ក្រសួងមហាផ្ទៃ​ បដិសេធការអះអាងរបស់ទូត​ថៃនៅ UN ដែលព្យាយាមចោទពលរដ្ឋកម្ពុជា ចូលរស់នៅលើទឹកដីថៃតាំងពីឆ្នាំ១៩៧០
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួងមហាផ្ទៃ​ បដិសេធការអះអាងរបស់ទូត​ថៃនៅ UN ដែលព្យាយាមចោទពលរដ្ឋកម្ពុជា ចូលរស់នៅលើទឹកដីថៃតាំងពីឆ្នាំ១៩៧០

 ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​អ្នក​នាំពាក្យ​រង លោក ទូច សុឃៈ បាន​ធ្វើការបដិសេធទាំងស្រុង និងទាត់ចោលការអះអាងរបស់តំណាងថៃប្រចាំអង្គការសហប្រជាជាតិ (UN) ដែលព្យាយាមចោទថា ប្រជាពលរដ្ឋកម្ពុជា​នៅតំបន់ភូមិជោគជ័យ និងព្រៃចាន់ បានចូលរស់នៅលើទឹកដីថៃ ហើយ​ថែមទាំង​បាន​អំពាវនាវឱ្យកម្ពុជាកុំយកបញ្ហាព្រំដែនទៅលើកឡើងនៅវេទិកាអន្តរជាតិ។

ការលើក​ឡើង​របស់​លោក ទូច សុឃៈ នៅ​ថ្ងៃទី ៣០ ខែកញ្ញានេះ គឺ​សំដៅ​ទៅ​​លើសេចក្តី​ថ្លែង​ការណ៍​របស់​​​លោក Cherdchai Chaivaivid ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំអង្គការសហប្រជាជាតិ​នៅទីក្រុងញូវយ៉ក នៅ​ក្នុង​សម័យប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA 81) លើកទី៨១ កាលពីថ្ងៃទី២៨ ខែកញ្ញា ដោយបានចោទប្រកាន់មក​លើកម្ពុជាម្តងហើយម្តង​ទៀត ហើយថែម​ទាំង​បានអះអាងថា ប្រជាពលរដ្ឋកម្ពុជា​បាន​សាងសង់​ទីជម្រក​នៅលើទឹកដីថៃ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។

លោក ទូច សុឃៈ បានលើកឡើងទៀតថា ការអះអាងម្តងហើយម្តងទៀត​របស់​ភាគីថៃ មិន​អាចប្រែក្លាយការ​អះអាងឯកតោ​ភាគី​ឱ្យ​ក្លាយ​ជា​ការ​ពិត​ផ្លូវ​ច្បាប់បាន​ទេ។ ខ្សែ​ព្រំដែន​អន្តរជាតិ មិន​ត្រូវបាន​កំណត់​ដោយ​សេចក្តីថ្លែងការណ៍ ផែនទី​ឯកតោ​ភាគី វត្តមាន​កង​កម្លាំង ការ​ដាក់​ទូ​កុងតៗ​ន័របិទផ្លូវ លួសបន្លា ឬស្ថានភាពដែល​ភាគីថៃ​បាន​បង្កើត​ឡើង​នៅលើដីនោះឡើយ។

លោក​បន្ត​ថា សូម្បីតែ​ឯកសារ​ផ្លូវការ​របស់​ក្រសួងការបរទេសថៃ ក៏ទទួលស្គាល់ថា ព្រំដែនកម្ពុជា-ថៃ មានមូលដ្ឋាន​ពី​អនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទី​ពាក់​ព័ន្ធ ខណៈ MOU ឆ្នាំ២០០០ កំណត់ឱ្យការ​វាស់វែង និង​ខណ្ឌសីមាព្រំដែន ត្រូវធ្វើរួមគ្នា​តាមរយៈគណៈកម្មការចម្រុះ​ខណ្ឌសីមាព្រំដែនគោល (JBC)។

