តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានថ្លែងប្រាប់កិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចប្រជុំប្រចាំខែ អំពីការឈ្លានពានរបស់ថៃ និងការទាត់ចោលកិច្ចសន្ទនារបស់ថៃ ហើយបែរទៅប្រើកម្លាំងយោធារំលោភបំពានអធិបតេយ្យកម្ពុជា។
លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) នៅថ្ងៃទី១៥ ធ្នូ បានចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអ.ស.ប. ស្តីពី «ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនៅអាស៊ីកណ្តាល» នៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក។ នៅក្នុងឱកាសនេះ លោកថ្លែងថា «ការដោះស្រាយជម្លោះព្រំដែន ត្រូវធ្វើដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា មិនមែនដោយកម្លាំងយោធានោះឡើយ»។
នៅក្នុងកិច្ចប្រជុំនេះ លោកបានជម្រាបជូនគណៈកម្មការកសាងសន្តិភាពអ.ស.ប.ថា កម្ពុជាបាននិងកំពុងរងការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាជនស៊ីវីលស្លូតត្រង់បាត់បង់ជីវិត រងរបួស និងភៀសសឹក។ បន្ថែមពីលើនេះ ការឈ្លានពាននេះបានបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលទង្វើទាំងនេះផ្ទុយពីគោលការណ៍នៃភាពជាអ្នកជិតខាងល្អ មានចែងក្នុងធម្មនុញ្ញអ.ស.ប.។
លោកសង្កត់ធ្ងន់ថា៖ «ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អាចធ្វើទៅបានតាមរយៈការជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែការដោះស្រាយជម្លោះដោយសន្តិវិធី ពុំអាចកើតឡើងបានទេ នៅពេលដែលប្រទេសមួយទាត់ចោលកិច្ចសន្ទនា ងាកទៅប្រើប្រាស់កម្លាំងយោធា ហើយពុំអើពើនឹងយន្តការសន្តិភាពនានា ក្នុងការដោះស្រាយជម្លោះ»។
នៅក្នុងថ្ងៃដដែលនោះ លោកក៏បានចូលរួមកិច្ចពិភាក្សាបើកចំហសម្រាប់ខែធ្នូ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី «ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព»។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក លោក កែវ ឈា ក៏បានលើកឡើងអំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីអំពើឈ្លានពានរបស់យោធាថៃ។
លោកបានថ្លែងថា៖ «ការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសរបស់ប្រទេសថៃកាន់តែខ្លាំងឡើងរហូតដល់ ៩០ គីឡូម៉ែត្រមកក្នុងតំបន់ដែលជនស៊ីវិលកម្ពុជារស់នៅ គឺជាទង្វើឈ្លានពានយ៉ាងជាក់ច្បាស់ មិនមែនជាជម្លោះព្រំដែន ហើយក៏មិនមែនជាការការពារខ្លួននោះដែរ»។
លោកបន្តថា៖ «ប្រទេសថៃតែងតែតំាងខ្លួនឯងថាជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែបែរជាបដិសេធនូវរាល់ដំណោះស្រាយដោយសន្តិវិធីទៅវិញ។ ថៃបានបដិសេធការដោះស្រាយជម្លោះតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដោយឯកតោភាគី ប្រកាសបិទការចរចា បដិសេធរាល់បទឈប់បាញ់ និងបញ្ជាក់ពីចេតនារបស់ខ្លួនកាច់បំបាក់សមត្ថភាពយោធារបស់កម្ពុជា»។
លោកបញ្ជាក់ថា វិបត្តិនេះគូសបញ្ជាក់ពីតម្រូវការសម្រាប់ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ដែលផ្អែកលើច្បាប់អន្តរជាតិ, អំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. និងសហគមន៍អន្តរជាតិ ឱ្យការពារធម្មនុញ្ញអ.ស.ប. និងរម្លឹកថា ភាពស្ងៀមស្ងាត់ អាចនឹងធ្វើឱ្យមានប្រក្រតីកម្មនៃការឈ្លានពាន ហើយធ្វើឱ្យប៉ះពាល់ដល់ពហុភាគីនិយម៕

