កម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិជិត ១ លាននាក់ ពីការទិញសំបុត្រចូលទស្សនាអង្គរ បង្កើតចំណូលរដ្ឋជិត ៤៥ លានដុល្លារ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិជិត ១ លាននាក់ ពីការទិញសំបុត្រចូលទស្សនាអង្គរ បង្កើតចំណូលរដ្ឋជិត ៤៥ លានដុល្លារ

 ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៦ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិជាង ៩៥ ម៉ឺននាក់ (៩៥៥១៣១) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលនាំឱ្យកម្ពុជារកចំណូលបានជិត ៤៥ លានដុល្លារ (៤៤ ៧១១៦៧៥) នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះ ៦,៥១% ធៀបនឹងឆ្នាំ ២០២៤។

របាយការណ៍គ្រឹះស្ថានអង្គរបង្ហាញថា សម្រាប់តែមួយខែធ្នូ ឆ្នាំ ២០២៥ ភ្ញៀវទេសចរអន្តរជាតិចំនួន ៨៧ ៩៣៦ នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ គិតជាចំណូលប្រមាណ ៤,២ លានដុល្លារ ធ្លាក់ចុះ ២៨,៥១%។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) លោក ធួន ស៊ីណាន មានប្រសាសន៍ថា កត្តាសេដ្ឋកិច្ចសាកលក៏ជះឥទ្ធិពលដល់កំណើនភ្ញៀវទេសចរ ដូចជាចិន ក៏បានកាត់បន្ថយការធ្វើដំណើរ ខណៈប្រទេសដែលធ្លាប់តែទទួលទេសចរចិនក៏មានការធ្លាក់ចុះដែរ ហើយទេសចរអឺរ៉ុប ក៏កាត់បន្ថយដំណើរផ្លូវឆ្ងាយ ដោយសារតែកត្តាសេដ្ឋកិច្ច ជំងឺឆ្លង និងគ្រោះធម្មជាតិ។

លោក ធួន ស៊ីណាន យល់ឃើញថា ការធ្លាក់ចុះកម្រិតនេះ មិនអាក្រទេ សម្រាប់កម្ពុជា តែអ្វីដែលយើងត្រូវធ្វើគឺរដ្ឋ និងឯកជនត្រូវសហការគ្នារួមគ្នាផ្សព្វផ្សាយ ដូរពីទម្លាប់ពឹងដង្ហើមអ្នកដ៏ទៃដក ប្ដូរមកដកដង្ហើមខ្លួនឯងវិញ។

ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប លោក ខៀវ ធី បានឱ្យដឹងថា ការអូសបន្លាយនៃសង្គ្រាមកម្ពុជា-ថៃបានធ្វើឱ្យភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាបធ្លាក់ចុះ។

លោកប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្ត បានបន្ថែមថា បច្ចុប្បន្នភ្ញៀវទេសចរដែលចូលមកលេងខេត្តសៀមរាប គឺចាប់ផ្តើមមានការធ្លាក់ចុះជាបណ្តើរៗហើយ ក្នុងនោះការកក់ថ្មីៗ ក៏លែងមាន ហើយការកក់ចាស់ៗ ក៏ចាប់ផ្តើមលុបជាបណ្តើរៗ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងសារជាថ្មី។

គិតត្រឹម ១១ ខែ ឆ្នាំ ២០២៥ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៥ លាននាក់ ធ្លាក់ចុះ ១៣,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដោយសារបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងភាពតានតឹងព្រំដែនកម្ពុជា-ថៃ។

ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៥,១ លាននាក់ ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី១ ចំនួនជាង ១,១ លាននាក់ ធ្លាក់ចុះ ៧,៣% ចិន ១,១ លាននាក់ កើនឡើង ៤៣,៥% ថៃ ១ លាននាក់ ធ្លាក់ចុះ ៤៧% អាមេរិកជាង ១៨ ម៉ឺននាក់ ធ្លាក់ចុះ ២,៧% កូរ៉េជាង ១៤ ម៉ឺននាក់ ធ្លាក់ចុះ ១៦%៕


Post a Comment (0)
Previous Post Next Post