ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានថ្លែងនៅថ្ងៃនេះថា ស្របពេលនឹងការអបអរសាទរការឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសកលនេះ អ្នកប្រើប្រាស់សេវារបស់ប្រតិបត្តិករទូរសព្ទចល័តចំនួន ៣ នឹងអាចចាប់ផ្តើមប្រើប្រាស់សេវា 5G បាន ចាប់ពីម៉ោង ០០:០១ នៃថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ នៅតាមទីតាំងជាក់លាក់មួយចំនួន។
យោងតាមក្រសួងដដែល ក្រុមហ៊ុនទូរស័ព្ទចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) នឹងអាចចាប់ផ្តើមប្រើប្រាស់សេវា 5G បាននៅដំណាក់កាលដំបូង ដែលមាននៅរាជធានី ភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកំពត។
ក្រសួងបានបន្តថា ជាជំហានៗបន្តទៀត វិសាលភាពគ្របដណ្តប់នៃសេវា 5G នឹងពង្រីកឱ្យបានកាន់តែទូលំទូលាយទាំងនៅភ្នំពេញនិងទៅកាន់គ្រប់បណ្តាខេត្តផ្សេងទៀតនៅទូទាំងប្រទេស។
សេចក្ដីជូនដំណឹងរបស់ក្រសួងថ្លែងថា៖ «សេវា 5G នឹងចូលរួមចំណែកយ៉ាងសំខាន់ៗក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមរយៈការផ្តល់មកនូវអត្ថប្រយោជន៍ជាច្រើន ដូចជា សេវាអ៊ីនធឺណិតមានល្បឿនលឿនជាងសេវា 4G ការតភ្ជាប់ឧបករណ៍បានច្រើនក្នុង ពេលតែមួយ រយៈពេលនៃការឆ្លើយតប (Latency) មានកម្រិតទាប និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់ សេវាសាធារណៈឌីជីថល ជាដើម»។
ក្រសួងបន្តថា សេវា 5G មិនមែនត្រឹមតែមាន អ៊ុនធឺណិតល្បឿនលឿន ប៉ុណ្ណោះទេ សេវានេះនឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ ព្រះរាជាណាចក្រកម្ពុជា៕

