រដ្ឋមន្ត្រី​​អប់រំ​ព្រមាន​អំពី​ហានិភ័យ​​ការដើរថយក្រោយ​នៃ​ចំណេះដឹង​ដោយ​ពឹងអាស្រ័យ​ធំពេក​លើ​ AI
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រដ្ឋមន្ត្រី​​អប់រំ​ព្រមាន​អំពី​ហានិភ័យ​​ការដើរថយក្រោយ​នៃ​ចំណេះដឹង​ដោយ​ពឹងអាស្រ័យ​ធំពេក​លើ​ AI


 ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន នៅ​ថ្ងៃទី​១៧ ខែធ្នូ បាន​ព្រមាន​ថា ​​កម្ពុជា​អាច​នឹង​ដើរ​ថយក្រោយ​ប្រទេស​អភិវឌ្ឍន៍​បន្ថែមទៀត ប្រសិនបើ​​បរាជ័យ​ក្នុងការ​ទទួលយក​បញ្ញា​សិប្បនិម្មិត ដោយ​ជំរុញ​ឱ្យ​សាកលវិទ្យាល័យ​នានា​ទទួលយក​បច្ចេកវិទ្យា​នេះ​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​មានការ​ទទួលខុសត្រូវ ដើម្បី​ពង្រឹង​សមត្ថភាព​ចំណេះដឹង​ពិតប្រាកដ​​។​

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យខេមតិច​ លោក ណា​រ៉ុ​ន បាន​និយាយថា៖ «​បញ្ញាសិប្បនិម្មិត​ AI ជួយ​សិស្ស​-និស្សិត​សិក្សារៀន​សូត្រ​បាន​លឿន​ជា​ង​មុន ទទួល​បាន​នូវ​ចំណេះដឹង​ច្រើន និង​ជំរុញ​សេដ្ឋកិច្ច​កែប្រែ​មុខមាត់ បដិវត្ដកម្ម​ឌីជីថល​លឿន​ ក៏ដូចជា​ប្រទេស​រីក​ចម្រើន​លឿន​»។

យ៉ាង​ណាមិញ លោក​បាន​ព្រមាន​ថា បើសិន​ជា​កម្ពុជា​ចាប់​យក​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​មិន​ទាន់​ទេ វា​ធ្វើ​ឱ្យ​មាន​គម្លាត​កាន់តែ​ខ្លាំង​រវាង​ប្រទេស​អភិវឌ្ឍ និង​ប្រទេស​កំពុង​អភិវឌ្ឍ​។

លោក ណារ៉ុន ទទួល​ស្គាល់ថា បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតក៏មាន​ផល​ប៉ះពាល់​ច្រើន​ទាំង​ទៅលើ​វិស័យ​អប់រំ សេដ្ឋកិច្ច កសិកម្ម និង​ឧស្សាហកម្ម​។

លោក​ថ្លែងថា​៖ «​នៅ​ពេល​អនាគត ជាពិសេស ប្អូន​ៗ​ដែល​រៀន​ផ្នែក​វិទ្យាសាស្ដ្រ និង​​បច្ចេកវិទ្យា​ យើង​នឹង​ឃើញ​ថា ចំពោះ​វិស័យ​កសិកម្ម គេ​ប្រើ​ដ្រូន​សិក្សា​ពី​ដី ដាក់ជី ដែល​អា​ច​ធ្វើ​ការ​ទាំង​យប់ ទាំង​ថ្ងៃ​»។

លោក​បាន​លើកឡើងពី​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ចំពោះ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​។

ក្រៅពី​គម្លាំង​នៃការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​រវាង​ប្រទេស​ និង​ប្រទេស វា​ក៏​បាន​បង្កើត​នូវ​គម្លាំង​នៅ​ក្នុង​ប្រទេស​ផង​ដែរ ដោយ​អាជីព​ការងារ​មួយ​ចំនួន​រង​ប៉ះពាល់​ផង​ដែរ។

លោក​បានបន្ដថា​៖ «​អាជីព​មួយ​ចំនួន​ទាក់ទង​ការសរសេរ​ត្រូវបាន​ជំនួស​ដោយ​ AI តែ​អាជីព​មួយ​ចំនួន​ទៀត​មាន​ការ​កើនឡើង​។ AI ជួយ​ដល់​ការ​ស្រាវជ្រាវ​របស់​និស្សិត ជួយ​ការ​សិក្សា​ឱ្យ​មាន​ប្រសិទ្ធភាព​»។

យ៉ាងណាមិញ លោក​បាន​លើកឡើងថា ការពឹងអាស្រ័យ​លើ​ AI សរសេរនិក្ខេបបទ មិន​មែនជា​ការ​សិក្សា​រៀន​សូត្រ​នោះទេ ពីព្រោះ​គំនិត​នេះ​គឺជា​ការ​បង្កើត​ឡើង​ដោយ AI។

