ថវិកាក្រសួង​ការពារ​ជាតិ​​ឆ្នាំ​២០២៦ មាន​កំណើន​តិចតួចធៀប​នឹង​ឆ្នាំ​២០២៥
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ថវិកាក្រសួង​ការពារ​ជាតិ​​ឆ្នាំ​២០២៦ មាន​កំណើន​តិចតួចធៀប​នឹង​ឆ្នាំ​២០២៥

 រាជរដ្ឋាភិបាលកម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ខាង​មុខ​នឹង​មាន​ថវិកាប្រមាណ ៩,៦ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ដំណើរ​ការ​កសាង អភិវឌ្ឍន៍​ និងការ​ពារ​​ប្រទេស ដោយចំនួន​នេះ​បាន​​កើន​ឡើង​តិចតួច​បើធៀប​នឹង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុសម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៥។​ សម្រាប់​ក្រសួង​ការពារ​ជាតិ គឺ​មាន​ថវិកាប្រមាណជិត ៧៥០ លាន​ដុល្លារ​។​


ព្រះរាជក្រម​ស្តីពី​ «ច្បាប់​ស្តីពី​ហិរញ្ញវត្ថុសម្រាប់​ការ​គ្រប់​គ្រង​ ឆ្នាំ​២០២៦» ដែល​ចុះ​ហត្ថលេខាដោយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ត្រង់​មាត្រា​ ២ បង្ហាញ​ថា ​ចំនួន​ទឹក​ប្រាក់​ជា​អតិបរមា​នៃ​ឥណទាន​ចំណាយ​ថវិកា​ថ្នាក់ជាតិ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៦ ត្រូវ​បាន​កំណត់​ស្មើនឹង ៣៨ ៤៥២ ៦៥៨ លាន​រៀល (ប្រហែល ៩,៦១ ពាន់លាន​ដុល្លារ​)​។ ចំនួន​នេះ ​​គឺ​កើន​ឡើង​ប្រមាណ ៨,៦៣% បើ​ធៀប​នឹង​ឆ្នាំ​២០២៥ ដែល​មាន​ ៣៥ ៣៩៨ ១៧៥ លាន​រៀល​ (៨,៨៥ ពាន់លាន​ដុល្លារ)។


ឯកសារ​​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០២៦ ក្រសួង​ការពារ​ជាតិ នឹង​មាន​ថវិកា​ចំនួន ២ ៩៩៩ ៥៩៧ លាន​រៀល(៧៥០ លាន​ដុល្លារ) កើន​ឡើង ១,១៨% ធៀប​នឹង​ឆ្នាំ​២០២៥។ ទឹក​ប្រាក់ក្រសួង​​ការពារ​ជាតិ មាន​ចំណែក​ប្រមាណ ៧,៨% នៃ​គម្រោង​ចំណាយ​សរុប​របស់​រដ្ឋាភិបាល​ ក្នុង​ឆ្នាំ២០២៦។​


ជាមួយ​គ្នា​នេះ ក្នុង​ឆ្នាំ​២០២៦ រដ្ឋាភិបាល​នឹង​បញ្ចេញ​ចំណាយ​ ២ ០៤៤ ៣១០ លាន​រៀល (៥១១,០៨ លាន​ដុល្លារ) សម្រាប់​ក្រសួង​មហាផ្ទៃ-សន្តិសុខសាធារណៈ ដោយ​កើន​​ពី ២ ០៣៩ ៣០២ លាន​រៀល (៥០៩,៨២ លាន​ដុល្លារ) កាល​ពី​ឆ្នាំ​២០២៥។​


ក្នុង​កិច្ច​ប្រជុំ​ជាមួយ​គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម(គណៈកម្មការទី២)​នៃរដ្ឋសភា កាល​ពី​ពេល​កន្លង​មក លោក​​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​និយាយ​ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបន្តជំរុញអនុវត្តយ៉ាងសស្រាក់សស្រាំនូវបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន​ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតរាថយក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងថែរក្សាសុខសន្តិភាព និងប្រជាជន។


លោក​បន្ត​ថា រដ្ឋាភិបាល​អាណត្តិ​ទី៧ ​​ក៏ផ្ដោត​លើ​ការពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកិច្ចការកែទម្រង់កាន់តែស៊ីជម្រៅ​លើគ្រប់វិស័យលើមាគ៌ាបន្តឈានទៅសម្រេចឋាន:ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់(ឆ្នាំ​២០៣០) នាពេលខាងមុខ។


លោកបាន​បញ្ជាក់ថា ថវិកាឆ្នាំ​២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ស្របតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និងឈរលើការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើទិដ្ឋភាពធំៗចំនួន ៣ រួមមាន ទី១ គឺ​និន្នាការថមថយនៃចំណូល, ទី២​ គឺ​សម្ពាធនៃតម្រូវការចំណាយដែលមានការកើនឡើង​ហើយដែលមុខសញ្ញាខ្លះត្រូវមានកំណើនជាចាំបាច់ ពិសេសកិច្ចការការពារអធិបតេយ្យ និងបូរណភាពទឹកដី ប្រាក់សោធន កម្មវិធីគាំពារសង្គម បដិភាគនៃការវិនិយោគ សេវាបំណុល, និងទី៣ គឺ​ការស្រកស្រុតនៃប្រាក់សន្សំរបស់រាជរដ្ឋាភិបាលដោយសារផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និង វិបត្តិផ្សេងទៀត ជាបន្តបន្ទាប់ ហើយដែលមិនទាន់​អាចស្តារឡើងវិញបាននៅឡើយ។


លោក​បាន​អះអាង​​ថា៖​«ទោះបីជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងណាក៏ដោយ គម្រោងថវិកាឆ្នាំ​២០២៦ ត្រូវបានរៀបចំ​ដោយមានតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ព្រមទាំងធានាបាននូវចីរភាពស្របតាម «ជំហរគោលនយោ​បាយ​ពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើន ផ្តោតការយកចិត្តទុកដាក់ជាពិសេស​លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការអភិវឌ្ឍមូលធនមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល»៕


Post a Comment (0)
Previous Post Next Post