«ហេតុដូច្នេះ បើ​ភាគីថៃជឿជាក់ថា តំបន់ដែល​ខ្លួន​កំពុង​អះអាង​ជា​ទឹកដី​របស់​ខ្លួន​នោះ មាន​មូលដ្ឋាន​គតិយុត្ត​ច្បាស់លាស់ សូម​យកផែនទី កូអរដោនេ និងឯកសារគតិយុត្តមកផ្ទៀងផ្ទាត់ជាមួយកម្ពុជា តាមយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងរួចហើយ»។ លោក ទូច សុឃៈ បានបញ្ជាក់។

លោកបានបន្ថែម​ទៀត​ថា ការប្រើកងកម្លាំង ការដាក់លួស​បន្លា ទូកុង​តឺន័រ ការ​ជីក​លេណដ្ឋាន ឬ​ការ​​បង្កើត​ស្ថានភាពជាក់​ស្តែង​នៅ​លើដី មិនអាច​បង្កើត​ខ្សែ​ព្រំដែន ឬ​សិទ្ធិអធិបតេយ្យស្របច្បាប់បានឡើយ ហើយ​ការលើកឡើងរបស់ថៃអំពី «ជម្រកតាំងពីទសវត្សរ៍ឆ្នាំ១៩៧០» ក៏មិនអាចជំនួសចម្លើយ​ចំពោះ​បញ្ហា​ស្នូលបច្ចុប្បន្នបានដែរ។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​រូបនេះ បានសង្កត់​ធ្ងន់​ថា៖ «បញ្ហាដែលត្រូវដោះស្រាយនៅថ្ងៃនេះ គឺ​ប្រជាពលរដ្ឋកម្ពុជា​រាប់​ម៉ឺន​នាក់ នៅតែមិន​អាច​វិល​ត្រឡប់​ទៅ​លំនៅឋានរបស់ខ្លួន ខ​ណៈយោធាថៃ​នៅតែ​បន្ត​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើទឹកដី ដែល​ជាដែនអធិបតេយ្យរបស់កម្ពុជា»។ លោក​បន្ថែម​ថា កាល​ពី​ចុងខែកក្កដា ឆ្នាំ២០២៦ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ​ក៏​បានបញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា​ជាង ២០,០០០នាក់នៅតែភៀសខ្លួន។

ទន្ទឹមនឹងនេះ លោក ទូច សុឃៈ បានចាត់ទុកការ​បន្ត​យក​ប្រវត្តិសាស្ត្រ​ដោយ​ជ្រើសរើស​តែ​ចំណុចមាន​ប្រយោជន៍​សម្រាប់​ថៃ​ខ្លួនឯង និង​ការ​ចោទ​ប្រកាន់​ប្រជាពលរដ្ឋកម្ពុជា មក​បកស្រាយ​ជំនួសស្ថានភាពបច្ចុប្បន្នថា ជាការ​បង្វែរ​ចំណាប់​អារម្មណ៍​ចេញ​ពី​សំណួរ​ស្នូល​ដែល​ភាគីថៃ​ត្រូវ​ឆ្លើយ «តើហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋខ្មែរ នៅតែ​មិន​អាច​វិល​ត្រឡប់​ទៅ​លំនៅឋាន​របស់ខ្លួន ហើយ​ហេតុអ្វីបាន​ជាការវាស់វែងរួមតាម JBC មិនត្រូវ​បាន​យក​មក​ធ្វើ​ជា​មធ្យោបាយ​កាត់​សេចក្តី​លើការអះអាងដីធ្លីទាំងនេះ?»។

ជាពិសេស ភាគីថៃខ្លួនឯង​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា ភាគីទាំងពីរ​ត្រូវ​រក្សា​ទីតាំង​កម្លាំង​ដោយ​គ្មាន​ការ​រុល​ទៅមុខ ការ​រៀបចំក្រោម​បទឈប់បាញ់ មិនប៉ះពាល់ដល់ការខណ្ឌសីមា និង​ព្រំដែនអន្តរជាតិ ត្រូវប្រគល់ការវាស់វែងទៅ JBC ហើយត្រូវអនុញ្ញាត​ឱ្យ​ប្រជាពល​រដ្ឋ​ក្នុង​តំបន់​រងផល​ប៉ះពាល់​វិល​ត្រឡប់​ទៅ​ផ្ទះ​ដោយគ្មាន​ការ​រារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

