ប្រតិភូថៃ ក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំ នៅព្រឹកថ្ងៃទី២៥ ធ្នូ ២០២៥។ ក្រសួងការពារជាតិ
គិតត្រឹមម៉ោង ១០ និង ៥០នាទីព្រឹកនេះ យោធាថៃបានបាញ់កាំភ្លើងធំ ៣៣គ្រាប់ចូលភូមិតាឡី បណ្ដាលឲ្យបាត់បង់ជនស៊ីវិល១នាក់ និង របួស ៧នាក់ ខណៈដែលក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមហើយនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។
យោងតាមក្រសួងការពារជាតិ ការបាញ់មកលើភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ ចាប់ពីម៉ោង ៧ព្រឹក ដែលគិតត្រឹមម៉ោង ១០:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចំនួន ៣៣គ្រាប់។ ការបាញ់ផ្លោងនេះបានបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា «យ៉ាកំរោលនិងអមនុស្សធម៌ជាទីបំផុត» បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១នាក់ និងរងរបួសចំនួន ៧នាក់។
ស្របពេលជាមួយគ្នានេះ កិច្ចប្រជុំនៃក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានបន្តនៅក្នុងថ្ងៃទី២ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។
ក្រសួងការពារជាតិថ្លែងថា នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕
សេចក្ដីកែតម្រូវ៖ ក្រសួងមហាផ្ទៃ បានកែតម្រូវរបាយការណ៍ចេញផ្សាយព្រឹកនេះដែលថាមានជនស៊ីវិលម្នាក់បានស្លាប់ និង ៧នាក់រងរបួស ដោយសារការបាញ់ផ្លោងរបស់យោធាថៃ ទៅលើភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ របាយការណ៍ថ្មីបញ្ជាក់ថា ការបាញ់ផ្លោងរបស់យោធាថៃដោយកាំភ្លើងធំចំនួន ៣៣គ្រាប់ បានបណ្ដាលឲ្យមនុស្សម្នាក់រងរបួស និងមិនមានបាត់បង់ជីវិតទេ។ ក្រសួងស្នើឲ្យសារព័ត៌មានទាំងអស់សហការកែត្រូវ។

