អ្នកជំនាញអះអាង​ថា កម្ពុជា​មាន​​​សិទ្ធិ​ការ​​ប្រើប្រាស់ច្រកសមុទ្រអន្តរជាតិ​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អ្នកជំនាញអះអាង​ថា កម្ពុជា​មាន​​​សិទ្ធិ​ការ​​ប្រើប្រាស់ច្រកសមុទ្រអន្តរជាតិ​


 អ្នក​ជំនាញ​​ក្នុង​ឧស្សាហកម្ម​ដឹក​ជញ្ជូន​ បាននិយាយ​ថា បើ​ទោះបី​ជា​ឈូង​សមុទ្រ​នៅ​ជាប់​ប្រទេស​កម្ពុជាត្រូវ​បាន​គេ​ហៅថា ឈូងសមុទ្រ​ថៃ ប៉ុន្តែ​គឺ​កម្ពុជា​​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ប្រើប្រាស់​ផ្លូវទឹកនេះ ព្រោះ​វា​ជា​ច្រកសមុទ្រដែល​ត្រូវ​បាន​​ប្រើរួមគ្នា​ជាមួយ​ប្រទេស​ជា​ច្រើន​ដូច​ជា ​កម្ពុជា ម៉ាឡេស៊ី វៀតណាម និង​ថៃ។


ការលើកឡើងនេះ​ គឺ​បន្ទាប់​ពី​យោធាថៃ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បានស្នើក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួន ឱ្យទប់ស្កាត់ការផ្គត់ផ្គង់ប្រេង និងសម្ភារយោធាមកកាន់ប្រទេសកម្ពុជា តាមរយៈឈូងសមុទ្រថៃ។​


ប្រភព​ពី​សារព័ត៌មាន​ថៃកាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ បាន​ឱ្យ​ដឹង​ថា យោធាថៃ​បាន​ដាក់សំណើជាបន្ទាន់ទៅកាន់ ក្រុមប្រឹក្សាសន្តិសុខជាតិ(NSC) ដើម្បីបិទឈូងសមុទ្រចំពោះការផ្គត់ផ្គង់ប្រេង និងសម្ភារយោធា​មកកាន់ប្រទេស​កម្ពុជា​ដឹកឆ្លងកាត់ឈូកសមុទ្រ​ថៃ។ 


ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ថា ជាការគោលការណ៍ច្បាប់ ​​ឈូងសមុទ្រថៃ គឺ​គ្រាន់តែជាឈ្មោះ​ប៉ុណ្ណោះ ប៉ុន្តែការប្រើប្រាស់​ច្រកសមុទ្រតាមច្បាប់អន្តរជាតិ​គឺត្រូវប្រើរួមគ្នា​​ដែល​មានប្រទេស​កម្ពុជា ម៉ាឡេស៊ី វៀតណាម និង​ថៃ។​ ចំពោះ ការ​លើក​ឡើង​របស់​ភាគី​ថៃ​នេះ គឺ​​គ្រាន់តែជាសំណើប៉ុណ្ណោះ ដោយ​មិនទាន់មានសេចក្តីសម្រេចជាផ្លូវការនៅឡើយទេ​។


លោកបាន​បន្ថែម​ថា សព្វថ្ងៃ​ ប្រទេសកម្ពុជា​អាចដឹកជញ្ជូនទំនិញចេញ-ចូល ដោយសេរីស្រប​តាម​ច្បាប់​ទៅកាន់​ប្រទេស​នានា​លើ​ពិភពលោក​តាមច្រកសំខាន់ៗ​ពីរគឺ តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ និង​តាមរយៈកំពង់ផែស្វយ័តភ្នំពេញទៅកាន់កំពង់ផែ​ប្រទេសវៀតណាម​ មុន​ពេល​បន្ត​ដំណើរ​ទៅ​សមុទ្រចិនភាគ​ខាងត្បូង​។​


លោកបាន​ថ្លែង​ថា៖​​«ការដឹកជញ្ជូនតាម​ផ្លូវ​ទឹក​​នៅពេលនេះ គឺ​កម្ពុជា​មានការដឹកជញ្ជូន​ទំនិញតាមច្រកពីរដែលសំខាន់ៗ ​គឺតាមរយៈ​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​​ទៅកាន់បណ្តាប្រទេសផ្សេងៗ ​និងការដឹកជញ្ជូន​តាមរយៈ​កំពង់ផែស្វ័យភ្នំពេញ​ឆ្លងកាត់ទៅវៀតណាម មុន​នឹង​បន្តទៅកាន់បណ្តាប្រទេសផ្សេងៗទៀត​ដោយសារប្រទេសវៀតណាម​ មានដែនសមុទ្រដោយអាចទៅខាងសមុទ្រចិនខាងត្បូង រួចចូលទៅសមុទ្រអន្តរជាតិបាន។


លោក​ប្រាប់​ទៀត​ថា សម្រាប់​ការដឹកជញ្ជូន​ផ្លូវទឹកនាពេលនេះ(ថ្ងៃ​ទី​១៦ ខែ​ធ្នូ) គឺមានសភាព​ធម្មតា។​


អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោក ផន រឹម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​ថា ប៉ុន្មានថ្ងៃមកនេះ​ឃើញមាន​កាសែតថៃ​ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមានបិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់​ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកសំអាង​ក្នុងគោលដៅចិញ្ចឹមមហិច្ឆតាឈ្លាន​ពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។


លោក​អះអាង​ថា៖​«​កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួច​រាល់​ឆ្លើយតបគ្រប់ទម្រង់​ចំពោះមហិច្ឆតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ»។ លោកបានបន្ថែម​ថា៖​«កម្ពុជា​មានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា​ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ»៕

Post a Comment (0)
Previous Post Next Post