ខេត្ដបន្ទាយមានជ័យ៖ លោក គឹម ធា ជាជាងឈើអាយុ ៣៥ ឆ្នាំមកពីក្រុងប៉ោយប៉ែត បានរត់ភៀសសឹកពីការបាញ់ផ្លោងរបស់ទាហានថៃជាមួយកូនតូចៗបីនាក់ តាមរយៈម៉ូតូចាស់មួយគ្រឿង និងលុយតែ ១ម៉ឺនរៀល ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅជិតព្រំដែនកម្ពុជា-ថៃ។
រូបថតពីការជម្លៀសបង្ហាញថា លោក ធា និងកូនបីនាក់កំពុងជ្រកកោននៅមណ្ឌលសុវត្ថិភាពផ្សារចម្ការតាដោក ក្នុងស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ។
លោកបាននិយាយថា៖ «ខ្ញុំរត់សណ្ដោងកូនតូចៗ៣នាក់ ដោយមិនបានយកអ្វីជាប់ខ្លួនទេ ហើយណាមួយខ្ញុំអត់មានអ្វីផង ដោយសារយើងរស់នៅផ្ទះគេទេ។ មកដល់ជំរំនេះ មានអ្នកជិតខាងឱ្យឆ្នាំដាំបាយ និងចង្ក្រានហ្គាសមួយ ដោយគ្មានមុង កន្ទេល ភួយសម្រាប់កូនតូចៗ ដោយសាររង់ចាំអាជ្ញាធរចុះឈ្មោះ ធ្វើប័ណ្ណជាមុនសិន»។
ដោយបានអះអាងថា ភរិយាចាកចោលគ្រួសារ បន្សល់ទុកឱ្យកូនតូចៗនៅជាមួយឪពុក លោក ធា បានឱ្យដឹងថា ពួកគេទាំងបួនឪពុក និងកូនបានជ្រកកោណជាមួយផ្ទះ ដែលម្ចាស់មានចិត្ដធម៌ ខណៈកូនបងអាយុ ១០ឆ្នាំ និងកូនទីពីរ អាយុ ៨ឆ្នាំ នៅរៀនថ្នាក់ទីមួយឯសាលាបឋមសិក្សាទំនប់ ៥ ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ក្នុងមណ្ឌលភៀសសឹកថា៖ «ទោះខ្ញុំក្រកម្រិតណា ក៏ខ្ញុំព្យាយាមលៃលកឱ្យកូនៗបានទៅរៀនដែរ។ កូនប្រុសច្បងខ្ញុំអាយុ ១០ឆ្នាំហើយទើបបានរៀនថ្នាក់ទីមួយ ដោយសារកន្លងមក ខ្ញុំឧស្សាហ៍ឡើងធ្វើពលករនៅថៃ។ តែក្រោយមក ដោយមិនសល់អ្វីលើសពីការធ្វើការក្នុងស្រុក ខ្ញុំក៏សម្រេចចិត្ដឈប់ទៅថៃ តាំងពីឆ្នាំ២០២៣ មកធ្វើការងារសំណង់ និងជាងឈើនៅប៉ោយប៉ែតវិញ»។