លោក ណារ៉ុន បានបញ្ជាក់ថា៖ ​«ទន្ទឹមនឹងការ​លើក​ទឹកចិត្ដ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់ សកលវិទ្យាល័យ​មួយចំនួន​ចាប់ផ្ដើម​ប្រើ​ប្រាស់​ AI ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​។ ក្រសួង​អប់រំ​លើក​ទឹកចិត្ដដល់​សកលវិទ្យាល័យ​នីមួយៗ​​បង្កើត​ជា​ក្រម​សីលធម៌​»។

លោកបាន​ពន្យល់ថា​៖ «នៅក្នុង​យុគ​សម័យ​ AI នេះ គ្រូ​ត្រូវកែ​លម្អ​វិធីសាស្ដ្រ​បង្រៀន ដើម្បី​លើកទឹកចិត្ដ​ឱ្យ​សិស្ស​ធ្វើការ​ស្រាវជ្រាវ​គំនិត​ខ្លួន​ឯង ស្រាវជ្រាវ​ដោះស្រាយ​បញ្ហា ធ្វើការ​ត្រេះរិះ​ពិចារណា​ មាន​ភាព​ជា​អ្នក​ដឹកនាំ​ និង​ប្រើ​ប្រាស់​ AI ជាជំនួយ​»លោករដ្ឋមន្ដ្រី​លើក​ទឹកចិត្ដ​ឱ្យ​មាន​ការ​ប្រឡង​ផ្ទាល់​មាត់​ ដែល​ឆ្លុះបញ្ចាំងពី​ចំណេះដឹង​ពិតប្រាកដ​ ដោយ​មិន​អាច​ពឹង​អាស្រ័យ​លើ​ការសរសេរ​ ស្រាវជ្រាវ​ពី​បច្ចេកវិទ្យា AI។

យ៉ាងណាមិញ លោក​ទទួល​ស្គាល់​ថា រាល់​ទម្រង់​នៃការសិក្សាទាំងអស់​សុទ្ធតែ​ល្អ​ចំពោះ​សិស្ស​-និស្សិត​ពី​បច្ចេកវិទ្យា​សិប្បនិម្មិត​។

​លោកស្រី លឹម លីណា តំណាងប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យខេមតិច បាន​និយាយថា ការអប់រំ និង​ការអភិវឌ្ឍ​ធនធានមនុស្ស គឺជា​ចំណុច​ស្នូល​នៃ​​ការរីកចម្រើន​រយៈពេល​វែង​របស់​​កម្ពុជា​។​

លោកស្រី​បាន​គូសបញ្ជាក់​ពី​ការ​ស្របគ្នា​របស់​សាកលវិទ្យាល័យ​ជាមួយនឹង​ផែនការ​យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​ឆ្នាំ​២០៥០ របស់​រដ្ឋាភិបាល​​។​

លោកស្រី​បាន​​ឱ្យដឹង​ថា៖ «​ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ខេមតិចបានបង្កើតដោយជោគជ័យនូវមន្ទីរពិសោធន៍បញ្ញាសិប្បនិមិត្តសម្រាប់ការអប់រំ (AILab4Education) សម្រាប់ការពង្រឹងសមត្ថភាពក្នុងវិស័យអប់រំ​ ស្រាវជ្រាវ និងអនុវត្តជាក់ស្តែងលើផ្នែក​បច្ចេក​វិទ្យា AI»។

​ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមតិច បាន​ឱ្យដឹងថា ខេមតិច​ មាន​គោលបំណង​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​របស់​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល និង​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​នៅ​ឆ្នាំ​២០៣០ តាមរយៈ​ការស្រាវជ្រាវ​អនុវត្ត និង​ការអប់រំ​ដែល​ផ្តោតលើ​នវានុវត្តន៍​។​

លោក​បាន​ថ្លែង​ថា៖ «​ក្នុងនាម​ជា​ស្ថាប័ន​ដែល​ផ្តោតលើ​នវានុវត្តន៍ និង​ជា​សហគ្រិន យើង​ខិតខំអភិវឌ្ឍ​​ប្រទេស​កម្ពុជា​ទៅជា​មជ្ឈមណ្ឌល​នៃ​ចំណេះដឹង បច្ចេកវិទ្យា និង​ការចាប់ផ្តើម​អាជីវកម្ម​»។​

​កញ្ញា គ្រី សុរចនា ជានិសិ្សតជ័យលាភីមួយក្នុងចំណោមនិស្សិតជំនាញវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិតបានបញ្ជាក់ថា៖ «​គ្រួសាររបស់ខ្ញុំតែងតែឱ្យ​តម្លៃខ្ពស់ទៅលើការអប់រំ ជាពិសេសជាមួយនឹងស្ថានភាពតានតឹងនៅតាមព្រំដែនដែលយើងឃើញសព្វថ្ងៃនេះ វាបានរំឭកខ្ញុំថា ការអប់រំ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន»៕


Post a Comment (0)
Previous Post Next Post