ត្រីគង់រាំង១៣ក្បាលដែលជាប្រភេទជិតផុតពូជ ត្រូវបានបំពាក់ស្លាក និងដោះលែងទៅជម្រកធម្មជាតិ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ត្រីគង់រាំង១៣ក្បាលដែលជាប្រភេទជិតផុតពូជ ត្រូវបានបំពាក់ស្លាក និងដោះលែងទៅជម្រកធម្មជាតិ





 ពេញៈ «ក្រុមជួយសង្គ្រោះត្រីកំពុងរងគ្រោះ» បានសង្រ្គោះ បំពាក់ស្លាក និងលែងត្រីគង់រាំងយ៉ាងហោចណាស់១៣ក្បាល ដែលជាប្រភេទត្រីជិតផុតពូជ ទៅក្នុងជម្រកធម្មជាតិវិញនៅក្នុងរយៈពេលប្រមាណជា១ខែចុងក្រោយនេះ។ ការអភិរក្សនេះ គឺជាការថែរក្សាអត្តសញ្ញាណជាតិ និងសម្បត្តិដូនតាខ្មែរ ដែលមានឆ្លាក់នៅផ្ទាំងប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត។

ដោមើលឃើញពីតម្រូវការអភរិក្ស វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានបង្កើតក្រុម «ជួយសង្គ្រោះត្រីកំពុងរងគ្រោះ» (Rapid-response team)ដែលមានការចូលរួមសហការពីម្ចាស់ឧបករណ៍នេសាទដាយត្រី ប្រជានេសាទតាមដងទន្លេមេគង្គ បឹងទន្លេសាប និងទន្លេសាបផង។ បើគិតចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមការងារនេះបានជួយសង្គ្រោះត្រីគល់រាំង(the Mekong giant barb) បានបំពាក់ស្លាក និងលែងឱ្យវាត្រឡប់ចូលទៅទីជម្រកធម្មជាតិ ក្នុងបឹងទន្លេសាប ទន្លេសាប និងទន្លេមេគង្គវិញ បានចំនួន ១២ក្បាល។ ត្រីទាំងនោះមានទម្ងន់ចាប់ពី ៧គីឡូក្រាម ដល់ ៧៨គីឡូក្រាម និងប្រវែងចាប់ពី ៦៩សង់ទីម៉ែត្រ ដល់ ១៤៧សង់ទីម៉ែត្រ។ នេះបើយោងតាមគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។ នេះបើយោងតាមគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ(Wonders of the Mekong)។

ត្រីគល់រាំង ត្រូវបានចាត់បញ្ចូលជាប្រភេទត្រីកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) កាលពីឆ្នាំ២០១១។ ប្រភេទត្រីគល់រាំង ក៏ត្រូវបានចាត់ជាមច្ឆជាតិនិមិត្តរូប នៃប្រទេសកម្ពុជា ដោយព្រះរាជក្រឹត្យលេខ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ផងដែរ។គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានកត់សម្គាល់ថា មានកត្តាគំរាមកំហែងជាច្រើនចំពោះពួកវាមានដូចជា ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការនេសាទហួសកម្រិត ការប្រែប្រួលអាកាសធាតុ និងការបាត់បង់ទីជម្រក ដែលធ្វើឱ្យរំខានដល់ការបង្កកំណើត និងការធំលូតលាស់របស់ប្រភេទត្រីដ៏ធំនេះ។

គម្រោងនេះបានលើកឡើងថា៖«ការរួមគ្នាថែរក្សាត្រីតំណាងជាតិ ស្មើនឹងអ្នកបានថែរក្សាអត្តសញ្ញាណជាតិ និងសម្បត្តិដូនតាខ្មែរឱ្យស្ថិតស្ថេរចីរកាល។ ការការពារត្រីតំណាងជាតិកម្ពុជា និងត្រីយក្សនៅក្នុងទន្លេមេគង្គ គឺជាសកម្មភាពលើសពីការងារអភិរក្ស។ វាជាទង្វើនៃការការពារថែទាំកេរដំណែលដូនតា និងជីវៈចម្រុះទឹកសាបដែលមិនអាចកាត់ថ្លៃបាន ដែលមានមនុស្សរាប់លាននាក់កំពុងតែពឹងអាស្រ័យ។ អនាគតនៃសម្បត្តិធម្មជាតិនេះគឺស្ថិតនៅក្នុងដៃរបស់មនុស្សគ្រប់ៗគ្នា»។

ការចាត់ទុកការអភិរក្សនេះថា ជាការថែរក្សាអត្តសញ្ញាណជាតិ និងសម្បត្តិដូនតាខ្មែរនោះ គឺដោយសារតែ ធនធានត្រីទាំងនេះ ត្រូវបានដូនតាខ្មែរយកទៅឆ្លាក់ដាប់ជាប់នឹងផ្ទាំងប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។

