ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រកាសនៅថ្ងៃទី១៨ ធ្នូ នេះថា សារមន្ទីរសិល្បៈអាស៊ីសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco) បានសម្រេចប្រគល់វត្ថុ បុរាណខ្មែរចំនួន១៣រូបជូនមកកម្ពុជាវិញ។ វត្ថុបុរណាទាំងនេះមានអាយុកាលតាំងពីសម័យអង្គរ។
ក្រសួងថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការសិល្បៈអាស៊ី បានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរ ដ៏វិចិត្រទាំង១៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានា ដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវជ្រាវកម្ពុជា និងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី។
ក្នុងចំណោមវត្ថុទាំង១៣រូបនេះ រួមមានបដិមាជាទេវរូប ព្រះសិរទេពប្រុស ចម្លាក់តោ និងចម្លាក់ គ្រឿងបង្គំប្រាសាទនានា។
បើតាមក្រសួងវប្បធម៌ ការសិក្សាវិភាគលើភស្តុតាងដោយមន្ត្រីជំនាញសារមន្ទីរ និងក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថា វត្ថុទាំងនេះមានជាប់ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងជាមួយ លោក ឌូក្លាស ឡាតហ្វដ (Douglas Latchford) ដែលបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា៖ «វត្ថុដ៏វិចិត្រដែលប្រគល់មកវិញទាំងនេះ គឺជាផ្នែកមួយនៃមរតកវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរ ដែលមិនត្រឹមតែជាការស្តារឡើងវិញនូវការចងចាំ ផ្នែកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការព្យាបាលស្លាកស្នាមរបួសផ្លូវចិត្ត ដែលបន្សល់មករាប់ទសវត្សរ៍ដោយសារ សង្គ្រាម និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ»។
លោកថ្លែងកោតសរសើរចំពោះសារមន្ទីរសិល្បៈអាស៊ី ដែលបានបង្ហាញនូវតម្លាភាពក្នុងការចែករំលែកព័ត៌មានជាមួយកម្ពុជាអំពីប្រភពដើមនៃវត្ថុ និងឯកសារពាក់ព័ន្ធនានា។
លោកស្រីថ្លែងដូច្នេះថា៖ «ការបើកទូលាយនេះពិតជាមានសារៈសំខាន់ណាស់ដែលផ្តល់លទ្ធភាពឱ្យយើងអាចបង្ហាញការពិតអំពីប្រវត្តិនៃសម្បត្តិវប្បធម៌ និងអាចស្វែងរកយុត្តិធម៌ ក្នុងករណីនេះ។ នៅពេលដែលស្ថាប័នពាក់ព័ន្ធទាំងអស់អាចចែករំលែកភស្តុតាង និងព័ត៌មានអំពីប្រភពដើមដោយចំហ និងដោយស្មោះត្រង់ វាពិតជាជួយជំរុញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវបេតិកភណ្ឌវប្បធម៌ដ៏ពិសិដ្ឋរបស់កម្ពុជា ដែលជាម្ចាស់នៃមរតកទាំងនោះ»។
លោកស្រីក៏បានថ្លែងអំណរគុណដល់សារមន្ទីរ និងភាគីពាក់ព័ន្ធដែលជួយក្នុងការសម្របសម្រួលលើកិច្ចការនេះ៕






