នៅទីបំផុត ទាហានកម្ពុជាចំនួន ១៨នាក់ដែលត្រូវបានទាហានថៃចាប់ខ្លួន ត្រូវបានដោះលែងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ នេះ បន្ទាប់ពីបានជាប់ឃុំអស់រយៈពេល ១៥៥ថ្ងៃ នៅភូមិភាគទី២ របស់ថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដាមក។ ការដោះលែងនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងនៃជម្លោះ ដោយអនុលោមតាមសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ កាលពីថ្ងៃទី២៧ ខែធ្នូ។
ទាហានដែលត្រូវបានដោះលែង បានត្រឡប់មកវិញតាមច្រកទ្វារអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន នៅវេលាម៉ោង ១០ព្រឹកនេះ។ ការដោះលែងនេះធ្វើឡើងមួយថ្ងៃក្រោយកាលកំណត់នៃឱសានវាទ ៧២ម៉ោង ដែលបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ក្នុងអំឡុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា និងសមភាគីថៃ លោក ណាត់ថាផុន ណាកផានិត (Natthaphon Narkphanit) និងពីរថ្ងៃបន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងថា ការវិលត្រឡប់របស់ទាហានយើងទាំង ១៨នាក់ គឺស្ថិតក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។
ការដោះលែងនេះក៏ស្របទៅនឹងស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសមភាគីថៃ លោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul)។
លោកស្រី ម៉ាលី សុជាតា បានថ្លែងថា៖ «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងដំណើរការសម្របសម្រួលដែលនាំឱ្យមានការវិលត្រឡប់ប្រកបដោយជោគជ័យនៅថ្ងៃនេះ»។
លោកស្រីបានបន្តថា៖ «កម្ពុជានៅតែសង្ឃឹមថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត និងភាពជឿជាក់រវាងគ្នាទៅវិញទៅមក។ យើងជឿជាក់ថា ទង្វើនេះបង្កើតនូវបរិយាកាសអំណោយផលដល់សន្តិភាព ស្ថិរភាព និងការវិលទៅរកភាពប្រក្រតីពេញលេញនៃទំនាក់ទំនង ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ នាពេលអនាគតដ៏ខ្លីខាងមុខ»។
គួរបញ្ជាក់ថា ទាហានទាំងនេះត្រូវបានចាប់ខ្លួនមួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ដំបូងនៅខែកក្កដា ដែលកម្ពុជាបានចាត់ទុកទង្វើនេះថាជា «ការចាប់ជាចំណាប់ខ្មាំង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះនៅលើបណ្ដាញសង្គមថា៖ «សូមស្វាគមន៍ យុទ្ធជន ទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព»៕

