ស្របពេលដែលប្រទេសនានា នៅលើពិភពលោក បាននាំគ្នាអបអរសាទរ ខួបលើកទី ២៣ ទិវាសន្តិភាពអន្តរជាតិ (២១ កញ្ញា ២០០៣ – ២១ កញ្ញា ២០២៦) លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើទៅកាន់ភាគីថៃឱ្យគោរពកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែន។
នៅក្នុងសារលិខិតអបអរសាទរ ខួបលើកទី ២៣ ទិវាសន្តិភាពអន្តរជាតិនេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នៅថ្ងៃទី២១ កញ្ញា រៀងរាល់ឆ្នាំ បណ្តាប្រទេសនានានៅទូទាំងសកលលោក រួមទាំងកម្ពុជាផងដែរ គូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់គុណតម្លៃដ៏ថ្លៃថ្លានៃសន្តិភាព និងសម្តែងនូវកតញ្ញុតាធម៌ដល់វីរជនគ្រប់រូប ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុសន្តិភាព។លោក ម៉ាណែត បានអះអាងថា បទពិសោធន៍ប្រវត្តិសាស្ត្រដ៏ជូរចត់ និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានឡើយ ប្រសិនបើខ្វះឆន្ទៈនយោបាយពិតប្រាកដ និងការអនុវត្តជាក់ស្ដែងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់។
ដើម្បីឱ្យសន្តិភាពអាចចាក់ឫសយ៉ាងជ្រៅ រឹងមាំ និងមានចីរភាព កម្ពុជាតែងតែប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវជំហរគោរពអធិបតេយ្យ និងសមភាពរវាងរដ្ឋ ការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង ការអនុវត្ត កាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងយន្តការពហុភាគី ជាពិសេសការជ្រើសរើសយកវិធីសាស្ត្រដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។
ក្នុងន័យនេះ លោក ម៉ាណែត បានចាត់ទុក «សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា» ព្រោះសន្តិភាពនេះហើយ ដែលបានផ្ដល់ឱកាសមាសឱ្យប្រទេសកម្ពុជាអាចស្តារ និងកសាងជាតិឡើងវិញ ជំរុញការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និងសកលលោក។
លោកបញ្ជាក់ថា៖ «សន្តិភាព បានអនុញ្ញាតឱ្យយើងមានលទ្ធភាពផ្ដោតធនធានទាំងអស់លើការអភិវឌ្ឍគ្រប់វិស័យ ដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជាតួអង្គដ៏សកម្ម និងមានការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការអន្តរជាតិ។ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ កម្ពុជាបាននិងកំពុងចូលរួមចំណែកប្រកបដោយមោទនភាពក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោក»។
ជាមួយហេតុផលនេះ កម្ពុជាចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន បានបញ្ចូនកងកម្លាំងថែរក្សាសន្តិភាពសរុបចំនួន ១០.៩១២នាក់ (ក្នុងនោះមានស្ត្រី ចំនួន ១.០៨២នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន១០ រួមមាន ឆាដ ស៊ូដង់ ស៊ូដង់ ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។
យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ាណែត បានលើកឡើងពីប្រវត្តិដ៏ឈឺចាប់នៃភ្លើងសង្រ្គាម ដែលកម្ពុជា បានឆ្លងកាត់ជាច្រើនដំណាក់កាល ហើយនៅតែបន្តទទួលរងផលប៉ះពាល់ពីការឈ្លានពានអធិបតេយ្យជាតិពីប្រទេសជិតខាង ដោយសំដៅទៅដល់យោធាថៃ ដែលនៅតែបន្តរំលោភបំពានកាន់កាប់ទឹកដីកម្ពុជា ហើយលោកស្នើឱ្យភាគីថៃ មានការគោរពទៅលើកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា។
លោកបញ្ជាក់ថា៖ «ឆ្លងកាត់ការឈឺចាប់ និងផលវិបាកដ៏ខ្លោចផ្សានៃសង្គ្រាម ព្រមទាំងផលប៉ះពាល់ពីការឈ្លានពាន អធិបតេយ្យជាតិនាពេលថ្មីៗនេះ យើងរឹតតែយល់ច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព កាលានុវត្តភាព ដ៏ទូលំទូលាយដែលសន្តិភាពបានបង្កើតឡើង និងភាពផុយស្រួយនៃសន្តិភាព ដែលយើងត្រូវតែរួមគ្នា ថែរក្សា និងការពារឱ្យបានដាច់ខាត»។
លោកបន្ថែមថា៖ «ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជាថ្មីម្តងទៀតឱ្យភាគីថៃគោរពកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែន ក៏ដូចជា ការរួមរស់ប្រកបដោយភាពសុខដុមនៃប្រជាជនប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ»។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្តប្រកាន់ខ្ជាប់គោលការណ៍គ្រឹះនៃសន្តិភាព ការគោរពអធិបតេយ្យ ស្មើភាព ដោះស្រាយវិវាទដោយសន្តិវិធីដោយអនុលោមតាមច្បាប់អន្តរជាតិ ដោយមិនប្រើកម្លាំង ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព និងប្រកបដោយបរិយាប័ន្ន។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែម៕