«ហេតុនេះ ការអះអាងថា ថៃ «គោរពបទឈប់បាញ់» មិនអាចវាស់ត្រឹមតែថា មិនមានការ​បាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​នោះទេ។ ត្រូវវាស់​​តាម​ការ​អនុវត្ត​ខ្លឹមសារ​ទាំងមូល​នៃ​កិច្ច​ព្រមព្រៀង រួម​ទាំងការ​មិន​រុល​កម្លាំង ការ​មិន​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ដី ការ​មិនធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការកំណត់​ព្រំដែន និងការធានា​ឱ្យ​ជនស៊ីវិលអាច​វិល​ត្រឡប់​ទៅ​ផ្ទះ​បាន»។ លោក ទូច សុឃៈ បានបញ្ជាក់​។

ចំពោះការអំពាវនាវ​ឱ្យ​កម្ពុជា​កុំ​លើក​បញ្ហា​ព្រំដែន​ទៅ​វេទិកាអន្តរជាតិ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា កម្ពុជា​មិន​អាច​ត្រូវ​បាន​ទាមទារ​ឱ្យ​ស្ងៀមស្ងាត់ ខណៈ​បញ្ហា​ដែល​ប៉ះ​ពាល់​ដល់អធិបតេយ្យភាព បូរណភាពដែន និងសុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅតែមិនទាន់ត្រូវបានដោះស្រាយ។ ការលើក​បញ្ហា​តាម​មធ្យោបាយ​សន្តិវិធី ស្រប​នឹង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដែលតម្រូវ​ឱ្យ​រដ្ឋដោះស្រាយ​វិវាទ​ដោយសន្តិវិធី និង​គោរព​អធិបតេយ្យភាព​និងបូរណភាព​ដែនដី​របស់​គ្នា​ទៅវិញទៅមក។

លោក​បញ្ជាក់​ថា៖​ «ដរាបណាយោធាថៃ​នៅតែ​មាន​សកម្មភាព​រំលោភលើអធិបតេយ្យភាព និងបូរណភាព​ដែនដីរបស់ខ្លួនដោយខុសច្បាប់ ការរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅលំនៅឋាន ឬការ​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើដី កម្ពុជា​នឹង​នៅតែត្រូវ​បន្ត​ផ្ដល់​សិទ្ធិ​ដោយ​ច្បាប់​ក្នុង​ការ​និយាយ បន្ត​បង្ហាញ​ភស្តុតាង និងបន្តលើកបញ្ហាទាំងនេះ នៅគ្រប់យន្តការ​សន្តិវិធី ទាំងទ្វេភាគី តំបន់ និងអន្តរជាតិ»។

«រឿងងតែមួយគត់ គឺភាគីថៃត្រូវគោរពឯកសារ​ដែល​ខ្លួន​បាន​ចុះហត្ថ​លេខា និង​ដោះស្រាយ​ការខ្វែង​គំនិត​តាម​យន្តការ​ដែល​ភាគីទាំងពីរ​បានព្រមព្រៀង»។ លោក សុឃៈ បន្ថែម​ថា បើថៃ​អះអាងថាជាទឹកដីរបស់ខ្លួន សូមបង្ហាញមូលដ្ឋានគតិយុត្ត។ បើអះអាងថា គោរពបទឈប់បាញ់ សូមអនុវត្ត​ខ្លឹមសារ​របស់បទឈប់បាញ់ឱ្យបានពេញលេញ។ ការអះអាងឯកតោភាគីមិនអាចបង្កើតព្រំដែនបានទេ។ ស្ថានភាពដែលបង្កើតឡើងដោយកម្លាំងមិនអាចជំនួសការវាស់វែងតាមច្បាប់បានឡើយ រីឯការស្នើឱ្យកម្ពុជាស្ងៀមស្ងាត់ ក៏មិនអាចធ្វើឱ្យបញ្ហាដែលនៅមានជាក់ស្តែងលើដីបាត់ទៅបានដែរ៕


Post a Comment (0)
Previous Post Next Post