ឃ្លាំងមួយនៅក្រុងប៉ោយប៉ែត ត្រូវបានកម្ទេចដោយ F-16 របស់ថៃ នៅថ្ងៃទី១៨ ខែធ្នូ។ នេត្រ ភ័ក្ត្រា
ការវាយប្រហារផ្លូវអាកាសរបស់ថៃលើកម្ពុជាមិនបានបញ្ឈប់ទេ ដោយមានការទម្លាក់គ្រាប់បែកជាថ្មីត្រូវបានរាយការណ៍ថាធ្វើឡើងនៅក្នុងខេត្តព្រះវិហាររសៀលថ្ងៃទី១៩ ធ្នូនេះ។
យោងតាមក្រសួងការពារជាតិ ការទម្លាក់គ្រាប់បែកចុងក្រោយបានកើតឡើងនៅម៉ោង ៣:៣០នាទី រសៀល ដោយកងទ័ពអាកាសថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីទម្លាក់គ្រាប់បែកនៅស្រុកជាំក្សាន្ត នៅតំបន់ពាក់ស្បែក។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភ័ក្ត្រា បានបង្ហោះសារលើម្បីបដិសេធការអះអាងរបស់យោធាថៃដែលថាពួកគេបានទម្លាក់គ្រាប់បែកតែលើទីតាំងយោធាប៉ុណ្ណោះ។ លោកបានបង្ហាញរូបភាពដ៏សោកនាដកម្មជាច្រើនទៀតនៃឃ្លាំងរថយន្តមួយក្នុងទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវបានទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 របស់ថៃកាលពីថ្ងៃទី១៩ ខែធ្នូ។
លោកបានថ្លែងថា៖ «យោធាថៃបានអះអាងថា ប្រតិបត្តិការទម្លាក់គ្រាប់បែករបស់ខ្លួនបានកំណត់គោលដៅទីតាំងយោធា។ ប៉ុន្តែតាមពិត យន្តហោះចម្បាំង F-16 បានទម្លាក់គ្រាប់បែកនៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ ដែលវាយប្រហារតំបន់ស៊ីវិល»។
លោកបន្តថា៖«យោធាថៃបានកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយចេតនាក្នុងការវាយប្រហារដ៏កាចសាហាវរបស់ខ្លួនប្រឆាំងនឹងទឹកដីកម្ពុជា។ ទង្វើនៃការឈ្លានពានប្រដាប់អាវុធដោយយោធាថៃទាំងនេះបង្កើតជាការរំលោភច្បាប់អន្តរជាតិ ដែលប្រទេសថៃទទួលខុសត្រូវពេញលេញ និងច្បាស់លាស់»៕

