ចំណូលដែលគ្រឹះស្ថានអង្គរ(Angkor Enterprise)រកបានពីការលក់សំបុត្រឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ និងតំបន់មួយចំនួន ក្នុងឆ្នាំ២០២៥ មានទឹកប្រាក់សរុប ៤៦,៩៩ លានដុល្លារ ថយចុះជិត ២ លានដុល្លារបើធៀបនឹងឆ្នាំ២០២៤ ដែលមាន ៤៨,៩៥ លានដុល្លារ។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបឹងមាលា, ភ្នំក្បាលស្ពាន និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
សម្រាប់តម្លៃតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥ មានភ្ញៀវទេសចរអន្តរជាតិ ៩៥៥ ១៣១ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលធ្វើឱ្យអង្គភាពមួយនេះប្រមូលប្រាក់បាន ៤៤,៧១ លានដុល្លារ។ បើធៀបនឹងឆ្នាំ២០២៤ គឺចំនួនភ្ញៀវទិញសំបុត្រ បានធ្លាក់ចុះ ៦,៧% និងប្រាក់ពីការលក់សំបុត្រធ្លាក់ចុះ ៦,៥១%។
ក្រៅពីលក់សំបុត្រចូលតំបន់រមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីប្រភព ៤ ផ្សេងទៀតដែលស្មើនឹងទឹកប្រាក់ជិត ២,២៨ លានដុល្លារ ដោយក្នុងនោះតំបន់ប្រាសាទកោះកែរ មានទឹកប្រាក់ ៣០៣ ៩៧៥ ដុល្លារ, ប្រាសាទបេងមាលា ១៦៥ ៨៥០ ដុល្លារ, ភ្នំក្បាលស្ពាន ៧ ៩៩៥ ដុល្លារ និងតំបន់កំពង់ផែចុងឃ្នៀស ១,៨ លានដុល្លារ។
ប្រធានសមាគមមគ្គុទ្ទេសក៏ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចសកល ជម្លោះប្រដាប់អាវុធ និងការទូតរវាងប្រទេសមួយចំនួន ព្រមទាំងវិបត្តិព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយយោធាថៃ បានធ្វើឱ្យស្ថានភាពនៃវិស័យទេសចរណ៍ពិភពលោក រួមទាំងកម្ពុជាក្នុងឆ្នាំ២០២៥ មិនសូវល្អឡើយ។ លោកបន្តថា សម្រាប់វិស័យទេសចរណ៍កម្ពុជាឆ្នាំ២០២៦ នេះគឺអាចល្អប្រសើរជាងឆ្នាំ២០២៥ ដោយបច្ចុប្បន្នគេសង្កេតឃើញមានជើងហោះហើរត្រង់ជាមួយប្រទេសជាច្រើន ទាំងក្នុងតំបន់អាស៊ាន ប្រទេសចិន ជប៉ុន ឥណ្ឌា អារ៉ាប់រួមអេមីរ៉ាត និងតួតគីយ៉េ ជាដើម។
លោកបានថ្លែងថា៖«ខ្ញុំមានសុទិដ្ឋនិយមថា ក្នុងឆ្នាំ២០២៦ នេះវិស័យទេសចរណ៍កម្ពុជានឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៥ ជាពិសេសគឺនឹងមានភ្ញៀវមកពីប្រទេសឥណ្ឌា និងចិនកាន់តែច្រើន»។
ដើម្បីបង្កើនសក្តានុពលទាក់ទាញភ្ញៀវទេសចរចិនឱ្យមកកម្សាន្តនៅប្រទេសកម្ពុជាកាន់តែច្រើន រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែធ្នូ ឆ្នាំ២០២៥ បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនចូលមកកម្ពុជាសម្រាប់រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០២៦។
លិខិតជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពផ្តល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃឡើយ គឺគ្រាន់តែបំពេញ E-arrival card។
លិខិតបញ្ជាក់ថា៖«ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន»។
លិខិតបន្តទៀតថា រដ្ឋាភិបាលអនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្នើនិងចរចាជាមួយភាគីរដ្ឋាភិបាលចិនឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ភ្ញៀវទេសចរខ្មែរទៅប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្តងនាពេលអនាគត។ ដើម្បីមានប្រសិទ្ធភាព គួរសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយទៅគោលដៅចិនឱ្យបានល្អ និងឆាប់រហ័ស៕