នាថ្ងៃទី១៩ ខែធ្នូនេះ ក្រុមកាងារក៏ចុះសង្គ្រោះត្រីទៅបំពាក់ស្លាកនិងលែងត្រីគល់រាំង ចំនួន១ក្បាល ដែលមានទំងន់៦,២គីឡូក្រាម និងប្រវែង៦៧សង់ទីម៉ែត្រ ក្រោយពីបានទទួលសេចក្តីរាយការណ៍ពីលោកស្រី ញឹក ស៊ីយ៉ុន អាយុ៥៨ឆ្នាំ ម្ចាស់គន្លងដាយ៤ដេ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ក្រុមការងារ បានថ្លែងអំណរគុណដល់ប្រជានេសាទ និងប្រជាជនកម្ពុជាគ្រប់រូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយសម្រួលដល់ក្រុមការងារយើងចុះទៅបំពាក់ស្លាក និងលែងត្រីចូលទៅជម្រកធម្មជាតិវិញ។

បឹងទន្លេសាប គឺជាបេះដូងនៃប្រទេសកម្ពុជា ដែលមានសក្កានុពលសម្រាប់ធនធានជលផលទឹកសាប ហើយបានជួយទ្រទ្រង់សន្តិសុខស្បៀង អាហារូបត្ថម្ភ សេដ្ឋកិច្ច តម្លៃវប្បធម៌ និងសង្គម។

ជាទូទៅ អ្នកនេសាទស្គាល់ត្រីគល់រាំងច្បាស់ តាមរយៈការចំណាំ ភ្នែក និងមាត់របស់វាធំ ព្រមទាំងក្បាលរបស់វាធំជាងខ្លួន។ ត្រីគល់រាំង រស់នៅក្នុងវាលទំនាបលិចទឹកបឹងទន្លេសាប អាងទន្លេមេគង្គ និងដៃទន្លេនានា។ វាអាចធំលូតលាស់ដល់ប្រវែងអតិបរមា ៣០០សង់ទីម៉ែត្រ និងទម្ងន់ ៣០០គីឡូក្រាម។ ត្រីយក្សទឹកសាបមានស្រកាមួយប្រភេទនេះ ស៊ីស្លែ ផ្លែឈើ និងវារិជាតិជាអាហារ។

ចាប់ពីខែមិថុនា ខណៈរដូវវស្សាចូលមកដល់ ត្រីគល់រាំង ក៏ចាប់ផ្តើមធ្វើចរាចរណ៍ផ្លាស់ទីចេញពីអន្លង់ទឹកជ្រៅៗ នៅភាគខាងលើនៃទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ទីដែលពួកវាបានបន្តពូជ, មេត្រីគល់រាំង និងកូនតូចៗ របស់វា បានបណ្តែតខ្លួនចុះមកតាមចរន្តទឹកហូរ ចូលទៅក្នុងបឹងទន្លេសាប និងតាមវាលទំនាបលិចទឹកនានា ដើម្បីរកចំណី និងធំធាត់។ រហូតដល់ខែតុលា ឬ វិច្ឆិកា ខណៈរដូវប្រាំងចូលមកដល់ ទឹកក្នុងបឹងទន្លេសាប ក៏ចាប់ផ្តើមហូរប្រឡប់ចូលក្នុងទន្លេមេគង្គវិញ។ ខណៈនោះ ត្រីគល់រាំងទាំងនោះក្រោយពីបានស្នាក់នៅ និងរកចំណីធំធាត់លូតលាស់ពេញមួយរដូវវស្សា ក៏បានធ្វើចរាចរណ៍ចាកចេញពីបឹងទន្លេសាប ត្រឡប់ចូលទៅក្នុងទន្លេមេគង្គវិញ ដែលភាគច្រើនបានមកដល់នៅមុខព្រះបរមរាជវាំង ត្រូវចំថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

ទាំងនេះជាមោទកភាពជាតិ ដែលប្រជានេសាទតាមសហគមន៍គ្រប់រូបទូទាំងប្រទេស មានការយល់ដឹង និងបានចូលរួមសហការ ដើម្បីថែរក្សាការពារ និងអភិរក្សប្រភេទត្រីកម្រកំពុងរងគ្រោះ ព្រមទាំងធនធានជលផលទឹកសាបផ្សេងទៀត ឱ្យមាននិរន្តរភាព និងឱ្យពួកវានៅតែមានវត្តមានហែលលេងក្នុងទន្លេធម្មជាតិជាដរាបទៅ៕

Post a Comment (0)
Previous Post Next Post