ​ផ្នែក​សេវាគាំទ្រ​អាកាសចរណ៍​អន្តរជាតិ ហើយ​បាន​​បង្ហាញ​ពី​គោល​បំណង​ចូលរួម​ជាមួយ​ក្រសួង​ទេសចរណ៍ ក្នុង​ការ​ផ្សព្វផ្សាយ​សក្តានុពលទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភពលោក តាមរយៈ​បណ្តាញដៃ​គូអន្តរ​ជាតិ ការ​រៀបចំ​​ព្រឹត្តិការណ៍ផ្សព្វផ្សាយ ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ ក៏​ដូច​ជា​ការ​ស្វែងរក​ឱកាស​ពង្រីក​សេវាកម្មអាកាសចរណ៍ ដូចជា Jet Charter និង MEDEVAC នៅកម្ពុជា។


លោក​ស្រី Aida Ismail ​បាន​ឱ្យដឹង​ថា ក្រុមហ៊ុន Hadid Aviation មានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងមានបទពិសោធន៍ជាង ៤០ ឆ្នាំ ក្នុងការផ្តល់សេវាគាំទ្រអាកាសចរណ៍អន្តរជាតិ ដោយប្រតិបត្តិការនៅតំបន់អាហ្វ្រិក អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងតំបន់ផ្សេងៗជាច្រើននៅលើពិភពលោក។ ក្រុមហ៊ុន ក៏បានបង្ហាញពីគម្រោងផ្សព្វផ្សាយ និងសក្តានុពលរបស់កម្ពុជា តាមរយៈការបោះពុម្ពសៀវភៅ និងការបកប្រែ​ពី ៣០ ទៅ ៥០ ភាសា ដើម្បីឱ្យ​ពិភពលោកស្គាល់កម្ពុជាកាន់តែទូលំទូលាយ។

ជាការ​ឆ្លើយតប លោក ហួត ហាក់ បានកោតសរសើរ និង​អរ​គុណចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការ​ចូលរួម​លើក​កម្ពស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការ​តភ្ជាប់​ផ្លូវ​អាកាស​ពី​តំបន់មជ្ឈិមបូព៌ា​មក​កាន់​រាជធានីភ្នំពេញ និងខេត្តសៀមរាប។


ជាមួយគ្នានេះ លោក ហាក់ ​បាន​ស្នើឱ្យ​ក្រុមហ៊ុន ពិនិត្យលទ្ធភាពរៀបចំ​ដំណើរ​កម្សាន្តសិក្សា (FAM Trip) ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​ពីសហព័ន្ធ​អេមីរ៉ាតអារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ា​មកកម្ពុជា ព្រមទាំង​សិក្សា​លទ្ធភាព​បង្កើត​ជើងហោះហើរត្រង់ ឬ ជើងហោះហើរឯកជនបន្ថែម ជាពិសេសមកកាន់ខេត្តសៀមរាប និងជំរុញការអភិវឌ្ឍទេសចរណ៍ VIP និង Business Aviation។


លើស​ពីនេះលោក​រដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន ​បន្ត​ផ្សព្វផ្សាយវីដេអូ និង​ខ្លឹមសារ​អំពី​សក្តានុពលទេសចរណ៍​កម្ពុជា តាម​បណ្តាញផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន រួមទាំង Showroom បណ្តាញសង្គម និង​អេក្រង់​ក្នុង​យន្តហោះ​ក្នុង​ការ​ចូលរួម​គាំទ្រ​យុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» រួមទាំង​ការ​ផ្សព្វផ្សាយ​កម្ពុជា​ជាគោល​ដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​មូស្លីម។


គួរបញ្ជាក់ថា ឆ្នាំ២០២៦ គឺជាខួបលើកទី ៣២ នៃ​ទំនាក់ទំនង​ការ​ទូត​រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអេមីរ៉ាត​អារ៉ាប់រួម ដែលជាមូលដ្ឋាន​ដ៏រឹងមាំ​សម្រាប់​ពង្រីកកិច្ច​សហប្រតិបត្តិការ​លើ​វិស័យទេសចរណ៍ និងអាកាសចរណ៍។


កាល​ពី​ឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ហើយ​ក្នុង​រយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥ លាននាក់ ក្នុងនោះមានភ្ញៀវមកពីតំបន់មជ្ឈិមបូព៌ាប្រមាណ ១​២០០ នាក់ ដែលឆ្លុះបញ្ចាំងពីសក្តានុពលនៃទីផ្សារនេះ៕


Post a Comment (0)
Previous Post Next Post