កម្ពុជា​ស្នើ​រដ្ឋភាគី​អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម​ ថ្កោលទោស​ថៃ​ដែល​ប្រើ​គ្រាប់​បែក​ចង្កោម​មក​លើ​​ទីតាំង​ស៊ីវិល​កម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា​ស្នើ​រដ្ឋភាគី​អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម​ ថ្កោលទោស​ថៃ​ដែល​ប្រើ​គ្រាប់​បែក​ចង្កោម​មក​លើ​​ទីតាំង​ស៊ីវិល​កម្ពុជា

 អាជ្ញាធរមីន បានរាយការណ៍ពីផលប៉ះពាល់នៃគ្រាប់បែកចង្កោមរបស់ថៃមកលើជនស៊ីវិល និងសហគមន៍កម្ពុជា ជូនចំពោះប្រធានសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនៅទីក្រុងវៀងចន្ទន៍ ដែលដឹកនាំដោយលោក ថងសាវ៉ាន់ ផុមវិហាន (Thongsavanh Phomvihane) រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ។


នៅក្នុងលិខិតមួយផ្ញើជូនលោក ថងសាវ៉ាន់ នៅថ្ងៃទី១៥ ខែធ្នូ ទេសរដ្ឋមន្ត្រី លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា (CMAA) បានលើកឡើងថា មានក្តីបារម្ភផ្នែកមនុស្សធម៌ និងផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលកើតចេញពីសកម្មភាពយោធាថ្មីៗរបស់ថៃប្រឆាំងនឹងកម្ពុជា ដែលក្នុងអំឡុងពេលនោះ គ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់នៅក្នុងតំបន់ជនស៊ីវិល។


គ្រាប់បែកចង្កោមទាំងនោះត្រូវបានបាញ់អំឡុងពេលនៃការឈ្លានពានកាលពីថ្ងៃទី២៤-២៨ ខែកក្កដា និងការឈ្លានពានដែលកំពុងបន្តចាប់តាំងពីថ្ងៃទី៧ ខែធ្នូ មក​ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិល ការភៀសខ្លួនទ្រង់ទ្រាយធំ និងការភ័យខ្លាចព្រមទាំងទុក្ខវេទនាយ៉ាងទូលំទូលាយ។ ក្រោយជម្លោះកាលពីខែកក្កដា កុមារកម្ពុជាម្នាក់បាន​ស្លាប់ដោយកូនគ្រាប់នៃគ្រាប់បែកចង្កោមដែលប្រើប្រាស់ដោយកងកម្លាំងថៃ។


លោកបានគូសបញ្ជាក់នៅក្នុងលិខិតនោះថា៖ «គ្រាប់បែកចង្កោមមានលក្ខណៈមិនរើសមុខ ហើយការប្រើប្រាស់គ្រាប់ប្រភេទនេះនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅ បង្កហានិភ័យរយៈពេលវែងដល់អាយុជីវិត និងជីវភាពរស់នៅរបស់ជនស៊ីវិល ដោយសារតែកូនគ្រាប់ដែលមិនទាន់ផ្ទុះនៅតែអាចសម្លាប់មនុស្សបានរាប់ខែ ឬរាប់ឆ្នាំ។ ផលវិបាកផ្នែកមនុស្សធម៌នៃការវាយប្រហារបែបនេះគឺធ្ងន់ធ្ងរណាស់ ជាពិសេសសម្រាប់កុមារ កសិករ និងប្រជាជនងាយរងគ្រោះដទៃទៀត»។


ដោយយោងតាមរបាយការណ៍ពីសមរភូមិមុខនៃយោធភូមិភាគទី៤ របស់កម្ពុជា លោក លី ធុជ បានលើកឡើងថា ហេតុការណ៍គ្រាប់បែកចង្កោមចុងក្រោយបំផុតបានកើតឡើងនៅថ្ងៃទី១៣ ខែធ្នូ វេលាម៉ោង ៥:៤៥ នាទីព្រឹក នៅពេលដែលយោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនៅបរិវេណប្រាសាទព្រះវិហារ។


ហេតុការណ៍ទីពីរបានកើតឡើងនៅថ្ងៃទី១៤ ខែធ្នូ វេលាម៉ោង ៣:១០ នាទីទៀបភ្លឺ នៅពេលដែលយោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមម្តងទៀតនៅក្នុងតំបន់ដដែល។


លោក លី ធុជ បានលើក​ឡើងថា៖ «ទោះបីជាប្រទេសថៃមិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ក៏ដោយ ការប្រើប្រាស់អាវុធទាំងនេះនៅក្នុងតំបន់ជនស៊ីវិល គឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើច្បាប់មនុស្សធម៌អន្តរជាតិ។ ភាព​មិនរើសមុខរបស់អាវុធនេះ សក្តានុពលនៃការបង្កគ្រោះថ្នាក់យូរអង្វែង និងផលប៉ះពាល់មិនសមាមាត្រលើប្រជាជនស៊ីវិល ធ្វើឱ្យការប្រើប្រាស់អាវុធទាំងនេះមិនអាចទទួលយកបានឡើយក្នុងកាលៈទេសៈណាក៏ដោយ»។


លោកបានអំពាវនាវដល់លោក ថងសាវ៉ាន់ និងសមាជិក​នៃអនុសញ្ញាទាំងមូលឱ្យថ្កោលទោសការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងតំបន់ជនស៊ីវិល ព្រមទាំងគូសបញ្ជាក់ពីផលវិបាកមនុស្សធម៌ដ៏មហន្តរាយ និងតស៊ូមតិដើម្បីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់មនុស្សធម៌អន្តរជាតិដោយគ្រប់ភាគីពាក់ព័ន្ធ។


លោកបានបញ្ជាក់ថា ការគាំទ្របែបនេះមានសារៈសំខាន់ណាស់ដើម្បីការពារនូវបូរណភាព និងគោលបំណងនៃអនុសញ្ញា និងដើម្បីធានាថាបទដ្ឋានសកលប្រឆាំងនឹងគ្រាប់បែកចង្កោមត្រូវបានពង្រឹង។


លោកបានថ្លែងថា៖ «កម្ពុជានៅតែប្តេជ្ញាចំពោះដំណោះស្រាយដោយសន្តិវិធី ការការពារជនស៊ីវិល និងគោលការណ៍មនុស្សធម៌ដែលជាមូលដ្ឋានគ្រឹះនៃ CCM។ យើងសូមអំពាវនាវដោយគោរពដល់សហគមន៍ CCM ឱ្យចូលរួមក្នុងការលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពដ៏ធ្ងន់ធ្ងរនេះ ចូលរួមថ្កោលទោសអំពើឈ្លានពានទាំងនេះ និងគាំទ្រវិធានការដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រាប់បែកចង្កោមបន្ថែមទៀតប្រឆាំងនឹងប្រជាជនស៊ីវិល»៕


Post a Comment (0)
Previous Post Next Post