ប្រទេសហ្វីលីពីន បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធាជាមួយប្រទេសកម្ពុជា ជាពិសេសរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ហើយហ្វីលីពីន ក៏បាននឹងកំពុងដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) យ៉ាងសកម្មក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ផងដែរ។
ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធារបស់ប្រទេសទាំង២ ត្រូវបានលើកឡើង នៅក្នុងជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកនាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦នេះ។
នៅក្នុងជំនួបនោះ លោក Antonio G Natarrete បានរំឭកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសហ្វីលីពីន និងកម្ពុជា ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ ហើយលោកបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំង២។
ជាមួយគ្នានេះ លោក Antonio G Natarrete បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ហ្វីលីពីន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធាជាមួយកម្ពុជា ជាពិសេសរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ចំណែកលោក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះ លោក Antonio G Natarrete ដែលត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពហ្វីលីពីន នាពេលថ្មីៗនេះ ហើយលោកបានបង្ហាញនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ តាមរយៈការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា៖ «កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ព្រមទាំងឈានទៅសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស នាពេលខាងមុខ និងខិតខំប្រែក្លាយកិច្ចព្រមព្រៀងទាំងនេះ ឱ្យក្លាយជាសកម្មភាព និងលទ្ធផលជាក់ស្ដែង»។
បន្ថែមលើនេះ លោក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។
លោក ម៉ាណែត ក៏បានប្រាប់លោក Antonio G Natarrete និងគណៈប្រតិភូ នូវការវិវត្តថ្មីៗ នៃសភាពការណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។
លើសពីនោះ លោក ហ៊ុន ម៉ាណែត និងលោក Antonio G Natarrete បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកងទ័ពនិងកងទ័ព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ដូចជាការបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការវាយប្រហារតាមប្រព័ន្ធសាយប័រជាដើម សំដៅរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោក៕

