ក្រសួងបរិស្ថានកំពុងត្រួតពិនិត្យកម្រិតសារធាតុគីមី និងផ្សែងពុល ដើម្បីការពារសុខភាពជនភៀសសឹក
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួងបរិស្ថានកំពុងត្រួតពិនិត្យកម្រិតសារធាតុគីមី និងផ្សែងពុល ដើម្បីការពារសុខភាពជនភៀសសឹក

 ពេញៈ មន្រ្តីជំនាញក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន កំពុងចុះអន្តរាគមន៍បន្ទាន់លើកិច្ចគាំពារបរិស្ថាន ដើម្បីចូលរួមថែទាំសុខភាពនិងអនាម័យបរិស្ថាន នៅតាមតំបន់ជនភៀសសឹក ខណៈពេលដែលកម្ពុជា កំពុងទទួលរងសង្រ្គាមឈ្លានពានទឹកដីពីសំណាក់យោធាថៃ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានឱ្យដឹងថា ដោយមានការណែនាំ និងការយកចិត្តទុកដាក់ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីការពារសុខភាព ទប់ស្កាត់ការបំពុលបរិស្ថាន នៅតាមមូលដ្ឋាន និងមណ្ឌលសុវត្តិភាព ដែលរងគ្រោះដោយសារការបាញ់ផ្លោងរបស់កងទ័ពថៃ នៅតាមបណ្តាខេត្តនានាជាប់ព្រំដែនកម្ពុជា-ថៃ  រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានចាត់បញ្ជូន ក្រុមការងារ ចុះទៅតាមគោលដៅ ដែលរួមមានថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងបរិស្ថាន ចំនួន ៦០នាក់ និងត្រូវបានបែងចែកជាក្រុមប្រតិបត្តិចំនួន ១៤ក្រុម។ 

ក្រុមការងារនេះ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការអន្តរាគមន៍បន្ទាន់លើកិច្ចគាំពារបរិស្ថាន និងយកសំណាកមកវិភាគរកសារធាតុគីមីនិងផ្សែងពុល ដោយសារការធ្វើសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃ មកលើប្រទេសកម្ពុជា តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមបន្ថែមពីមន្ទីរបរិស្ថានខេត្ត អាជ្ញាធរពាក់ព័ន្ធចាប់តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥មក។ ក្នុងនោះរួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង បៃលិន ពោធិ៍សាត់ សៀមរាប និងខេត្តកោះកុង។

លោកបានបន្តថា មន្រ្តីជំនាញទាំងអស់ ត្រូវបានបំពាក់នូវឧបករណ៍បច្ចេកទេស ក្នុងការចុះបំពេញការងារដូចជា៖ ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ ឧបករណ៍យកសំណាកខ្យល់ (សារធាតុគីមីពុល) ឧបករណ៍វាស់សារធាតុគីមីនិងផ្សែងពុល (ម៉ាស៊ីន Detect) ឧបករណ៍ត្រួតពិនិត្យគុណភាពទឹក និងសម្ភារសម្រាប់ការពារខ្លួនមួយចំនួន។  



លោកបញ្ជាក់ថា៖«ជាលទ្ធផល ចាប់ពីថ្ងៃប្រតិបត្តិការរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានត្រួតពិនិត្យគុណភាពខ្យល់ PM2.5 គឺស្ថិតក្នុងកម្រិតស្តង់ដារ តាមតំបន់បងប្អូនភៀសសឹករស់នៅតាមបណ្តាខេត្តដែលទទួលរងគ្រោះ។ ជាមួយគ្នានេះ ការពិនិត្យគុណភាពទឹកនៅតំបន់ភៀសសឹករស់នៅ ក៏បានបង្ហាញឱ្យឃើញលទ្ធផលគុណភាពទឹក ស្ថិតក្នុងកម្រិតស្តង់ដារសម្រាប់សុខភាពសាធារណៈ និងជីវៈចម្រុះ»។ ក្រុមការងារបានបន្តយកសំណាកខ្យល់ និងសារធាតុគីមីពុល ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍បរិស្ថាន ជាបន្តផងដែរ។ 

ដើម្បីធានាដល់ការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានល្អប្រសើរ លោករដ្ឋមន្រ្តីបានផ្តល់ជូនធុងសំរាមនិងសម្ភារដឹកជញ្ជូនសំរាម ដល់រដ្ឋបាលខេត្ត ដែលទទួលរងគ្រោះដោយសង្រ្គាមឈ្លានពានរបស់ប្រទេសថៃ ដើម្បីបញ្ជូនទៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងនោះមាន ធុងសំរាមសរុបចំនួន ៣៥០ធុង ផ្តល់រថយន្តដឹកសំរាមចំនួន ១ គ្រឿង ម៉ូតូដឹកសំរាមចំនួន ២៥ គ្រឿង។ លើសពីនេះ ក្រុមការងារបានចូលរួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថាននៅតាមបណ្តាខេត្តគោលដៅ ធ្វើការអប់រំ ជំរុញចលនាសំអាតអនាម័យបរិស្ថាន ធ្វើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការញែកសំរាម ការថែទាំសុខភាព ចៀសការដុតសំរាម ដុតប្លាស្ទិកជាដើម ជូនដល់បងប្អូនជនភៀសសឹកផងដែរ។ក្រសួងបរិស្ថានបន្តសកម្មភាពដើម្បីភាពស្អាត ភាពបៃតង និងចីរភាព ដែលជាសសរស្តម្ភនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលដាក់ចេញស្របជាមួយគោលនយោបាយនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ក្នុងខណៈនេះ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បន្តមានជំនឿជឿជាក់ជានិច្ចលើរាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា តាមរយៈការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការចូលរួមទប់ស្កាត់ការបំពុលបរិស្ថានធានការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹកឱ្យមានភាពស្អាត មានអនាម័យ និងមានសុខភាពល្អ៕

Post a Comment (0)
Previous Post Next Post