កម្ពុជាលែងត្រីរាជមួយក្បាលទម្ងន់ជិត១០០គីឡូក្រាម ចូលទៅក្នុងទន្លេមេគង្គ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជាលែងត្រីរាជមួយក្បាលទម្ងន់ជិត១០០គីឡូក្រាម ចូលទៅក្នុងទន្លេមេគង្គ

 ភ្នំពេញ ៖ ក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងថា ត្រីរាជទម្ងន់ជិត១០០គីឡូក្រាម ដែលជាត្រីទឹកសាបដ៏កម្រត្រូវបានមន្រ្តី នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាមលែងចូល ទៅក្នុងទន្លេមេគង្គ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានដោះលែងត្រីរាជមួយក្បាល ចូលទៅក្នុងទន្លេមេគង្គវិញ ដែលជាទន្លេធម្មជាតិ។

ជាត្រីញី មានប្រវែង ២១៥សង់ទីម៉ែត្រ ទម្ងន់សរុប ៩៧គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ៥០០។ មច្ឆាដ៏កម្រនេះ ចាប់បានដោយឧបករណ៍ម៉ាញ់ នៅតាមដងទន្លេមេគង្គ ក្នុងភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយអ្នកនេសាទ។ អ្នកនេសាទបានរាយការណ៍ប្រាប់មន្រ្តីជំនាញ បន្ទាប់ពីនេសាទបាន។

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានទទួលព័ត៌មានពីប្រជានេសាទ ថា នេសាទបានត្រីរាជមួយក្បាល ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ 

បើតាមក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានឲ្យដឹងថា ត្រីរាជជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំ ៣ ប្រភេទ និង ២ប្រភេទទៀត គឺ បបែលយក្ស និងត្រីគល់រាំង។ ត្រីរាជអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។ ត្រីរាជស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកា មានស្បែករលោង មានពុកមាត់ខ្លី០២គូ មានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន០៧ ព្រុយខ្លាញ់តូច ព្រុយគូថវែង មិនជាប់ជាមួយកន្ទុយ និង មានមាត់នៅខាងក្រោម។

ត្រីរាជ ត្រូវបានកត់បញ្ចូលទៅក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ឈានទៅរកការផុតពូជ របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះ ត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ សំដៅលើអនុសញ្ញា ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និង ដឹកជញ្ជូនផ្សេងៗ នេះបើតាមក្រសួងកសិកម្ម៕

ប្រភព ៖ (CCFR)


Post a Comment (0)
Previous Post Next Post