ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសសម្រេចពន្យារពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុល «ដោយគ្មានកាលកំណត់» ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ ក្រោយពីមានសង្រ្គាមព្រំដែន។
ការប្រកាសសម្រេចនេះ ធ្វើឡើងទៅតាមអនុសាសន៍របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅក្នុងសម័យប្រជុំលើកទី៥ អាណត្តិទី៤ នាថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានផ្តល់អនុសាសន៍ថា ចំពោះការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ ឆ្នាំ ដែលត្រូវដំ
ណើរការ ក្នុងរយៈពេល៣១ថ្ងៃជាកំហិត គិតចាប់ពី ថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២៦នេះ, ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានផ្តល់យោបល់ឱ្យ ACU សូមឱ្យកងកម្លាំងប្រដាប់អាវុធ ដែលជាប់ដៃនៅសមរភូមិមុខ ហើយជាប់កាតព្វកិច្ចប្រកាសទ្រព្យ (ពីថ្នាក់វរៈ សេនីយ៍ឯកឡើង) អាចពន្យារពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយគ្មានការកំណត់ពេលវេលា។ថ្នាក់ដឹកនាំ ACU ដែលពាក់ព័ន្ធ និងនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេច នេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ តទៅ។
ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃ ACU ក៏បានឱ្យដឹងដែរថា គិតត្រឹមម៉ោង១១ថ្ងៃត្រង់នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងខេត្តមណ្ឌលគិរី បានបញ្ចប់ការប្រកាសទាំងស្រុង ១០០% ដែលនាំឱ្យវឌ្ឍនភាពការងារ នៃការមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទូទាំងប្រទេស បានចំនួន ៦ ៩០២ រូបរូប ស្មើនឹង ៣៤,៧២% នៃចំនួនត្រូវប្រកាសសរុប ១៩ ៨៨៧រូប។
ពេញមួយខែមករា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ក៏បានអញ្ជើញអ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលមកធ្វើការប្រកាសស្របតាមច្បាប់កំណត់ឱ្យបានរួសរាន់ នៅថ្ងៃណាក៏បាន ៧ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍-អាទិត្យ និងថ្ងៃបុណ្យឡើយ។
ACU ក៏បានឱ្យដឹងដែរថា ក្នុងឆ្នាំ២០២៥ គិតទាំងការប្រកាសទ្រព្រសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ (២២ ៣៥៣ រូប) តែងតាំងថ្មី (១ ១៤៤ រូប) លាលែង ចប់អាណត្តិ (៤០៨ រូប) បញ្ឈប់ពីតំណែង (១២ រូប) ចូលនិវត្តន៍ (៥៥៥ រូប)ជាដើម សរុបអ្នកដែលបានទៅប្រកាសទ្រព្យសម្បត្តិ និងបំណុលមានចំនួន ២៤ ៤៧៨ រូប។
ដោយឡែកក្នុងខែធ្នូនេះ មន្ត្រីចំនួន ១២៧ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រី ទើបទទួលបានការតែងតាំងថ្មីចំនួន ៦១ រូប, មន្ត្រី២ រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៤៦ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍ និងចប់អាណត្តិ៕

