ក្នុង​ជំនួប​ជាមួយ​លោកស្រី Zittle កាលពីថ្ងៃទី១៥ កក្កដា លោក ​ឆៃ ស៊ីណារិទ្ធ បាន​​លើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា រវាងសមត្ថកិច្ចអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោក​ថ្លែង​ថា៖ «យុទ្ធនាការបោសសម្អាតនេះ នឹងបន្តអនុវត្តយ៉ាងជាប់លាប់ ហើយកម្ពុជានឹងបន្តអនុវត្តនីតិវិធីយ៉ាងតឹងរ៉ឺងទៅលើមេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកផ្តល់មធ្យោបាយ គប់គិតតាមច្បាប់ជាធរមាន សំដៅលុបបំបាត់ និងបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកើតឡើងជាថ្មី។ កម្ពុជាស្វាគមន៍ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ស្មោះត្រង់ ជឿជាក់ ប្រកបដោយទំនុកចិត្ត​​ ជាមួយភាគីមិត្ត ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដ៏ស្មុគស្មាញនិងប្រទាក់ក្រឡាគ្នានេះ»។

គ.ប.ឆ.ប. បាន​ថ្លែង​ថា៖ «លោកស្រី Zittle បានសម្តែងការកោតសរសើរ និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង យន្តការ និងលិខិតូបករណ៍ ក៏ដូចជាលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែននេះ មានលក្ខណៈស្មុគ្រស្មាញ និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសពាក់ព័ន្ធ»។

លោកស្រី Zittle បាន​ថ្លែង​ទៀត​ថា រដ្ឋាភិបាលអាមេរិក តែងតែចាត់ទុក ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាចំណុចអាទិភាពបន្ទាន់មួយ។ ភាគីអាមេរិកសង្ឃឹមថា អាជ្ញាធរអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងអាចស្វែងរកកាលានុវត្តភាពបន្ថែម ដើម្បីបន្តលើកកម្ពស់ និងបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។ នេះ​បើ​តាម គ.ប.ឆ.ប.។

បើ​យោង​តាម គ.ប.ឆ.ប. កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគ្រោងប្រព្រឹត្តទៅនាចុង ខែកញ្ញា ខាងមុខនេះ។

ពាក់​ព័ន្ធនឹង​ការ​ឆបោក​តាម​អនឡាញ​ចេញពីកម្ពុជា ក្នុង​រយៈ​ពេល ៦ខែឆ្នាំ​២០២៦​នេះ កម្ពុជា​បាន​បណ្ដេញ​ចេញ​ជនបរទេស​ពាក់​ព័ន្ធ​ជាង ១ម៉ឺន ៦ពាន់​នាក់ ខណៈដែល​ការ​ដេញចេញ​សរុប​ មាន​ជាង ៤ម៉ឺន ៥ពាន់​នាក់​ក្នុងរយៈពេល​នេះ។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍៕