ដំណើការ​បាក់​ឌុប​ឆ្នាំ២០២៦​មានភាព​ល្អប្រសើរ ខណៈសាលារៀន​ ២៥ នៅព្រំដែននៅតែបន្ត​បិទដោយសារ​ការ​ឈ្លានពានរបស់ថៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ដំណើការ​បាក់​ឌុប​ឆ្នាំ២០២៦​មានភាព​ល្អប្រសើរ ខណៈសាលារៀន​ ២៥ នៅព្រំដែននៅតែបន្ត​បិទដោយសារ​ការ​ឈ្លានពានរបស់ថៃ

 ការ​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ ចាប់​ផ្ដើម​នៅព្រឹក​ថ្ងៃទី១០ សីហា​នេះ ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្លែង​ថា នឹង​មិន​មាន​សកម្មភាព​ណា​មួយ​ប៉ះពាល់​ដល់​ការ​ប្រឡងទេ​ ទោះបី​មាន​ភ្លៀង​ធ្លាក់​បន្តិច​បន្តួច​នៅ​ភ្នំពេញ និង​ខេត្ត​មួយចំនួន។

ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ មាន​បេក្ខជន​ជាង ១៥​ម៉ឺន​នាក់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រា​មាន​ជាង ៣ម៉ឺន​៧ពាន់នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គមជាង ១៣ម៉ឺន​នាក់។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការ​ប្រឡង​នៅ​ព្រឹក​នេះ​នៅរាជធានីភ្នំពេញ​ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ បានឲ្យ​ដឹង​ថា​ ការ​ប្រឡងបាក់​ឌុប​ឆ្នាំ​នេះ​មាន​សភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​បន្តិច ដោយហេតុ​ថា បាក់ឌុប​ឆ្នាំ​២០២៥ ធ្វើ​ឡើងនៅ​ថ្ងៃទី២៨ សីហា គឺ​​ក្នុង​រយៈពេល ១ខែ​គត់ ក្រោយ​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​លើក​ទី១ ​នៅ​ព្រំដែន​កម្ពុជា-ថៃ។

លោក​ថ្លែង​ថា៖ «ឆ្នាំ​មុន​ដូច​យើង​ដឹង​ស្រាប់​ហើយ គឺ​ជា​ឆ្នាំ​ដែល​ថៃ​ឈ្លានពាន​មក​លើ​ប្រទេស​កម្ពុជា។ នៅ​ខេត្ត​ឧត្តរមានជ័យ​ ​សិស្ស​ខ្លះ​​គាត់​រៀន​នៅ​លើ​គោយន្ត ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ សិស្ស​យើង​ម្នាក់​ដែល​ខ្ញុំ​បាន​ជួបសម្រេច​បាន​និទ្ទេស A ហើយ​បាន​ចូលរៀន​នៅ​ឧត្តម​សិក្សា​​មួយ​ដែល​មាន​គុណភាព»។

លោករដ្ឋមន្ត្រី​អប់រំ ថ្លែង​ថា បច្ចុប្បន្ន​នេះ មានសាលា​ចំនួន ២៥ នៅ​ខេត្ត​ជាប់​ព្រំដែននៅតែ​បន្ត​បិទទ្វារ ដោយ​សារ​ស្ថិត​ក្រោមការ​ឈ្លានពាន​របស់​ថៃ ដែលធ្វើ​ឲ្យ​​សិស្ស​មិន​ទាន់​អាច​ត្រឡប់​ទៅ​រៀន​វិញ​បាន។

លោកថ្លែង​ថា៖ «រាជរដ្ឋាភិបាល​កំពុង​ទាមទារ​ធ្វើ​យ៉ាង​ណា​ឲ្យ​​សិស្ស​នៃ​សាលា​ទាំង​អស់​អាច​ត្រឡប់​ទៅរៀន​វិញ​បាន។ មានតែ​សិស្ស​ពី​អនុវិទ្យាល័យ​មួយ​គឺ អនុវិទ្យាល័យ​បន្ទាយ​មានរិទ្ធ​ នៅខេត្ត​ឧត្តរមានជ័យ ដែល​សិស្ស​កំពុង​រៀន​នៅ​ជំរំបណ្ដោះអាសន្ន»។

ពាក់​ព័ន្ធ​នឹង​ភាព​ត្រឹមត្រូវ​នៃ​ការ​ប្រឡង​បាក់​ឌុប លោក​ថ្លែង​ថា នឹង​មិន​មាន​អំពើ​ពុក​រលួយ​នៅក្នុង​ការ​ប្រឡង​នោះទេ ដោយសារ​តែ​ការ​រៀបចំត្រឹមត្រូវ ការ​រឹតបន្តឹង​ និង​មាន​ការ​ចូលរួម​ឃ្លាំមើល​ពីភាគី​ពាក់​ព័ន្ធ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្លែង​ថា អង្គភាព​របស់​លោក​បាន​ដាក់​ពង្រាយ​ភ្នាក់​ងារ​ត្រួត​ពិនិត្យ​ជាង​ ៤ពាន់​នាក់ គឺជា​ចំនួន​ដែល​ដូច​ទៅនឹង​ឆ្នាំ​មុន​ដែរ៕


Post a Comment (0)
Previous Post Next Post